NOCC៖ ព្រឹត្តិការណ៍រត់ប្រណាំងពណ៌ មិនមានការអនុញ្ញាតពីស្ថាប័នជំនាញ
- ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ ម៉ោង ៩:៥៣ នាទី ព្រឹក

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពណ៌ (Color Race) កាលពីល្ងាចថ្ងៃទី៣០ឧសភាម្សិលមិញដែលរៀបចំដោយក្រុម Metfone។ កម្មវិធីទាំងនោះរួមមានការបាញ់ថ្នាំពណ៌ ការរត់ប្រណាំង និងការប្រគំតន្ត្រី។ មិនទាន់មានអ្នកជំនាញពិតប្រាកដណាចេញមុខអះអាងថា យុវជនរងគ្រោះបានស្លាប់ដោយសារអ្វីពិតប្រាកដឡើយ ក្រៅពីមានការសន្និដ្ឋានផ្សេងៗគ្នាថា យុវជននោះអាចស្លាប់ដោយសារបញ្ហាសុខភាព (ខ្យល់គ) ឬខ្លះទៀតថា យុវជននេះអាចស្លាប់ដោយសារជាតិថ្នាំពណ៌ដែលគេបាញ់នៅក្នុងកម្មវិធី។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅព្រឹកថ្ងៃទី៣១ឧសភានេះ ដើម្បីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពណ៌ (Color Race)នោះ មិនមានការអនុញ្ញាតពីស្ថាប័នជំនាញ ពិសេសពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិជំនាញណាមួយឡើយ។
អគ្គលេខាធិការនៃNOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា «កីឡារត់ប្រណាំងពណ៌នេះ មានប្រភព និងប្រជាប្រិយភាពនៅក្នុងប្រទេសមួយចំនួន ដូចជាឥណ្ឌូនេស៊ីជាដើម។ ហើយតាមធម្មតា ដំណើរការរៀបចំព្រឹត្តិការណ៍នេះត្រូវសុំការអនុញ្ញាត ឬទិញសិទ្ធិរៀបចំ (License) ពីស្ថាប័នរៀបចំការរត់ប្រណាំង (Color Run) ដែលមានការទទួលស្គាល់ (Certified Color Run License) ដើម្បីទទួលបានជំនួយរៀបចំលក្ខណៈបច្ចេកទេស និងប្រព័ន្ធសុត្ថិភាពតាមស្តង់ដាត្រឹមត្រូវ»។
ទោះយ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏មិនបានវាយតម្លៃអំពីមូលហេតុនៃការស្លាប់យុវជននោះដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com