ថ្ងៃកុហក April Fools' Day!
- ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:៣២ នាទី ព្រឹក

នៅតំបន់អឺរ៉ុប ថ្ងៃទី១ ខែមេសា បានក្លាយជាប្រពៃណីនៃការនិយាយកុហក ដែលគេឲ្យឈ្មោះថា « April Fools' Day» ជាភាសាអង់គ្លេស ឬ «Poisson d’avril» ជាភាសាបារាំង។ សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ក៏ដូចជាបណ្តាញអ៊ីនធ័រណិតនៅលោកខាងលិចមួយចំនួនក៏បានយកថ្ងៃនេះ ដើម្បីផ្តល់ព័ត៌មានកុហក និងលេងសើចផងដែរ។

ប្រភពជាច្រើនបានបង្ហាញថា «ទិវាកុហក១មេសា» បានចាប់ផ្តើមឡើងនៅក្នុងប្រទេសបារាំងនាអំឡុងឆ្នាំ១៥៦៤ ប៉ុន្តែវាមិនមែនជាពេលវេលាឈប់សម្រាកផ្លូវការរបស់ប្រជាជាតិណាមួយឡើយ។ នៅសតវត្សរ៍ទី១៩ «April Fools' Day» មានការពេញនិយមយ៉ាងខ្លាំងនៅតំបន់អឺរ៉ុប កាណាដា អូស្ត្រាលី ប្រេស៊ីល និងសហរដ្ឋអាមេរិក។
នៅអង់គ្លេស April Fools’ Day ត្រូវបានចាត់ទុកថាជាថ្ងៃឆ្កួត «April fool» ខណៈពលរដ្ឋស្កុតឡេននិយមហៅថា «Huntigowk Day»។ នៅអៀរឡង់ គេចូលចិត្តកុហកបោកប្រាស់តាមរយៈការផ្ញើរសំបុត្រ។ នៅប៉ូឡូញ គេបានហាមប្រាមទង្វើណាដែលជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរ។
នៅណ័រវែស ដាណឺម៉ាក និងស៊ុយអែត កាសែតមួយចំនួនបានផ្សាយព័ត៌មានកុហកមួយនៅទំព័រខាងមុខ ប៉ុន្តែមិនមែនលើមាតិកាធំនោះឡើយ។ នៅបារាំង អ៊ីតាលី បែលហ្ស៊ិក ស្វ៊ីស កាណាដា នាថ្ងៃទី១ ខែមេសានេះ គេនិយមលួចបិទក្រដាសរូបត្រីនៅពីក្រោយខ្នងបុគ្គលណាម្នាក់ដើម្បី បង្កភាពសប្បាយរីករាយ។
ទិវានេះ ក៏មានការពេញនិយមផងដែរនៅអាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ ហ្វាំងឡង់ ជប៉ុន រុស្ស៊ី រ៉ូម៉ានី និងព័រទុយហ្គាល់ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: