ចិន ទទូចឲ្យហ្វីលីពីនបញ្ឈប់នីតិវិធីប្តឹងចិននៅមជ្ឈត្តការអន្តរជាតិជាបន្ទាន់
- ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ៤:៣៣ នាទី រសៀល

តាមការរំពឹងទុក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ មជ្ឈត្តការនៃតុលាការអចិន្ត្រៃយ៍ក្រុងឡាអេ នៃប្រទេសហូឡង់ នឹងប្រកាសសេចក្តីសម្រេចសំណុំរឿងសមុទ្រចិនខាងត្បូងដែលប្តឹងដោយហ្វីលីពីនប្រឆាំងចិនហើយ។ បើទោះបីជាចិន បានប្រកាសមិនទទួលស្គាល់មជ្ឈត្តការនេះក៏ដោយ ក្រុងប៉េកាំង នៅតែទទូចឲ្យហ្វីលីពីនបញ្ឈប់នីតិវិធីនេះ និងងាកមករកការចរចាទ្វេភាគីវិញម្តង។

រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ បានទទូចឲ្យរដ្ឋាភិបាលក្រុងម៉ានីលបញ្ឈប់ នីតិវិធីនៃមជ្ឈត្តការអន្តរជាតិ និងត្រលប់ទៅរកការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូងតាមរយៈការចរចាទ្វេភាគីជាមួយនឹងចិនវិញ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនាឱកាសនៃការសង្ខេប ព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន។
ឆ្លើយតបនឹងសំណួរទាក់ទងនឹងសេចក្តីថ្លែងការណ៍ស្តីពីយន្តការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងរវាង ចិន និងហ្វីលីពីនរបស់ក្រសួងការបរទេសចិន លោក ហុង ឡី អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីថា គឺហ្វីលីពីនដែលជាអ្នកបិទទ្វាក្នុងការដោះស្រាយជម្លោះសមុទ្រតាមរយៈការបង្កើត មជ្ឈត្តការនៅឆ្នាំ២០១៣ ដែលបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ។
លោក បន្ថែមថា ការបង្កើតមជ្ឈត្តការអន្តរជាតិដោយឯកតោភាគីរបស់ហ្វីលីពីន បានបំពានទៅនឹងការប្តេជ្ញាចិត្តរបស់ហ្វីលីពីនជាមួយនឹងចិនកន្លងមកដែលបានបញ្ញត្តិទាំងនៅក្នុងកិច្ចព្រមព្រៀងរដ្ឋាភិបាលទាំងពីរ និងសេចក្តីថ្លែងការណ៍ស្តីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលចុះហត្ថលេខាដោយចិន និង អាស៊ានក្នុងឆ្នាំ២០០២។ ជាពិសេស អ្នកនាំពាក្យរូបនោះ ថែមទាំងចោទ ថា ហ្វីលីពីន បាន បំពានទៅនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ទៀតផង។
លោក សង្កត់ធ្ងន់ថា «ចិន ទទូចឲ្យហ្វីលីពីនបញ្ឈប់ការអនុវត្តខុសនៃនីតិវិធីមជ្ឈត្តការ និងត្រលប់ទៅរកមាគ៌ាដ៏ត្រឹមត្រូវក្នុងការដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងត្បូងតាមរយៈការចរចាទ្វេភាគីជាមួយនឹង ចិនវិញ»។
សូមជម្រាបផងដែរថា នៅឆ្នាំ២០១៣ ហ្វីលីពីន បានប្តឹងចិនទៅកាន់មជ្ឈត្តការអន្តរជាតិដោយបានចោទចិនថា បានរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ខ្លួនដែលបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS)។ ការសួរដេញដោលឬជំនុំជម្រះចុងក្រោយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយ ការប្រកាសមជ្ឈត្តវិនិច្ឆ័យនៃសំណុំរឿងនេះ ត្រូវបានរំពឹងថា នឹងត្រូវបានប្រកាសនៅខែ មិថុនា ឬកក្កដាខាងមុខនេះ ពោលគឺនៅពេលតុលាការបានពិនិត្យចប់សព្វគ្រប់ចំពោះភស្តុតាងរបស់ហ្វីលីពីនទាំងផ្ទាល់មាត់ និងជាអត្ថបទ។
សម្រាប់ក្រុងប៉េកាំង ការវិលទៅរកយន្តការ«ពិគ្រោះយល់ និងការចរចាទ្វេភាគី» គឺមិនហួសពេលនោះទេ ពោលគឺ ក្រុងប៉េកាំង បានប្រកាសថា ទា្វសម្រាប់ការដោះស្រាយលើបញ្ហាសមុទ្រចិនខាងត្បូងតែងតែបើកចំហរចាំហ្វីលីពីនជានិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: