ករណីឯកឧត្តម កឹម សុខា ៖ អ្នកតាមដានស្ថានការណ៍ ថា ACU កំពុងបង្ហាញរូបភាពអាក្រក់ខ្លាំង
- ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦ ម៉ោង ៧:០០ នាទី ល្ងាច

អង្គភាពប្រឆាំងអំពើពុករលួយACU បានឃាត់ខ្លួនលោក ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ពាក់ព័ន្ធនឹងទឹកប្រាក់៥០០ ដុល្លារ ក្រោយពីមានការចោទប្រកាន់ពីសំណាក់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលអះអាងថា មេឃុំរូបនេះបានយកប្រាក់ទៅលួងលោមគ្រួសារនាង។ អ្នកតាមដានស្ថានការណ៍សង្គមនៅកម្ពុជា យល់ថា ចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយពេលនេះ ហាក់ដូចជាកំពុងបង្ហាញរូបភាពអាក្រក់ធ្ងន់ធ្ងររបស់ស្ថាប័នលុបបំបាត់អំពើពុករលួយនេះ។

លោក មាស នី អ្នកវិភាគនយោបាយ យល់ថាអង្គភាពប្រឆាំងអំពើពុករលួយ កំពុងបង្ហាញរូបភាពកាន់តែអាក្រក់ខ្លួន ក្នុងការលូកដៃចូលករណីរឿងអាស្រូវស្នេហារបស់ឯកឧត្តម កឹម សុខា ។ អ្នកវិភាគរូបនេះ រិះគន់ថា ACU ហាក់ដូចជាលូកដៃហួសដែនសមត្ថកិច្ចខ្លួន ក្នុងការឃាត់ខ្លួនមេឃុំមកគណបក្សសមរង្ស៊ី លោក ស៊ាត ចែត ដោយសារតែក្រដាសសរសេរអក្សរដោយដៃមិនមែនផ្លូវការចំនួន៤ទំព័រ ដែលត្រូវបានសារព័ត៌មានFresh Newsផ្សព្វផ្សាយថ្មីៗនេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកវិភាគរូបនេះ បញ្ជាក់ដូច្នេះថា៖«ACUត្រូវបានគេយកមកសម្ដែងល្ខោនឲ្យល្អមើល ដែលយកACU ធ្វើជាឧបករណ៍ភ្លេងដើម្បីបន្ទឲ្យពិរោះបន្ថែម។ ប៉ុន្ដែវាមិនពិរោះទេ តែបែជាកាន់អាក្រក់ស្ដាប់ ហើយពិបាកមើលទៀត។ ខ្ញុំយល់ថារឿងនេះវាមិនមែនជារឿងធំ ដែលត្រូវឃាត់ខ្លួនទេ ព្រោះវាគ្រាន់តែជាការសរសេរដោយមិនមែនជាការដាក់លិខិតតាមច្បាប់ត្រឹមត្រូវ»។
លោក អំ សំអាត ក៏យល់ឃើញដូចលោក មាស នី ដែរ។ មន្ត្រីស៊ើបអង្កេតសិទ្ធិមនុស្សលីកាដូ រូបនេះ យល់ថា ការឃាត់ខ្លួននេះហាក់ដូចជាមិនត្រឹមត្រូវច្បាប់ឡើយ។លោកបានដាក់ការងឿងឆ្ងល់ថា គ្រាន់តែលិខិតចំហរមួយសរសេរដោយកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ នេះ ហេតុអ្វីបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមេឃុំរូបនេះ? «ខ្ញុំមិនដឹងថាACU មានភស្តុតាងអ្វីដាក់បន្ថែមលើលិខិតចំហរដែលសរសេរដោយស្រីមុំ ព្រោះបើតាមច្បាប់មុននឹងធ្វើការឃាត់ខ្លួន ឃុំខ្លួនទាល់តែមានភស្តុតាងគ្រប់គ្រាន់ទើបអាចឃាត់ខ្លួន នោះទើបត្រឹមត្រូវតាមផ្លូវច្បាប់។ ហើយACU គួរតែដាក់លិខិតហៅមេឃុំនោះមកសាកសួរ មិនមែនឃាត់ខ្លួនដូចនេះគេទេ។ ដូចនេះរឿងខ្លះដែលមិនមែនជាសមត្ថកិច្ចនោះ ACU កាន់តែលូកដៃកាន់តែមានការរិះគន់លើACU។ នេះជាការបញ្ជាក់របស់លោក អំ សំអាត មុននឹងលោកបន្ថែមថា អង្គភាពប្រឆាំងអំពើពុករលួយបានលូកដៃជ្រៅលើបញ្ហានយោបាយ ជាងបញ្ហាលុបបំបាត់អំពើពុករលួយ។
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអធិប្បាយជុំវិញបញ្ហានេះពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយទេ។
អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង បានឃាត់ខ្លួន លោក ស៊ាង ចែត មេឃុំស្រក មកពីគណបក្សសម សង្ស៊ី នៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម នាំយកមកភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងលុយ ៥០០ដុល្លារដែលឈ្មោះ ខុម ចាន់តារាទី ហៅស្រី មុំ បានឆ្លើយដាក់លើមេឃុំរូបនេះ ។ នេះបើតាមលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
លោក អេង ឆៃអ៊ាង បានសររសេរនៅលើហ្វេសប៊ុកខ្លួនរិះគន់ចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយថា «ការចាប់ខ្លួនមនុស្ស ដោយយោងតាមការឆ្លើយដាក់ពីមនុស្សម្នាក់បែបនេះ គឺមិនខុសពីរបបខ្មែរក្រហមឡើយ »។
ការចាប់ខ្លួនមេឃុំស្រក របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺធ្វើឡើងក្រោយពីមានសំណេរលើក្រដាសដោយដៃចំនួន៤ទំព័រ ក្រោយពីសារព័ត៌មាន Fresh News ផ្សាយថាជាអក្សររបស់កញ្ញា ស្រីមុំ ដោយបានរៀបរាប់ថា លោកមេឃុំ ស៊ាង ចែត បានយកថវិការបស់ឯកឧត្តម កឹម សុខា ចំនួន៥០០ដុល្លារ យកទៅឲ្យម្ដាយរបស់នាង ដើម្បីលួងលោមនាងឲ្យនិយាយកុហកចំពោះមុខសមត្ថកិច្ច។ ក្រៅពីលោក ស៊ាង ចែត នេះ ក្នុងក្រដាសសរសេរដោយដៃនោះ ក៏អះអាងថា មានមន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនទៀត ដែលបានលួងលោមរូបនាងឲ្យនិយាយកុហកពីការពិត ប្រាប់ដល់មហាជន សារព័ត៌មាន និងសមត្ថកិច្ចអំពីរឿងមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: