- ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦ ម៉ោង ៨:៥៥ នាទី ព្រឹក

ពិធីបុណ្យគម្រប់៧ថ្ងៃនៃសពលោក គង្គ ប៊ុនឈឿន បានចប់សព្វគ្រប់ហើយនៅថ្ងៃសៅរ៍ទី២៣មេសា។ ភរិយារបស់កវីម្ចាស់ស្ទឹងសង្កែ គឺអ្នកស្រី តាត គឹមលន គ្រោងនាំយកធាតុស្វាមីរបស់អ្នកស្រីមកកម្ពុជានៅថ្ងៃទី២០ឧសភា។

តាមការគ្រោងទុក អដ្ឋិធាតុរបស់របស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន នឹងត្រូវនាំមកដល់កម្ពុជានៅថ្ងៃទី២០ខែឧសភា។ កូនប្រុសរបស់លោក គង្គ ប៊ុនឈឿន គឺលោក ប៊ុនឈឿន និលវឌ្ឍន៍ បានបានប្រាប់សារព័ត៌មានថ្មីៗនៅអាទិត្យម្សិលមិញតាមរយៈសារអេឡិចត្រូនិកថា សមាជិកគ្រួសារដែលនាំយកអដ្ឋិធាតុលោក គង្គ ប៊ុនឈឿនមកកម្ពុជាវិញ គឺរួមមាន ម្តាយរបស់លោក រូបលោកផ្ទាល់ និងគូរដណ្តឹងរបស់លោក។
តើធាតុរបស់លោក គង្គ ប៊ុនឈឿន នឹងត្រូវតម្កល់នៅទីណា? រហូតមកដល់ពេលនេះ សមាជិកគ្រួសាររបស់លោក គង្គ ប៊ុនឈឿន នៅមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេ។ លោក ប៊ុនឈឿន និវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖«យើងមិនទាន់ច្បាស់ថានៅទីណានៅឡើយទេ នៅពេលនេះ។ ពួកយើងគ្រាន់តែដឹងថា ត្រូវនាំធាតុប៉ាទៅដល់ស្រុកខ្មែរ»។
វានឹងអាចមានព័ត៌មានច្បាស់ពិតប្រាកដអំពីទីតម្កល់ធាតុលោក គង្គ ប៊ុនឈឿន នៅក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២០ឧសភានោះ។ ពីព្រោះ អភិបាលខេត្តបាត់ដំបង ធ្លាប់បានប្រកាសថា អាជ្ញាធរខេត្តនឹងពិចារណាសាងសង់រូបសំណាក ឬកន្លែងតម្កល់ធាតុលោក គង្គ ប៊ុនឈឿន នៅកន្លែងណាមួយក្នុងខេត្តបាត់ដំបងតាមបំណងចុងក្រោយរបស់លោក គង្គ ប៊ុនឈឿន។ ម្យ៉ាងវិញទៀត កូនប្រុសស្រីរបស់កវីម្ចាស់ស្ទឹងសង្កែ ក៏ខ្នះខ្នែងព្យាយាមសម្រេចបំណងឪពុករបស់ពួកគេដូចគ្នា។

លោក មុត ថារី ដែលជាកូនប្រសាររបស់លោក គង្គ ប៊ុនឈឿន ហើយបានកសាងស្រះទឹក អាស្រម និងបណ្ណាល័យដែលមានដាក់ឈ្មោះ កវីម្ចាស់ស្ទឹងសង្កែ នៅក្នុងវត្តត្រពាំងគិនក្នុងខេត្តកំពង់ស្ពឺ ក៏គាំទ្រឲ្យមានការតម្កល់ធាតុលោក គង្គ ប៊ុនឈឿន នៅលើទឹកដីកំណើតរបស់លោកកវីដែរ។
នៅថ្ងៃទី២៣ខែមេសា បើយោងតាមការបញ្ជាក់របស់លោក ប៊ុនឈឿន និលវឌ្ឍន៍ ពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសន័រវេប្រមាណ២០០នាក់បានមកចូលរួមក្នុងពិធីបុណ្យសពលោកគង្គ ប៊ុនឈឿន។ «ពលរដ្ឋខ្មែរនៅន័រវេជួយគ្នាណាស់។ ពួកគាត់បានជួយយើងច្រើនក្នុងការរៀបចំពិធីបុណ្យនេះ។ ទោះយ៉ាងក៏ដោយ យើងមិនអាចរៀបចំកម្មវិធីគ្រប់ជ្រុងជ្រោយ ដូចនៅស្រុកខ្មែរទេ។ ឧទាហរណ៍ ដោយសារតែគ្មានទីកន្លែង យើងត្រូវរៀបចំពិធីបុណ្យនៅក្នុងព្រះវិហារគ្រិស្ទសាសនា ដោយមានការនិមន្តចូលរួមពីព្រះសង្ឃពុទ្ធសាសនា»។ នេះជាការរៀបរាប់របស់កូនប្រុសរបស់កវីម្ចាស់ស្ទឹងសង្កែ ដោយមិនភ្លេចអរគុណ ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជាដែលបានសំដែងការចូលរួមរំលែកទុក្ខ និងគាំទ្របំណងចុងក្រោយរបស់លោក គង្គ ប៊ុនឈឿន ក្នុងពេលកន្លងមក។
ចាប់តាំងពីឆ្នាំ២០០០ ដែលម្ចាស់កវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានចាកចេញពីប្រទេសកម្ពុជា គឺទើបតែឆ្នាំ២០១៣ តែប៉ុណ្ណោះ ដែលលោក គង្គ ប៊ុនឈឿនបានមកកម្សាន្តក្នុងមាតុប្រទេសជាលើកទីមួយ។ លោក គង្គ ប៊ុនឈឿន បានធ្លាប់មានប្រសាសន៍ប្រាប់សារព័ត៌មមានថ្មីៗថា គឺពេលដែលលោកត្រឡប់ទៅកាន់ប្រទេសន័រវេវិញនោះហើយ ដែលលោកបានចាប់ផ្តើមឈឺធ្ងន់ធ្ងរ ដោយសារជំងឺមហារីក។ ៣ឆ្នាំក្រោយមក នៅថ្ងៃទី១៧មេសាឆ្នាំ២០១៦ លោក គង្គ ប៊ុនឈឿន បានលាចាកលោកនៅលើទឹកដីព្រិលសនៃប្រទេសន័រ ដោយមិនបានឃើញស្ទឹងសង្កែ ទីកន្លែងដែលលោកធ្លាប់តែងចម្រៀងបម្រើអារម្មណ៍ប្រជាជាតិខ្មែររហូតដល់សព្វថ្ងៃទៀតឡើយ៕
អ្នកសរសេរអត្ថបទ
Mr. LEANG Delux, born in 1980, from Kampong Cham province, started his career as journalist in 2000 after graduated from RUPP where he received a Bachelor degree in French literature and a diploma in Journalism. Prior to holding the current position as Publisher of the well-known online news, www.thmeythmey.com, which he is a founder, Mr. Delux has worked for some renowned media outlets such as: french speaking newspaper Cambodge soir (2000-2009), Radio France Internationale (2002-2013) and Rasmei Kampuchea (2009-2011). While carrying out his journalism career, Mr. LEANG Delux has actively involved in training young journalists. He also won many prize writing contests organized by embassies and NGOs in Cambodia and had covered many international events abroad.

ព័ត៌មានពេញនិយម
-
៤ ថ្ងៃ