អ្នកណាខ្លះជាញាតិទាំង៧សន្តានរបស់យើង?
- ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ញាតិ គឺសំដៅដល់ ជនដែលជាប់ខ្សែលោហិតនឹងគ្នា ទាំងខាងមាតានិងខាងបិតា។ ចំណែកឯ ញាតិទាំង៧សន្តាន គឺរាប់ចាប់ពីយើងឡើងទៅ៣ថ្នាក់ និងក្រោមយើងចុះទៅ៣ថ្នាក់ រួមទាំងយើងផ្ទាល់ផងដែរ។

ញាតិទាំង៧សន្តាន រាប់ពីថ្នាក់លើយើងឡើងទៅ ៣ជាន់ និងថ្នាក់ក្រោមយើង ៣ជាន់។ ថ្នាក់លើយើង ៣ជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១ និងថ្នាក់យាយទួតតាទួត។ ចំណែកឯ ថ្នាក់ក្រោមយើង ៣ជាន់ទៀត គឺថ្នាក់កូន១, ថ្នាក់ចៅ១ និងថ្នាក់ចៅទួត។ ដូច្នេះ រួមទាំងអស់ គឺ ៦ថ្នាក់ ហើយបន្ថែមខ្លួនយើងម្នាក់ទៀត ទៅជា ៧ថ្នាក់ ដែលយើងហៅថា ញាតិទាំង៧សន្តាន។ នេះបើតាមវចនាក្រម សម្តេច ជួន ណាត។
មនុស្សមួយចំនួនធំយល់ថា ញាតិទាំង៧សន្តាន គឺសំដៅសាច់ញាតិទាំងឡាយណាដែលជាសាច់សាលោកហិតរបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលខ្លួនឯងចូលនោះទេ។ តែការពិត ញាតិទាំង៧សន្តាន គឺរាប់ទាំងខ្លួនយើងផងដែរ។
ម្យ៉ាងទៀតប្រជាជនទូទៅ ជាពិសេសក្មេងៗ និងយុវជនក៏យល់ច្រឡំធំផងដែរថា ញាតិទាំង៧សន្តាន គឺសំដៅដល់បងប្អូន ញាតិសន្តាន ដែលបានស្លាប់បាត់បង់ជីវិទៅហើយ។ ពួកគេយល់យ៉ាងនេះ ដោយសារតែ ពេលធ្វើបុណ្យម្តងៗ អាចារ្យ និងចាស់ទុំតែងតែអប់រំកូនចៅ និងយុវជន ឲ្យឧទ្ទិសបុណ្យកុសលដល់បុព្វការីជន និងញាតិទាំង៧សន្តាន ដែលបានចែកស្ថាន។ ត្រង់នេះហើយ ដែលជាហេតុនាំឲ្យពួកគេយល់ច្រឡំថា ញាតិទាំង៧សន្តាន គឺជាតិទាំងឡាយណាដែលស្លាប់ទៅហើយ។ ញាតិទាំង៧សន្តាន គឺមិនមែនសំដៅតែទៅលើអ្នកស្លាប់នោះទេ តែក៏រាប់បញ្ចូលទាំងអ្នកនៅរស់គ្រប់រូប រួមទាំងខ្លួនយើងផងដែរ។
តាមពិតទៅ! ញាតិរបស់យើងម្នាក់ៗ មានច្រើនណាស់ រាប់មិនអស់នោះទេ ព្រោះជីវិតមនុស្សសត្វគ្រប់រូប កើតស្លាប់ៗ ជាច្រើនកប្ប ច្រើនអសង្ខេយ្យ រាប់ពុំបាន ស្មានពុំកើត។ ញាតិទាំង៧សន្តាននេះ គ្រាន់តែជាចំនួនញាតិដ៏តូចមួយរបស់យើងប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: