រុស្ស៊ី​ថ្កោលទោស​ក្រុម​ឧទ្ទាម​ដែល​បាញ់​ផ្លោង​គ្រាប់​ដាក់​ស្ថានទូត​របស់ខ្លួន​នៅ​ស៊ី​រី
  • ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ៣:១៤ នាទី រសៀល
រុស្ស៊ី​ថ្កោលទោស​ក្រុម​ឧទ្ទាម​ដែល​បាញ់​ផ្លោង​គ្រាប់​ដាក់​ស្ថានទូត​របស់ខ្លួន​នៅ​ស៊ី​រី


រដ្ឋាភិបាល​រុស្ស៊ី​ខឹងសម្បារ​ជាខ្លាំង​ក្រោយ​មានការ​វាយប្រហារ​ដោយ​គ្រាប់ផ្លោង​ប្រឆាំង​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ស៊ី​រី​ក្នុង​រដ្ឋធានី​ដា​ម៉ាស​កាលពី​ម្សិលមិញ។ គ្រាប់ផ្លោង​បាញ់​ចេញពី​តំបន់​ដែល​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់​កាន់កាប់ ហើយ​គេ​សង្ស័យថា​ក្រុម​ទាំងនោះ​ជា​អ្នកបាញ់​គ្រាប់ផ្លោង​នោះ។ រុស្ស៊ី​បាន​ថ្កោលទោស និង​ចា​ត​ទុក​ការវាយប្រហារ​ជា​សកម្មភាព​ភេរវកម្ម និង​មិនអាច​លើកលែង​បានឡើយ។
TTN-Free-Banner-In-Article-PC

លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ដា​ម៉ាស​បាន​រង​ការខូចខាត​យ៉ាងដំណំ​ដោយសារ​ការ​ផ្លោង​គ្រាប់​របស់​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ម្សិលមិញ។ បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អាជ្ញាធរ​តំបន់ និង​ក្រសួងការបរទេស​រុស្ស៊ី ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​ខូចខាត​សំណង់​អាគារ​ទូត​រុស្ស៊ី ប៉ុន្តែ​សំណាងល្អ​មិនមាន​មន្ត្រី​ទូត​ណា​ម្នាក់​របួស​ឬ​ស្លាប់​ឡើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​រុស្ស៊ី​បានបង្ហាញ​កំហឹង​ចំពោះ​ជន​ដែល​ហ៊ាន​វាយប្រហារ​ស្ថានទូត​រុស្ស៊ី និង​ប្រកាស​ថ្កោលទោស​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ផងដែរ។

បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការ​ការបរទេស​រុស្ស៊ី ការវាយប្រហារ​ដោយ​បាញ់​គ្រាប់ផ្លោង​នេះ កើតឡើង​កាលពី​ម្សិលមិញ ហើយ​គ្រាប់​បាញ់​ផ្លោង​បាន​ចេញពី​តំបន់ Jobarដែល​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល។ ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​ថ្កោលទោស​សកម្មភាព​វាយប្រហារ​ប្រតិបត្តិការ​និង​បេសកម្ម​ការទូត​រុស្ស៊ី ដោយ​រុស្ស៊ី​ចាត់ទុក​ទង្វើ​នេះ​ជា​សកម្មភាព​ភេរវកម្ម​ផងដែរ។  គេ​មិនទាន់​អាចសន្និដ្ឋាន​បាន​ច្បាស់​នៅឡើយ​ទេ​ថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​ឲ្យ​ពិតប្រាកដ ប៉ុន្តែ​ដោយសារ​ការបាញ់​ផ្លោង​ចេញពី​តំបន់​របស់​ក្រុម​ឧទ្ទាម ដូច្នេះ​គេ​ដាក់​ការសង្ស័យ​លើ​ក្រុម​ឧទ្ទាម​តែម្តងទៅ។ ហើយ​ម្យ៉ាង​ដោយសារ​ក្រុម​ឧទ្ទាម​មាន​ច្រើន​ក្រុម គេ​ក៏​នៅ​មិនអាច​ដឹងបាន​ឡើយ​ដែរ ថា​ក្រុម​ឧទ្ទាម​ទាំងនោះ​ស្ថិតក្រោម​ការជួយ​គាំទ្រ​របស់លោក​ខាងលិច​ឬ​យ៉ាងណា​នោះទេ។

ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុមប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ កើនឡើង​ច្រើន និង​បន្ត​វាយប្រហារ​កង​ម្លាំ​ង​រដ្ឋាភិបាល​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ​បច្ចុប្បន្ននេះ។ សូម​រម្លឹក​ផងដែរ​ថា សហរដ្ឋអាមេរិក​និង​លោកខាងលិច​មួយចំនួន​ជា​ប្រទេស​សកម្ម​ជា​គេ​ដែល់​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដល់​កងកម្លាំង​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម ដើម្បី​ប្រយុទ្ធ។ 

ក្រៅពី​ថ្កោលទោស​ករណី​ភេរវកម្ម អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោក AleksandrLukashevich បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ផងដែរ ដោយ​រដ្ឋាភិបាល​នេះ​បានប្រកាសថា​ខ្លួន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​ដា​ម៉ាស​ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរវជន។ លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​បន្ត​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ក្រុមប្រឹក្សាសន្តិសុខ ឲ្យ​សហការគ្នា​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន និង​ការពារ​សន្តិសុខ សន្តិភាព​ពិភពលោក។

ក្រោយ​ការវាយប្រហារ​ស្ថានទូត​រុស្ស៊ី រដ្ឋាភិបាល​ស៊ី​រី ប្រញាប់ប្រញាល់​ឆ្លើយតបភ្លាមៗ ដោយ​សន្យាថា​នឹង​បង្កើន​ការការពារ និង​រឹតបន្តឹង​សន្តិសុខ​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ការពារ​ស្ថានទូត​និង​មន្ត្រី​ទូត​រុស្ស៊ី​នៅក្នុង​ប្រទេស​ខ្លួន៕



អ្នកសរសេរអត្ថបទ

សៅ ផលនិស្ស័យ ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស​ Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។​​​ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និង​សិក្សា​អន្តរជាតិ​ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com

សៅ ផលនិស្ស័យ (Sao Phal Niseiy)