តើអ្វីជាសតិ ហើយអ្វីជាសម្បជញ្ញៈ?
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ក្នុងភាសានិយាយប្រចាំថ្ងៃ ជាញឹកញាប់យើងតែងភ្ជាប់ពាក្យ សតិ និងសម្បជញ្ញៈ (សតិសម្បជញ្ញៈ) ជាមួយគ្នា ហើយយើងក៏គិតថាពាក្យទាំងពីរនេះ គឺជាពាក្យតែមួយ ថែមទាំងយល់ថាពាក្យទាំងពីរនេះមានន័យតែមួយទៀតផង។ ការពិត យើងអាចប្រើពាក្យទាំងពីរនេះ ជាមួយគ្នា ទៅជាពាក្យតែមួយបាន (សតិសម្បជញ្ញៈ) តែពាក្យទាំងពីរនេះ មិនមែនជាពាក្យតែមួយទេ ហើយក៏មិនមែនមានន័យតែមួយដូចគ្នានោះដែរ ព្រោះពាក្យទាំងពីរនេះ គឺជាធម៌ដែលមានសភាវៈ និលក្ខណៈ ផ្សេងពីគ្នា។ ដូច្នេះ តើសតិ និងសម្បជញ្ញៈ មានន័យដូចម្តេច ហើយមានលក្ខណៈផ្សេងគ្នាដូចម្តេច ?

សតិ មានន័យថា ការភ្ញាក់រឭក ឬការនឹកឃើញ ឬក៏ជាការដឹងខ្លួន។ តើការភ្ញាក់រឭក សំដៅដល់ការភ្ញាក់រឭកនូវអ្វី? ការនឹកឃើញ សំដៅដល់ការនឹកឃើញនូវអ្វី? ការដឹងខ្លួន សំដៅដល់ការដឹងខ្លួនយ៉ាងដូចម្តេច?
-ការភ្ញាក់រឭក គឺមានន័យថា អ្នកកំពុងតែផ្ចង់សតិ និងការគិតរបស់អ្នក ទៅលើអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកអាចនឹងធ្វើនៅពេលខាងមុខ ប្រៀបដូចជាស្រមោលរបស់អ្នក ដែលតែងតែមានរូបភាព ដូចទៅនឹងអី្វដែលខ្លួនអ្នកមានចលនា ឬមានសកម្មភាព។ ដូច្នេះការភ្ញាក់រឭក គឺជាការផ្តោតអារម្មណ៍ជាប់ជានិច្ចចំពោះអ្វីដែលអ្នកកំពុងតែធ្វើ ។
-ការនឹកឃើញ គឺសំដៅដល់អ្វីដែលអ្នកគួររឭក ឬគិតទៅដល់ ដូចជាអនុស្សាវរីយ មនុស្សជាទីស្រឡាញ់ ឧបការគុណដ៏ធំធេងរបស់បុគ្គលណាមួយ ដែលធ្លាប់មានចំពោះអ្នក។ តួយ៉ាងដូចជាពេលខ្លះ អ្នកស្រាប់តែនឹកឃើញដល់គុណឪពុកម្តាយ ដែលបានធ្វើមកលើអ្នក ហើយអ្នកក៏កើតសទ្ឋាជ្រះថ្លា ចង់តបស្នងសងគុណលោកទាំងពីរវិញ។ យ៉ាងនេះ ក៏ឈ្មោះថា ជាអ្នកមានសតិដែរ។
-ការដឹងខ្លួន គឺសំដៅដល់ការដឹងខ្លួនឯង ជាមួយនឹងការគិតពិចារណាប្រកបដោយសម្មាទិដ្ឋិ ថាអ្វីគួរធ្វើ (ដូចជាអំពើបុណ្យ) និងអ្វីមិនគួរធ្វើ (ដូចជាអំពើបាប) គ្រប់កាលៈទេសៈដោយមិនភ្លេចខ្លួន។ ដូចជាការធ្វើទុកក្នុងចិត្តថា ឱន៎! ជីវិតអាត្មាអញខ្លីណាស់ ហើយមិនទៀងទៀត ដូច្នេះអាត្មាអញ គួរធ្វើអំពើទាំងឡាយណាដែលនាំមកនូវផលប្រយោជន៍សម្រាប់ជីវិត បច្ចុប្បន្ន និងបរលោក ហើយបោះបង់ចោលនូវអ្វីដែលជាធម៌នាំមកនូវសេចក្តីវិនាសអន្តរាយ។ យ៉ាងនេះក៏ឈ្មោះថា ជាអ្នកមានសតិដែរ។
ចំណែកឯ សម្បជញ្ញៈ គឺជាសភាវៈដែលកើតក្រោយសតិ។ មានន័យថា សម្បជញ្ញៈមិនអាចកើតឡើងមុនសតិបានទេ ទល់តែសតិកើតមុនសិន ទើបសម្បជញ្ញៈកើតតាមក្រោយ ហើយសម្បជញ្ញៈ ជាសភាវៈឃ្លាំមើលសតិ មិនឲ្យរលត់ទៅវិញ។
ធម៌ទាំងពីរប្រការនេះ (សតិ និងសម្បជញ្ញៈ) គឺប្រៀបដូចជាបុរសដើរពីក្រោយក្របី។ ក្របី (សតិ) ដែលកំពុងដើរលើផ្លូវតម្រង់ទៅផ្ទះ មានសភាវគតិរបស់វាថា វាកំពុងតែដើរទៅផ្ទះតាមទម្លាប់ដូចរាល់ដង ហើយបុរសជាម្ចាស់ (សម្បជញ្ញៈ) ដើរពីក្រោយក្របីនោះ ដោយឃ្លាំមើលជាប់ជានិច្ច មិនឲ្យក្របីដើរខុសផ្លូវ ឬងាកទៅស៊ីស្រូវក្នុងស្រែអ្នកដទៃ។ ដោយឧបមាម្យ៉ាងទៀត សតិ ប្រៀបដូចជាកងទ័ព ឯសម្បជញ្ញៈ ប្រៀបដូចជា មេទ័ព។ កងទ័ព (សតិ) ត្រូវដឹងតួនាទីរបស់ខ្លួនថា ត្រូវឈរក្នុងជូរឲ្យបានត្រឹមត្រូវ មិនប្រព្រឹត្តអ្វីឲ្យច្របូកច្របល់ក្នុងជូរកងទ័ព តែទោះបីជាពួកកងទ័ពមានវិន័យ និងដឹងតួនាទីយ៉ាងណាក៏ដោយ មេទ័ព (សម្បជញ្ញៈ) ត្រូវតែឈរពីក្រោយជូរកងទ័ពទាំងនោះ ដោយឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន និងចាំដាស់តឿនជានិច្ច ក្រែងលោកងទ័ពណាមួយ ដើរខុសជូរ ឬចេញពីជូរ។
ឬដោយការប្រៀបធៀបមួយបែបទៀតថា សតិ គឺជាការភ្ញាក់ពីគេង ហើយសម្បជញ្ញៈ គឺជាការតាំងចិត្តរបស់អ្នកមិនឲ្យគេងទៅវិញដោយការតាំងអារម្មណ៍ថា អាត្មាអញ នឹងមិនគេងទៅវិញទេ អាត្មាអញដឹងខ្លួនហើយ ដូច្នេះគួរតែងើបទៅធ្វើអ្វីដែលគួរធ្វើ ដែលអាចនាំប្រយោជន៍ដល់ជីវិតទើបប្រសើរ។
ជារួមមក សតិសម្បជញ្ញៈ គឺជាការភ្ញាក់រឭក និងការដឹងខ្លួនពីបាបធម៌ ត្រឡប់មកសាងកុសលធម៌វិញ ហើយព្យាយាមតាំងចិត្តឲ្យមាំក្នុងមាគ៌ាកុសលធម៌នោះជាប់ជានិច្ច មិនឲ្យប្រែក្រឡះត្រឡប់ទៅរកមាគ៌ាបាបធម៌វិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: