ករណីឯកឧត្តម កឹម សុខា៖ អ្នកវិភាគ ថា កញ្ញាស្រីមុំ និងលោក ស្រី ចំរើន ជាក្រុមមនុស្សតែមួយ
- ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១:០១ នាទី រសៀល

ក្រោយពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានសារភាពទទួលស្គាល់ការពិត និងលេចឮថា ប្ដឹងឯកឧត្តម កឹម សុខា ទាមទារសំណង៣០ម៉ឺនដុល្លារវិញនោះ អ្នកវិភាគនយោបាយចាត់ទុក ករណីជារឿងនយោបាយ ដែលមានការរៀបចំបំពុលរឿងនេះបានយ៉ាងល្អ និងមានភាពស៊ីសង្វាក់គ្នា។ អ្នកវិភាគថា កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ និងលោក ស្រី ចំរើន គឺជាក្រុមមនុស្សតែមួយ ដែលត្រូវបានគេបញ្ជាឲ្យដើររងគ្រោះ និងតវ៉ា ដើម្បីដាក់បន្ទុកលើឯកឧត្តម កឹម សុខា និងបំបាក់គណបក្សសង្គ្រោះជាតិ។

លោក សូ ចន្ថា ដែលបានតាមដានលើបញ្ហាអាស្រូវស្នេហានេះ មើលឃើញថា កញ្ញាស្រីមុំ គឺជាតួស្រីរងគ្រោះម្នាក់ ដែលបានសម្ដែងក្នុងសាច់រឿងនយោបាយមួយនេះបានយ៉ាងល្អ បន្ទាប់ពីក្រុមលោក ស្រី ចំរើន បានដើរតួជាអ្នកតវ៉ាយ៉ាងសកម្មក្នុងការធ្វើទុក្ខបុកម្នេញឯកឧត្តម កឹម សុខា ដើម្បីវាយបំបាក់មេដឹកនាំគណបក្សប្រឆាំង គឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា បែកបាក់គ្នា។ អ្នកវិភាគរូបនេះ ដែលចាត់ទុកបញ្ហានេះជារឿងនយោបាយនោះ មើលឃើញថា គណបក្សកាន់អំណាចកំពុងរៀបចំសេណារីយ៉ូអ្វីមួយ ដែលប្រើក្រុមមនុស្សតែមួយនេះមកប្ដឹងតវ៉ាដាក់បន្ទុកយ៉ាងធំមកលើ ឯកឧត្តម កឹម សុខា ដើម្បីឲ្យយល់ព្រមទទួលយកលក្ខខណ្ឌណាមួយដែលសមស្រប ចៀសផុតពីការប្រឈមមុខជាប់ពន្ធនាគារ ឬរត់ក្រៅប្រទេស។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលទៅវាជាល្បែងនយោបាយដែលគេប្រើស្រីមុំឲ្យធ្វើជាជនរងគ្រោះ បន្ទាប់មកជាសាក្សី ក្រោយមកក្លាយជាដើមបណ្ដឹងប្ដឹងមកលោក កឹម សុខា វិញ។ ហើយខ្ញុំមើលទៅស្រីមុំនិងក្រុមយុវជនមួយក្រុមតវ៉ានោះគឺជាមនុស្សតែមួយ ដែលពួកគេមានគោលបំណងតែមួយមកដាក់បន្ទុកលោក កឹម សុខា »។ លោកបន្ថែមថា៖«ខ្ញុំឃើញថា សេណារីយ៉ូនេះ គឺគេកំពុងដាក់បន្ទុកលោក កឹម សុខា ឲ្យយល់ព្រមតាមលក្ខខណ្ឌណាមួយ ដើម្បីទទួលបានតួនាទីជាអនុប្រធានបក្សប្រឆាំងដដែល តែសេណារីយ៉ូទី២ បើលោក កឹម សុខា មិនទទួលយកទេនោះនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬរត់ចេញទៅក្រៅប្រទេសដូចឯកឧត្តម សម រង្ស៊ី ដែរ»។
អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុដែលរឿងនេះមិនងាយស្ងប់ស្ងាត់ដោយសារអ្នករៀបចំបំពុលរឿងនេះបានល្អ ដែលមានភាពស៊ីសង្វាក់គ្នា។ អ្នកវិភាគរូបនេះ សោកស្តាយណាស់ដែលរឿងបែបនេះនៅតែបន្តកើតឡើងនៅកម្ពុជា ហើយវាបង្ហាញថា អ្នកនយោបាយ និងពលរដ្ឋខ្មែរមានភាពក្មេងខ្ចី ដែលធ្វើឲ្យជាតិពិបាកដើរទៅមុខ ទាន់ប្រទេសជិតខាង។
លោក អ៊ូ វីរៈ មើលឃើញដូច្នេះថា៖«ខ្ញុំគិតថា រឿងនេះជារឿងនយោបាយ ហើយប្រាកដជាមានក្រុមណាមួយនៅពីក្រោយរឿងនេះ ព្រោះរឿងនេះ ខ្ញុំឃើញមានការរៀបចំបានល្អ ស៊ីសង្វាក់គ្នា ដើម្បីធ្វើឲ្យលោក កឹម សុខា ធ្លាក់ប្រជាប្រិយភាព។ មូលហេតុដែលខ្ញុំថា ស៊ីសង្វាក់គ្នា ដោយសារតែក្រុមនិស្សិតដែលចេញតវ៉ា ចង់ដឹងរឿងពិតនៃខ្សែអាត់សំឡេងនោះ មិនមែនជាគោលដៅដែលពួកគេចង់ដឹងទេ។ ព្រោះពួកគេ គ្មានការងារអ្វីមកត្រូវតវ៉ារឿងនេះឡើយ តែដោយសារតែមានអ្នករៀបចំ។ មួយទៀតក្រសួងមហាផ្ទៃគ្មានហេតុផលអ្វីដែលត្រូវបើកការស៊ើបអង្កេតលើករណីនេះ ដែលមើលទៅដូចជាធំដុំដល់ហើយ គ្រាន់តែតាមបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ដែលគ្រាន់តែចង់ល្បីឈ្មោះប៉ុណ្ណោះ។ រឿងនេះ វាមិនមែនជារឿងបទល្មើសនោះទេ។ដូច្នេះរឿងនេះ វាច្បាស់ណាស់ថាមានអ្នកនៅពីក្រោយ និងរៀបចំស៊ីសង្វាក់គ្នាបានល្អ»។
តែយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសកន្លងមកថា ករណីរឿងអាស្រូវស្នេហានេះ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយទេ។ ប្រមុខរដ្ឋាភិបាលក៏បានព្រមានថា បើអ្នកណានៅតែយករឿងអាស្រូវផ្លូវភេទនេះ គិតថាជារឿងនយោបាយ ហើយបន្ដរាលដាលមករដ្ឋាភិបាលនោះ គណបក្សលោកនឹងលូកដៃចូលក្នុងករណីនេះ ដោយសម្ដេច អះអាងថា អាចមានបញ្ហាធ្ងន់ជាងនេះ«ទប់មិនរួច»ឡើយ។
កញ្ញា ខុម ចាន់តារ៉ាទី បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ មេសា ជុំវិញបទចោទ «ផ្តល់សក្ខីកម្មក្លែង និងអំពើពេស្យាចារ» ហើយត្រូវបានតុលាការអះអាងថា នាងបានទទួលស្គាល់ ខ្សែអាត់សំឡេងក្នុងទូរស័ព្ទ ជាសំឡេងរបស់នាងនិងឯកឧត្តមកឹម សុខា ពិតមែន។ ក្រោយមកមានព័ត៌មានលេចឮថា កញ្ញា ស្រីមុំ ក៏បានដាក់ពាក្យប្តឹងឯកឧត្តម កឹម សុខា និងគូកនដែលជាប់ពាក់ព័ន្ធផ្សេងទៀតវិញ ដោយទាមទារសំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ ចំពោះការខាតបង់ពេលវេលា និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់នាង ខណៈដែលកញ្ញា ធី សុវណ្ណថា គ្រោងប្ដឹងឯកឧត្តម កឹម សុខា នៅថ្ងៃទី២៧ មេសា ខាងមុខនេះ ទាមទារសំណងជំងឺចិត្ត១លានដុល្លារ ពីបទ«បរិហាកេរ្តិ៍»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: