
បទ៖កាកគតិ

កំណាព្យ៖ ថ្មីៗ (គង្គ ប៊ុនឈឿន)
ជាតិអ្នកអែបអប ចាក់ខ្សែវាយស្រប ឡែបឡបឡេមឡឺម
ចាក់ចេកចាក់ស្ករ ពព្រើតពព្រើម ញញើតញញើម
តេមតើមសុំបុណ្យ។
គ្មានជំនាញអ្វី ក្រៅពីយកដៃ ឱបពងជាទុន
លុតក្រាបដើរទា វារលូនតត្រុន លំឱនផ្គាប់ផ្គន់
សុំបុណ្យចៅហ្វាយ។
ត្រេះឆ្វែងត្រេះស្តាំ លាភចូលប្រចាំ ផឹកស៊ីសប្បាយ
ពេលណាមិនស្រួល ដកថយចេញឆ្ងាយ លើកដៃ Bye! bye!
ចៅហ្វាយចិត្តជា។
ជំងឺអែបអប ជំងឺរណប ជំងឺផ្លែល្វា
ជំងឺនេះកប់ ក្នុងសួតកម្ពុជា ក្អកក្អួតគ្រាំគ្រា
ដូចជារបេង។
សម័យប៉ុលពត សម័យផ្លោះលោត មហាចិញ្ចែង
ព្រោះរឿងអែបអប វាយស្របស្តាំឆ្វេង សម្លាប់គ្នាឯង
ជិតពីរលាននាក់!។
គួរប្រុងប្រយ័ត្ន រួមគ្នាកំចាត់ ជំងឺគ្រោះថ្នាក់
ព្រោះសម័យនេះ ជាសម័យបក្ស ងាយនឹងមរណៈ
បើបក្សឃ្លេងឃ្លោង!។
០៧.០៣.០២
០៧.០៣.០២
ប្រភព៖ កម្រងកំណាព្យទស្សនៈ«ជំងឺខ្មែរ»របស់ លោក គង្គ ប៊ុនឈឿន(កវីដងស្ទឹងសង្កែ)
© រក្សាសិទ្ធិដោយ thmeythmey.com