កូរ៉េខាងត្បូង​ស្ថិតក្នុង​ចំណោម​ប្រទេស ១០ ដែលមាន​អត្រា​ជន​អត់ឃ្លាន​ច្រើនជាងគេ
  • ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥ ​​ ម៉ោង ១០:៤០ នាទី យប់
កូរ៉េខាងត្បូង​ស្ថិតក្នុង​ចំណោម​ប្រទេស ១០ ដែលមាន​អត្រា​ជន​អត់ឃ្លាន​ច្រើនជាងគេ

របាយការណ៍​ប្រចាំឆ្នាំ ស្ដីពី​ភាពអត់ឃ្លាន​ដែល​ចេញផ្សាយ​ដោយ​អង្គការសហប្រជាជាតិ បាន​បង្ហាញថា គិត​មកដល់​ពេលបច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ជាង ៧៩៥ លាន​នាក់​នៅ​ទូទាំង​ពិភពលោក កំពុង​ទទួលរង​កង្វះ​អាហារូបត្ថម្ភ។ក្នុងចំណោម​ប្រទេស​មាន​ភាពអត់ឃ្លាន​ទាំងនោះ កូរ៉េខាងត្បូង​ក៏​ជាប់​ក្នុងចំណោម​ប្រទេស ១០ ដែលមាន​ប្រជាជន​ជួប​គ្រោះ​អត់ឃ្លាន ច្រើនជាងគេ​នៅលើ​ពិភពលោក​ផងដែរ។ នេះ​បើ​យោងតាម​កាសែត independent ។
TTN-Free-Banner-In-Article-PC


កាសែត​ខាងលើ​ក៏បាន​រាយការណ៍​ថា របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) បានបង្ហាញ​ពី​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់ នៃ​ចំនួន​ប្រជាជន​ដែលមាន​ភាពអត់ឃ្លាន បើ​ធៀប​ទៅនឹង ២៥ ឆ្នាំមុន ដែល​ប្រជាជន​អត់ឃ្លាន​មាន​ច្រើន​ដល់​ជាង ១ ពាន់​លាន​នាក់​នោះ។

ការរីកចម្រើន​គួរឱ្យកត់សម្គាល់ នៃ​ការកាត់បន្ថយ​ចំនួន​ប្រជាជន​ខ្វះ​អាហារូបត្ថម្ភ គឺ​ស្ថិតនៅ​តំបន់​អាមេរិក​ឡាទីន តំបន់​ឈូង​កា​រា​បៀ​ន​អាស៊ី​បូព៌ា​អាស៊ីអាគ្នេយ៍​និង​អាស៊ី​កណ្តាល ជាដើម។ទោះយ៉ាងណា​បើ​ក៏ដោយ ទោះបីជា​ការថយចុះ​នៃ​ចំនួន​ប្រជាជន​ខ្វះ​អាហារូបត្ថម្ភ​នេះ​ក៏ដោយ ក៏​របាយការណ៍​នេះ​បានកត់សម្គាល់​ឃើញថា​ប្រទេស​មួយចំនួន​នៅក្នុង​ទ្វីបអាហ្វ្រិក​នៅតែ​បន្ត​ប្រឈម​នឹង​វិបត្តិ​ស្បៀងអាហារ។

ខាងក្រោម​នេះ​គឺជា​ប្រទេស ១០ ដែលមាន​ចំនួន​ប្រជាជនមាន​ភាពអត់ឃ្លាន​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក គិត​ជា​ភាគរយ​ធៀប​នឹង​ប្រជាជន​ដែលមាន​កង្វះ​អាហារូបត្ថម្ភ៖
ទី១៖ ប្រទេស ហៃ​ទី មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៥៣,៤ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ៥,៧ លាន​នាក់។
ទី២៖ ប្រទេស សំ​ប៊ី​វ មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៤៧,៨ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ៧,៤ លាន​នាក់។
ទី៣៖ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៤៧,៧ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ២,៣ លាន​នាក់។
ទី៤៖ ប្រទេស ណា​មី​ប៊ី​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៤២,៣ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ១ លាន​នាក់។
ទី៥៖ ប្រទេស កូរ៉េខាងត្បូង​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៤១,៦ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ១០,៥ លាន​នាក់។
ទី៦៖ ប្រទេស ឆាដ មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៣៤,៤ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ៤,៧ លាន​នាក់។
ទី៧៖ ប្រទេស ហ្ស៊ី​ម​បា​វេ​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៣៣,៤ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ៥លាន​នាក់។
ទី៨៖ ប្រទេស តាជី​គី​ស្ថាន​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៣៣,២ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ២,៩លាន​នាក់។
ទី៩៖ ប្រទេស ម៉ា​ដា​ហ្គា​ស្ការ​មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៣៣ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ៨ លាន​នាក់។
ទី១០៖ ប្រទេស តង់​ហ្សា​នី មាន​អត្រា​ប្រជាជន​អត់ឃ្លាន ៣២,១ ភាគរយ​ក្នុងចំណោម​ប្រជាជន​កង្វះ​អាហារូបត្ថម្ភ ១៦,៨ លាន​នាក់៕
  អត្តបទដកស្រង់ចេញពី The Independent:  www.independent.co.uk/news/world/the-20-countries-where-more-than-1-in-4-people-go-hungry-10279222.html


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

បាន សំរេច