លោក ស្រី ចំរើន ដាក់ញត្តិទៅរដ្ឋសភា និងទូតអាមេរិកដើម្បីដាក់សម្ពាធលើឯកឧត្តម កឹម សុខា
- ថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦ ម៉ោង ៥:២៧ នាទី ល្ងាច

នារសៀលថ្ងៃទី២៤ខែមេសានេះ ក្រុមលោក ស្រី ចំរើន ដែលមានយុវជនប្រមាណ ៣០ នាក់ ដាក់ញត្តិទៅរដ្ឋសភា ដើម្បីស្នើសុំប្រធានរដ្ឋសភា សម្តេច ហេង សំរិន ដាក់វិន័យលើឯកឧត្តម កឹម សុខា ចំពោះករណីរឿងអាស្រូវផ្លូវភេទ។ ក្នុងថ្ងៃនេះដែរ ក្រុមរបស់លោក ស្រី ចំរើន បន្តយកញត្តិដាក់ទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីសុំការអន្តរាគមន៍ពីស្ថានទូតឲ្យជំរុញឯកឧត្តម កឹម សុខា ឆ្លើយការពិតទាក់ទងនឹងខ្សែអាត់សំឡេង។

បើតាមលោក ស្រី ចំរើន ការស្នើសុំឲ្យមានការដាក់វិន័យនេះ គឺយោងទៅលើសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលារាជធានីភ្នំពេញនៅថ្ងៃទី១៩ខែមេសា ដែលបញ្ជាក់ថា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រី ម៉ុំ បានទទួលស្គាល់ការពិតលើខ្សែអាត់សំឡេងរវាងរូបនាង និងឯកឧត្តម កឹម សុខា។
លោក ស្រី ចំរើនអះអាងថា ទង្វើរបស់ឯកឧត្តម កឹម សុខា គឺជាអំពើអសីលធម៍ ពេស្យាចារ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋសភា។
តែទោះយ៉ាងណាញត្តិរបស់ក្រុម លោក ស្រី ចំរើន មិនមានអ្នកតំណាងរាស្ត្ររូបណា មកទទួលយកទេ ព្រោះជាថ្ងៃឈប់សំរាក។ ហើយញត្តិនោះ ត្រូវផ្ញើរទុកនៅកន្លែងទទួលពាក្យបណ្តឹងរបស់រដ្ឋសភា៕
អ្នកសរសេរអត្ថបទ
លោក ញ៉ុង ហេង ជាអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំសារព័ត៌មានថ្មីៗតាំងពីឆ្នាំ២០១៥មក។ ហេង ទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។ គាត់ធ្លាប់មានបទពិសោធន៍បម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ផងដែរ។...

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: