សារព័ត៌មានថ្មីៗ ជាប់​ក្នុង​វគ្គ​ជម្រុះ ICT Awards សម្រាប់​កម្មវិធី ​Application របស់ខ្លួន
  • ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៥ ​​ ម៉ោង ២:៤០ នាទី រសៀល
សារព័ត៌មានថ្មីៗ ជាប់​ក្នុង​វគ្គ​ជម្រុះ ICT Awards សម្រាប់​កម្មវិធី ​Application របស់ខ្លួន

គណៈកម្មការ​ចៅក្រម នៃ​កម្មវិធី​ប្រកួតប្រជែង​ផលិតផល​បច្ចេកវិទ្យា បានសម្រេច​ជ្រើសរើស​បេក្ខភាព​សារព័ត៌មានថ្មីៗ ឲ្យ​ជាប់​ក្នុង​វគ្គ​ជម្រុះ២០ស្ថាប័ន។ ក្រសួង​ប្រៃសណីយ៍ កំពុងតែ​រៀបចំ​ការប្រកួតប្រជែង​យក​ពានរង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ២០១៥ ដោយ​ទទួលបាន​បេក្ខភាព​ពី២៥ស្ថាប័ន។ គណៈកម្មការ​ចៅក្រម បានសម្រេច​ជម្រុះ​បេក្ខភាព​ចំនួន៥ចេញ ហើយ​កំពុង​បន្ត​វាយតម្លៃ​លើ​បេក្ខភាព​ទាំង២០ ដែល​ក្នុង​ក៏មាន​សារព័ត៌មាន​អេឡិចត្រូនិក ថ្មីៗ ។
TTN-Free-Banner-In-Article-PC


សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ បាន​យក​កម្មវិធី​អាន​ព័ត៌មាន​តាមរយៈ​ទូរ​សព្ទ​ដៃ (Application) ដែល​ប្រើ​ប្រព័ន្ធ iOS និង Android ដាក់​ទៅក្នុង​ការប្រកួត​យកពាន​រង្វាន់​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ២០១៥ ។ App ថ្មីៗ គឺជា​ផលិតផល​ថ្មី​មួយ​របស់​សារព័ត៌មាន​អេឡិចត្រូនិក ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពជឿនលឿន និង​តម្រូវការ​របស់​មនុស្ស​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន កាន់តែច្រើន ហើយ​ដែលជា​អ្នកតាមដាន​ព័ត៌មាន​ទៀត​នោះ។

  តាមរយៈ​កម្មវិធី Application  របស់ថ្មីៗ អ្នកប្រើប្រាស់​អាច​អាន ស្តាប់ និង​ទស្សនា​ព័ត៌មាន​គ្រប់​ទម្រង់ បាន​យ៉ាង​ងាយស្រួល មិន​ថា​ពេលណា ឬ​នៅទីណា​នោះឡើយ។ ទាក់ទង​នឹង​ការប្រកួតប្រជែង​ផលិតផល​បច្ចេកវិទ្យា​ឯណោះ​វិញ ស្នាដៃ និង​ផលិតផល​ដែល​ត្រូវបាន​យកមក​ដាក់​ប្រកួតប្រជែង និង​ត្រូវបាន​ជម្រុះ​នោះ មាននៅ​ក្នុង៥ផ្នែក​រួមមាន៖ ផ្នែក​កិច្ចការ​សាធារណៈ វិស័យ​ឯកជន ក្រុមហ៊ុន​ដែល​មាន​​ការទទួលខុសត្រូវ​ផ្នែក​សង្គម ផ្នែក​Digital Content ផ្នែក​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី និង​ផ្នែក​អភិវឌ្ឍ និង​ស្រាវជ្រាវ។ ផលិតផល App របស់​សារ​ព័ត​មានថ្មីៗបាន​ជាប់​ក្នុង​ជម្រើស​ក្នុង​ផ្នែក Digital Content។

លោក ស៊ុន រ៉ា​ពី​ដ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ នៃ​ក្រសួង​ប្រៃសណីយ៍ បាន​ថ្លែង​ឲ្យ​ដឹងថា បេក្ខភាព​ទាំង២០ នឹងត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​បទ​បង្ហាញ​ចុងក្រោយ​អំពី​ផលិតផល​របស់​ពួកគេ​នៅ​ថ្ងៃទី២៥មិថុនា នៅមុខ​គណៈកម្មការ​ចៅក្រម​ចំនួន៦រូប ដែល​មកពី​ស្ថាប័ន​ជំនាញផ្សេងៗ ។ លោក ស៊ុន រ៉ា​ពី​ដ បញ្ជាក់បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«បេក្ខភាព​ទាំង២០ នឹងត្រូវ​ស្នើ​ឲ្យ​ធ្វើ​បទ​បង្ហាញ​ចំនួន១៥នាទី​ក្នុងម្នាក់ៗ ។ ហើយ​លទ្ធផល​នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃទី២៥មិថុនា​នោះ​តែម្តង»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កម្មវិធី​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​កម្ពុជា២០១៥ ជ័យលាភី​ទីមួយ​នឹង​ទទួលបាន​ទឹកប្រាក់១០០០ដុល្លារ រួម​នឹង​ពាន​ជ័យ។ ជ័យលាភី​ទី២ ទឹកប្រាក់៥០០ដុល្លារ រួម​នឹង​ពាន​ជ័យ និង​ជ័យលាភី​លេខ៣ ទទួលបាន៣០០ដុល្លារ រួម​នឹង​ពាន​ជ័យ៕

   

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com

វិច្ឆិកា