បឹងកេតអង្គរបន្តប្រជែងពិន្ទុជាមួយការពារជាតិ ចំណែកព្រះខ័នរាជ និងណាហ្គាវើល រត់តាមពីក្រោយ
- ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ២:៥៩ នាទី រសៀល

ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីក សប្តាហ៍ទី១០ នៃជើងទី២ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ព្រះខ័នរាជស្វាយរៀង បានយកលើក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៥-៣ មុនបឹងកេតអង្គរ លត់ក្រុមអាស៊ីអឺរ៉ុប ៥-០។ ធ្វើឲ្យបឹងកេតបន្តប្រជែងជាមួយក្រសួងការពារជាតិ ចំណែកព្រះខ័នរាជស្វាយរៀង មានគូប្រជែងណាហ្គាវើល។

ក្រុមបឹងកេតអង្គរ និងក្រសួងកាពារជាតិ បន្ទាប់ប្រជែងគ្នានៅក្នុងជើងទី១ នៃសប្តាហ៍ទី៩ ដោយមាន២៤ពិន្ទុដូចគ្នា នោះ ក្រុមទាំងពីនៅតែបន្តប្រជែងគ្នាក្នុងសប្តាហ៍ទី១០ នៃជើងទី២នេះដោយមាន២៧ពិន្ទុ ដូចគ្នា។ ការស្មើនេះដែរបន្ទាប់ពីក្រុមបឹងកេតអង្គរបានលត់ក្រុមអាស៊ីអឺរ៉ុប ៥-០ កាលពីម្សិលមិញនៅពហុកីឡជាតិ ចំណែកក្រសួងការពារជាតិយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិ ២-០ កាលពីថ្ងៃសៅរ៍កន្លងទៅក្នុងសប្តាហ៍ទី១០នេះផងដែរ។
សម្រាប់ជ័យជម្នះរបស់បឹងកេតអង្គរនេះសម្រេចបានដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់នៅនាទី៦៣ និង៧៣ និងកីឡាករ Omogba ២គ្រាប់នៅនាទី៥០ និង៨៤ ព្រមទាំងមានការរួមចំណែកដោយកីឡាករ រស់ សំអឿន មួយគ្រាប់នៅនាទី៨២។ ចំណែកក្រសួងការពារជាតិសម្រេចដោយកឡាករជនជាតិកូរ៉េខាងជើង Ri Hyok-chol នៅនាទី៣៧ និងនាទី៤៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀង កំពុងមានគូប្រជែងដែលតាមយ៉ាងប្រកៀតប្រកិត គឺក្រុមណាហ្គាវើលនៅក្នុងសប្តាហ៍ទី១០នេះ ដោយក្រុមនេះមាន១៩ពិន្ទុ ចំណែកណាហ្គាវើលមាន១៧។ ការរក្សាឈរលំដាប់លេខ៣ជាបណ្តោះអាសន្នរបស់ក្រុមព្រះខ័នរាជស្វាយរៀងនេះ ក្រោយពីយកឈ្នះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ៥-៣ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។
ជ័យជម្នះរបស់ក្រុមព្រះខ័នរាជស្វាយរៀងនេះ សម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ចំនួន២គ្រាប់នៅនាទីទី២៤ និង៣១ និងមានការរួមមចំណែកម្នាក់មួយគ្រាប់របស់កីឡាករ សុខ សំណាង នៅនាទី៧៣ កីឡាករ នេន សុធារ័ត្ន នៅនាទី៦៥ ចំណែកមួយគ្រាប់ទៀតសម្រេចដោយកីឡាករ ស្លេះ សេន ដោយការទាត់បញ្ចូលទីខ្លួនឯង។
ចំណែក៣គ្រាប់របស់ស៊ីម៉ាក់ រកបានដោយកីឡាករ ហុង មករា នៅនាទីទី៥៧ និង វ៉ា បុទ័រ នៅនាទី៧៨ ខណៈ១គ្រប់ទៀត កីឡាករ សឿយ វិសាល ឲ្យធ្វើចូលទីដោយខ្លួនឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: