ដូណាល់ ត្រាំ៖មិនបាច់រ៉ៃអង្គាសលុយច្រើនទេ ប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ខ្ញុំខ្លាំងស្រាប់ហើយ
- ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១១:១៩ នាទី យប់

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានអះអាងថា លោកមិនចាំបាច់ប្រមូលមូលនិធិឲ្យបានគ្រប់១ពាន់លានដុល្លារតាមការវាយតម្លៃសម្រាប់ការឃោសនាមុនការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាទេ។ នេះក៏ដោយសារលោកមានប្រជាប្រិយភាពនិងទទួលការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយស្រាប់ហើយ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg លោក ដូណាល់ ត្រាំ ស្រាប់តែបដិសេធការវាយតម្លៃរបស់ក្រុមឃោសនារបស់លោកដែលថា លោកត្រួវការរ៉ៃអង្គាសលុយឲ្យបាន ១ពាន់លានដុល្លារអាមេរិកដើម្បីឃោសនាបោះឆ្នោតខាងមុខ។ សេដ្ឋីអចលនទ្រព្យរូបនេះសង្កត់ធ្ងន់ថា លោកមិនត្រូវការលុយច្រើនរហូតដល់ ១ពាន់លានដុល្លារដើម្បីឃោសនានិងដាក់ពាណិជ្ជកម្មឡើយក្នុងការឃោសនានយោបាយព្រោះលោកទទួលការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយស្រាប់ទៅហើយ។
លោក ដូណាល់ ត្រាំ ឆ្លើយតបសំណួរអ្នកសារព័ត៌មានថា៖« គ្មានហេតុផលអ្វីដែលត្រូវរ៉ៃអង្គាសលុយច្រើនដូច្នេះឡើយ។ ខ្ញុំគ្រាន់តែមិនគិតថា ខ្ញុំត្រូវការលុយច្រើនដូចមនុស្សដ៏ទៃទៀតត្រូវការឡើយ ប្រោះខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំងស្រាប់ទៅហើយ។ ខ្ញុំទទួលបានការអញ្ជើញយ៉ាងច្រើនដើម្បី ចេញមុខតាមទូរទស្សន៍។ បើខ្ញុំទទួលការអញ្ជើញនោះ ខ្ញុំនឹងត្រូវគេសម្ភាសន៍ច្រើនហូរហែរ»។
តាំងពីចេញមុខឃោសនាដើម្បីប្រជែងក្នុងបក្សមក លោក ដូណាល់ត្រាំ នេះបានទាញយកប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធផ្សព្វផ្សាយ។ លោកចេញមុខនៅស្ទើរគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ហើយបទសម្ភាសន៍ឬព័ត៌មានរបស់លោកត្រូវបានចុះផ្សាយព្រឹក ថ្ងៃ ល្ងាច ទៅស្ទើគ្រប់បុស្តិ៍វិញទៅមក។ នេះក៏ដោយសារលោកជាអ្នកនយោបាយមួយរូបដែលងាយស្រួលទាក់ទងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដើម្បីអញ្ជើញមកសម្ភាសក្នុងកម្មវិធីព័ត៌មាននានា។
បើយោងតាមរបាយការណ៍សារព័ត៌មាន New York Times ដែលចេញផ្សាយខែ មីនាកន្លងទៅ លោក ដូណាល់ ត្រាំ អាចរកបានចំណូលបានប្រហែល ១.៩ ពាន់លានដុល្លារអាមេរិកពីប្រព័ន្ធផ្សព្វផ្សាយមិនគិតកម្រៃថែមទៀតផង ចាប់ពីលោកចាប់ផ្តើមយុទ្ធនាការឃោសនានយោបាយ៕
អ្នកសរសេរអត្ថបទ
សៅ ផលនិស្ស័យ (Sao Phal Niseiy) ជានិពន្ធនាយកសារព័ត៌មានភាសាអង់គ្លេស Cambodianess និងនិពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិនៃសារព័ត៌មានថ្មីៗ។ ទទួលបានសញ្ញាបត្របរិញ្ញាបត្ររដ្ឋបាលសាធារណៈ និងសិក្សាអន្តរជាតិ ផលនិស្ស័យក៏ជាអ្នកតាមព្រឹត្តិការណ៍អន្តរជាតិជាពិសេសវិបត្តិប្រែប្រួលអាកាសធាតុ និងកិច្ចការបរទេស។ Sao Phal Niseiy currently is Editor in Chief of Cambodianess News and Deputy Editor In Chief of Thmey Thmey Media in charge of international news desk, mostly covering climate crisis and foreign affairs. He earned degrees in Public Administration and International Studies.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ