ព្រះមហាក្សត្រទទួលព្រះរាជបរមងារកិត្តិយស «ព្រះស្រីលោកធម្មិករាជ»
- ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១២:៣៣ នាទី រសៀល

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែព្រះរាជបរមងារថ្វាយព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី៣មិថុនា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលប្រកាសអំពីការបិទចរាចរណ៍លើកំណាត់ផ្លូវមួយចំនួនតាំងពីថ្ងៃទី២មិថុនា នៅជុំវិញព្រះបរមរាជវាំង។

ព្រះមហាក្សត្រ នឹងទទួលបានព្រះរាជបរមងារកិត្តិយស «ព្រះស្រីលោកធម្មិករាជ»។ ព្រះរាជពិធីដង្ហែព្រះបរមងារ នឹងត្រូវរៀបចំធ្វើនៅព្រឹកថ្ងៃទី៣មិថុនា ចាប់ពីម៉ោង៧ព្រឹក រហុតដល់ម៉ោង១១ ដោយក្បួនដង្ហែនឹងត្រូវចាប់ផ្តើមពីមហាវិថីព្រះសុធារស ចាប់ពីនាគបាញ់ទឹកឆ្ពោះទៅកាន់ព្រះបរមរាជវាំង។
សេចក្តីជូនដំណឹងរបស់សាលារាជធានីសរសេរថា នៅថ្ងៃទី២មិថុនា អាជ្ញាធរនឹងបិទចរាចរណ៍ទាំងស្រុងកំណាត់តិរវិថីព្រះស៊ីសុវត្ថិ (មុខព្រះបរមរាជវាំង) និងកំណាត់វិថីព្រះសុធារសចម្លោះផ្លូវលេខ១៨២ និងផ្លូវលេខ២៤០ ។ រីឯថ្ងៃទី៣មិថុនាចាប់ពីម៉ោង៧ដល់ម៉ោង១១ អាជ្ញាធរនឹងបិទចរាចរណ៍ទាំងស្រុងនៅមុខព្រះបរមរាជវាំង និងបរិវេណប្រារព្ធពិធីតាមដងវិថីជុំវិញទីតាំងពិធី។ ដោយឡែក ចាប់ពីម៉ោង៦ល្ងាចនៅថ្ងៃទី៣មិថុនានោះ ដល់ម៉ោង៨យប់ ការចរាចរណ៍ជលយាន្ត និងកាណូតទេសចរណ៍គ្រប់ប្រភេទនៅលើទន្លេចតុមុខ នឹងត្រូវបិទ ដើម្បីអុជកាំជ្រួចនៅមុខព្រះបរមរាជវាំង អបអរសាទរព្រះរាជពិធីថ្វាយព្រះបរមងារដល់ព្រះមហាក្សត្រ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com