កម្ពុជា ឥណ្ឌា ម៉ាឡេស៊ី តាហ្ស៊ីគីស្ថាន និងយេម៉េន ឡើងទៅជុំទី៣ជាមួយ១៦ក្រុមទៀត
- ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:២៧ នាទី ព្រឹក

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា រួមជាមួយឥណ្ឌា ម៉ាឡេស៊ី តាហ្ស៊ីគីស្ថាន និងយេម៉ែន ទទួលបានកៅអីសម្រាប់ការប្រកួតជុំទីបីនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ជាមួយ១៦ក្រុមផ្សេងទៀត បន្ទាប់ពីពួកគេបានយកឈ្នះគូប្រជែងរៀងៗខ្លួនដែលរួមមាន ឆាយនីស តៃប៉ិ ឡាវ ទីម័រខាងកើត បង់ក្លាដែស និងម៉ាល់ឌីវ នៅវគ្គ Play-Off។

នៅក្នុងការប្រកួតវគ្គ Play-Off ទាំងពីរជើងនៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ កម្ពុជា បានយកឈ្នះ ឆាយនីស តៃប៉ិ ៤-២ [២-២ និង ២-០] ឥណ្ឌា បំបាក់ ឡាវ ៧-១ [១-០ និង ៧-១] ម៉ាឡេស៊ី ស៊ី ទីម័រខាងកើត ៦-០ [៣-០ និង ៣-០] តាហ្ស៊ីគីស្ថាន ផ្តល់មេរៀនដល់ បង់ក្លាដែស ៦-០ [៥-០ និង១-០] ខណៈយ៉េមែន ធ្វើឲ្យ ម៉ាល់ឌីវ មិនអាចតបតបានជាមួយនឹងលទ្ធផល ៤-០ [២-០ និង ២-០] ។
ជ័យជម្នះនាំឲ្យកម្ពុជា ឥណ្ឌា ម៉ាឡេស៊ី តាហ្ស៊ីគីស្ថាន និងយេម៉េន ឡើងទៅជុំទី៣ជាមួយ១៦ក្រុមទៀតដែលនៅរង់ចាំក្នុងនោះមាន អាហ្វហ្គានីស្ថាន បារ៉ែន ហ្គាម ហុងកុង ហ្ស៊កដានី គៀហ្ស៊ីស្ថាន គូវែត លីបង់ មីយ៉ាន់ម៉ា កូរ៉េខាងជើង អូម៉ង់ ប៉ាឡេស្ទីន ហ្វីលីពីន សិង្ហបុរី តួកមេនីស្ថាន និងវៀតណាម។ បច្ចុប្បន្ន គូវែត កំពុងជាប់បំរាមរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅឡើយ ហេតុដូច្នេះគេមិនទាន់ថា នឹងមានការរៀបចំរូបមន្តប្រកួតបែបណានោះឡើយ។
ជាមួយគ្នានេះ ក្រុមដែលធ្លាក់នៅវគ្គ Play-Off រួមទាំងប៊ូតង់ នៅមានឱកាសប្រជែងគ្នាសម្រាប់កៅអីបីកន្លែងទៀតនៅជុំទីបី។ ការប្រកួតវគ្គ Play-Off លើកទីពីរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា សម្រាប់ជើងទីមួយ និងថ្ងៃទី១១ ខែតុលា សម្រាប់ជើងទីពីរ ដោយ ម៉ាល់ឌីវ ជួប ឡាវ បង់ក្លាដែស ប៉ះ ប៊ូតង់ ខណៈទីម័រខាងកើត ត្រូវតទល់ជាមួយ ឆាយនីស តៃប៉ិ៕
ទស្សនាវីដេអូ
សកម្មភាពស៊ុតបញ្ចូលទី
សកម្មភាពអ្នកគាំទ្រជម្រើសជាតិកម្ពុជា
សកម្មភាពអ្នកគាំទ្រជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: