ប្រដាល់៖ ភី អិន អិន បើកការប្រកួតជើងឯកទម្ងន់៧៥គីឡូក្រាម
- ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ៣:៤៥ នាទី រសៀល

ក្រោយសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់រជ្ជកាលទី៣ទម្ងន់៦៩គីឡូក្រាមរបស់ ភីអិនអិន បានបញ្ចប់កាលពីសប្តាហ៍មុន ដោយកីឡាករ ឡុង សុវណ្ណឌឿន ជាអ្នកគ្រងតំណែងជើងឯក និងកីឡាករ ពេជ្រ សីហា ជាអ្នកគ្រងជើងឯករង។ សមរភូមិអ្នកប្រយុទ្ធបានបើករដូវកាលថ្មីទី៤លើប្រភេទទម្ងន់៧៥គីឡូក្រាមដោយមានកីឡាករ៨រូបចូលរួម ក្នុងនោះកម្ពុជា៤រូប និងថៃ៤រូប។

ក្រោយកីឡាករ ឡុង សុវណ្ណឌឿន និងពេជ្រ សីហា គ្រងជើងឯកនិងជើងឯករងរជ្ជកាលទី៣ទម្ងន់៦៩គីឡូក្រាមកាលពីសប្តាហ៍មុន។ កីឡាករកម្ពុជា អ៊ុង វីរៈ, ព្រំ សំណាង, មាស ភារម្យ និងកីឡាករ សុខ ទូច ត្រូវបានសមរភូមិអ្នកប្រយុទ្ធរបស់ភិអិនអិនដាក់ឲ្យប្រជែងជាមួយកីឡាករថៃ ឌីសេលលេក ថមឃិងបុកស៊ីង, កាំឡាយផេត ថ.ផ្រានយីស៊ីបហុក, តងចេ ឆ.ឆាណាធីប និងកីឡាករ ណាក់រ៉បដាំ ស៊ីតចាណយ។
កីឡាករទាំង៨នាក់នេះនឹងធ្វើការប្រកួតប្រជែងគ្នាក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម ដើម្បីដណ្តើមជើងឯកប្រចាំប្រចាំរជ្ជកាលទី៤នៃកម្មវិធីសមរភូមិអ្នកប្រយុទ្ធរបស់ភីអិនអិនចាប់ពីថ្ងៃទី២៥ ខែកញ្ញា នេះតទៅ។ ដោយនារសៀលនេះ កីឡាករ មាស ភារម្យ មកពីក្លិបកងទ័ពជើងទឹក ត្រូវជួបប្រកួតជាមួយកីឡាករថៃ ឌីសេលលេក ថមឃិងបុកស៊ីង។
ចំណែកកីឡាករ សុខ ទូច មកពីក្លិបដែនសមុទ្រមានរិទ្ធខេត្តព្រះសីហនុ ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៧២ដង ឈ្នះ៥១ ចាញ់១៨ និងស្មើ៣ដង ដែលអតីតកីឡាករប្រដាល់សកលជម្រើសជាតិនៅ Sea Game 2015 នៅសិង្ហបុរី ត្រូវតទល់ជាមួយកីឡាករថៃ ឡាយផេត ថ.ផ្រានយីស៊ីបហុក។
សម្រាប់រដូវកាលថ្មីនេះ លោក សំណព្វ ប្រធានគ្រប់គ្រងកម្មវិធីកីឡារបស់ ភីអិនអិន បានសន្យាថា នឹងមិនឲ្យកីឡាករកម្ពុជាជួបប្រកួតគ្នាដូចរដូវកាលមុននោះឡើយ ទោះបីមានកីឡាករបោះបង់ការប្រកួត ឬរបួសយ៉ាងណាក៏ដោយ។ លើសពីនេះលោកនៅតែប្រកាន់គោលជំហរដូចរដូវមុនដដែល ប្រសិនបើមានកីឡាករ ឬអាជ្ញាកណ្តាល ចៅក្រម លក់ខ្លួន នឹងមិនឲ្យមានវត្តមាននៅ ភីអិនអិន ជារៀងរហូត៕
© រក្សាសិទ្ធិដោយ thmeythmey.com