ចិនកាត់ទោសប្រហារជីវិតគ្រូបង្រៀនម្នាក់ បន្ទាប់ពីគាត់បានចាប់រំលោភសិស្ស ២៦នាក់
- ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ១០:២០ នាទី ព្រឹក

អតីតគ្រូបង្រៀនសាលាបឋមមួយនៅក្នុងប្រទេសចិនត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថាគ្រូបង្រៀននោះធ្លាប់ចាប់រំលោភសិស្ស ២៦ នាក់ដែលក្នុងនោះមានសិស្សខ្លះអាយុត្រឹមតែ៤ ឆ្នាំប៉ុណ្ណោះ។ សំណុំរឿងមួយនេះគឺបានបង្ហាញពីភាពងាយរងគ្រោះរបស់កុមារនៅតាមជនបទក្នុងប្រទេសចិន ដែលឪពុកម្តាយទុកចោលដើម្បីទៅស្វែងរកការងារធ្វើនៅទីក្រុង។

យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua តុលាការប្រជាជននៅភាគខាងលិចខេត្តក្រីក្រGansuបានអនុវត្តការផ្តន្ទាទោសប្រហារជីវិត ទៅលើលោកLi Jishun បន្ទាប់ពីតុលាការកំពូលប្រជាជនចិន បានរក្សាសេចក្ដីសម្រេចរបស់តុលាការខេត្តនៅដដែលមក។បើតាមការប្រកាសរបស់តុលាការ លោកLi Jishun ធ្លាប់បានចាប់រំលោភសិស្សរបស់គាត់នៅក្នុងថ្នាក់រៀន នៅក្នុងអន្តេវាសិកដ្ឋាននិងតំបន់ព្រៃជុំវិញសាលារៀន កាលពីអំឡុងឆ្នាំ ២០១១ - ២០១២ ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួនតុលាការកំពូលបានឱ្យដឹងថាជនរងគ្រោះទាំងអស់គឺជាក្មេងស្រីដែលមានអាយុតិចជាង ១២ ឆ្នាំ ដែលបានចូលរៀននៅសាលាក្នុងភូមិរបស់ពួកគេ ដែលមានលោក Li Jishunជាអ្នកទទួលខុសត្រូវក្នុងការបង្រៀន និងការពារសិស្សក្មេងៗ ។
បើតាមសេចក្តីសម្រេចរបស់តុលាការដដែលនោះ ក្មេងស្រីភាគច្រើនត្រូវបានឪពុកម្តាយបោះបង់ចោលដើម្បីទៅស្វែងរកធ្វើការនៅទីក្រុងដែលធ្វើឲ្យកុមារងាយនឹងរងការរំលោភបំពានលើរាងកាយនិងផ្លូវចិត្តជាញឹកញាប់ ដោយសារតែពួកគេរស់នៅឯកោនិងពោរពេញដោយភាពភ័យខ្លាចខាងផ្លូវចិត្ដ៕
© រក្សាសិទ្ធិដោយ thmeythmey.com