រុស្ស៊ីថ្កោលទោសក្រុមឧទ្ទាមដែលបាញ់ផ្លោងគ្រាប់ដាក់ស្ថានទូតរបស់ខ្លួននៅស៊ីរី
- ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ៣:១៤ នាទី រសៀល

រដ្ឋាភិបាលរុស្ស៊ីខឹងសម្បារជាខ្លាំងក្រោយមានការវាយប្រហារដោយគ្រាប់ផ្លោងប្រឆាំងស្ថានទូតរុស្ស៊ីប្រចាំប្រទេសស៊ីរីក្នុងរដ្ឋធានីដាម៉ាសកាលពីម្សិលមិញ។ គ្រាប់ផ្លោងបាញ់ចេញពីតំបន់ដែលក្រុមប្រដាប់អាវុធខុសច្បាប់កាន់កាប់ ហើយគេសង្ស័យថាក្រុមទាំងនោះជាអ្នកបាញ់គ្រាប់ផ្លោងនោះ។ រុស្ស៊ីបានថ្កោលទោស និងចាតទុកការវាយប្រហារជាសកម្មភាពភេរវកម្ម និងមិនអាចលើកលែងបានឡើយ។

លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាសបានរងការខូចខាតយ៉ាងដំណំដោយសារការផ្លោងគ្រាប់របស់កងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលស៊ីរីម្សិលមិញ។ បើតាមការឲ្យដឹងពីសំណាក់អាជ្ញាធរតំបន់ និងក្រសួងការបរទេសរុស្ស៊ី ការវាយប្រហារនេះបានធ្វើឲ្យខូចខាតសំណង់អាគារទូតរុស្ស៊ី ប៉ុន្តែសំណាងល្អមិនមានមន្ត្រីទូតណាម្នាក់របួសឬស្លាប់ឡើយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលរុស្ស៊ីបានបង្ហាញកំហឹងចំពោះជនដែលហ៊ានវាយប្រហារស្ថានទូតរុស្ស៊ី និងប្រកាសថ្កោលទោសអ្នកនៅពីក្រោយការវាយប្រហារនេះផងដែរ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការការបរទេសរុស្ស៊ី ការវាយប្រហារដោយបាញ់គ្រាប់ផ្លោងនេះ កើតឡើងកាលពីម្សិលមិញ ហើយគ្រាប់បាញ់ផ្លោងបានចេញពីតំបន់ Jobarដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ បានថ្កោលទោសសកម្មភាពវាយប្រហារប្រតិបត្តិការនិងបេសកម្មការទូតរុស្ស៊ី ដោយរុស្ស៊ីចាត់ទុកទង្វើនេះជាសកម្មភាពភេរវកម្មផងដែរ។ គេមិនទាន់អាចសន្និដ្ឋានបានច្បាស់នៅឡើយទេថា អ្នកណាជាអ្នកនៅពីក្រោយនៃការវាយប្រហារឲ្យពិតប្រាកដ ប៉ុន្តែដោយសារការបាញ់ផ្លោងចេញពីតំបន់របស់ក្រុមឧទ្ទាម ដូច្នេះគេដាក់ការសង្ស័យលើក្រុមឧទ្ទាមតែម្តងទៅ។ ហើយម្យ៉ាងដោយសារក្រុមឧទ្ទាមមានច្រើនក្រុម គេក៏នៅមិនអាចដឹងបានឡើយដែរ ថាក្រុមឧទ្ទាមទាំងនោះស្ថិតក្រោមការជួយគាំទ្ររបស់លោកខាងលិចឬយ៉ាងណានោះទេ។
ក្រុមឧទ្ទាមជាច្រើនក្រុមប្រឆាំងរដ្ឋាភិបាលលោក បាសា អាល់អាសាដ កើនឡើងច្រើន និងបន្តវាយប្រហារកងម្លាំងរដ្ឋាភិបាលដើម្បីផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ននេះ។ សូមរម្លឹកផងដែរថា សហរដ្ឋអាមេរិកនិងលោកខាងលិចមួយចំនួនជាប្រទេសសកម្មជាគេដែល់ផ្តល់ជំនួយហិរញ្ញវត្ថុ និងអាវុធយុទ្ធភ័ណ្ឌដល់កងកម្លាំងក្រុមឧទ្ទាមជាច្រើនក្រុម ដើម្បីប្រយុទ្ធ។
ក្រៅពីថ្កោលទោសករណីភេរវកម្ម អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក AleksandrLukashevich បានឲ្យដឹងថា រដ្ឋាភិបាលក្រុងម៉ូស្គូក៏បានបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលក្រុងដាម៉ាសផងដែរ ដោយរដ្ឋាភិបាលនេះបានប្រកាសថាខ្លួនបន្តសហការជាមួយអាជ្ញាធរក្រុងដាម៉ាសដើម្បីតាមកម្ចាត់ក្រុមភេរវជន។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីបន្តអំពាវនាវឲ្យភាគីពាក់ព័ន្ធជាពិសេសក្រុមប្រឹក្សាសន្តិសុខ ឲ្យសហការគ្នាដើម្បីកម្ចាត់ក្រុមភេរវជន និងការពារសន្តិសុខ សន្តិភាពពិភពលោក។
ក្រោយការវាយប្រហារស្ថានទូតរុស្ស៊ី រដ្ឋាភិបាលស៊ីរី ប្រញាប់ប្រញាល់ឆ្លើយតបភ្លាមៗ ដោយសន្យាថានឹងបង្កើនការការពារ និងរឹតបន្តឹងសន្តិសុខតាមដែលអាចធ្វើទៅបានដើម្បីការពារស្ថានទូតនិងមន្ត្រីទូតរុស្ស៊ីនៅក្នុងប្រទេសខ្លួន៕
អ្នកសរសេរអត្ថបទ
សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និងសិក្សាអន្តរជាតិ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com