រុស្ស៊ី៖ប្រព័ន្ធមីស៊ីលអាមេរិកនៅឧបទ្វីបនឹងប៉ះពាល់ទំនាក់ទំនងរុស្ស៊ីកូរ៉េខាងត្បូង
- ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ៨:៣៩ នាទី យប់

ក្រោយមានគម្រោងប្រកាសពង្រាយប្រព័ន្ធមីស៊ីលអាមេរិក THAAD នៅក្នុងទឹកដីកូរ៉េខាងត្បូង រុស្ស៊ីបានជំទាស់ភ្លាម ដោយលើកឡើងថា ការពង្រាយប្រព័ន្ធនេះមិនជួយដោះស្រាយបញ្ហាអ្វីឡើយ។ ការពង្រាយប្រព័ន្ធមីស៊ីលនេះត្រូវដាក់ចេញដើម្បីទប់ទល់ការគំរាមកំហែងពីសំណាក់ក្រុងព្យុងយ៉ាង។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងត្បូងលោក Alexander Timonin បានជំទាស់គម្រោងពង្រាយប្រព័ន្ធមីស៊ីលអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនៅថ្ងៃ អង្គារទី ២កុម្ភៈកន្លងទៅនេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua មន្ត្រីទូតរុស្ស៊ីនេះចាត់ទុកថា ការពង្រាយប្រព័ន្ធការពារដែនអាកាសនេះ មិនជួយដោះស្រាយបញ្ហានិងរក្សាសន្តិសុខក្នុងតំបន់ឡើយ តែវានឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។ ហើយលោកបានឆ្លៀតព្រមានផងដែរថា វត្តមានប្រព័ន្ធការពារដែនអាកាសអាមេរិកនឹងប៉ះពាល់ខ្លាំងដល់ទំនាក់ទ្វេភាគីរវាងកូរ៉េខាងត្បូងនិងរុស្ស៊ីផ្ទាល់។
ប៉ុន្តែលោកក៏បាន ស្នើឲ្យភាគីពាក់ព័ន្ធបញ្ចៀសឲ្យបាននូវការប្រើប្រាស់សកម្មភាពបង្កបញ្ហា ហើយអត់ធ្មត់មិន ប្រើប្រាស់សកម្មភាពយោធាដើម្បីកុំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរដែរ។
ផែនការពង្រាយប្រព័ន្ធការពារដែនអាកាសរបស់អាមេរិកនៅឧបទ្វីបកូរ៉េ កើតឡើងក្រោយពេលដែលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធអ៊ីដ្រូសែន នៅដើមខែមករាកន្លងមក។ កូរ៉េខាងត្បូងនិងអាមេរិកធ្លាប់ជជែកគ្នាច្រើនដងដែរពាក់ព័ន្ធនឹងការដាក់ដំឡើងប្រព័ន្ធមីស៊ីលអាមេរិកដែលវាអាចជួយការពារកូរ៉េខាងត្បូងពីការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយកូរ៉េខាងជើង។
កាលពីសប្តាហ៍មុនក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសកូរ៉េខាងត្បូង រួមជាមួយប្រព័ន្ធការពារដែនអាកាសអាមេរិកនឹងជួយការពារសុវត្ថិភាពកូរ៉េខាងត្បូងប្រឆាំងកូរ៉េខាងជើង។ នេះ បញ្ជាក់ថា កូរ៉េខាងជើងអាចនឹងទទួលយកសំណើរដំឡើងប្រព័ន្ធនេះនៅពេលណាមួយខាងមុខផង។
កន្លងមកចិនបានប្រតិកម្មខ្លាំងៗតបនឹងគម្រោងនេះ ព្រោះចិនបារម្ភពីសុវត្ថិភាពនិងសន្តិសុខជាតិរបស់ខ្លួនដែរ។ ហើយរដ្ឋបាលលោកស្រី ប៉ាក ហ្គឺនហេ ក៏ស្ទាក់ស្ទើរមិនហ៊ានអនុញ្ញាតឲ្យអាមេរិកបញ្ជូនអាវុធប្រភេទនេះមកកាន់ប្រទេសកូរ៉េដែរ។
ដោយឡែក មន្ត្រីការទូតរុស្ស៊ីនេះ ក៏បានបង្ហាញពីគោលជំហររបស់រុស្ស៊ីដែលចង់ឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រលប់មកជ្រើសរើសយកវេទិកាជជែកភាគី ៦ ដែលជាប់គាំងអស់ពេលជាច្រើនឆ្នាំមកហើយនោះ។ លោក Alexander Timonin ជឿជាក់ថា គ្មានអ្វីអាចដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាជើងបានក្រៅពីការសន្ទនាឡើយ ហើយរាល់ទណ្ឌកម្មដាក់ចេញជាឯកតោភាគីឬពហុភាគីក្តីមិនបានជួយស្រោចស្រង់ស្ថានការណ៍ដែលកំពុងអាក្រក់ស្រាបឡើយ។ កាលណាបើធ្វើឲ្យកូរ៉េខាងជើងកាន់តែឯកោ តាមរយៈការដាក់ទណ្ឌកម្ម កុំរំពឹងថា កូរ៉េខាងជើងព្រមបោះបង់ចោលអាវុធប្រល័យលោកឲ្យសោះ៕
អ្នកសរសេរអត្ថបទ
សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និងសិក្សាអន្តរជាតិ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ