
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរដទៃទៀត ដែលប្រជាជនខ្មែរទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណរៀងមក។ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ។ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីខ្មែរយើង មិនមែនជាបុណ្យព្រះពុទ្ធសាសនាទេ តែរបៀប នៃពិធីបុណ្យនេះ ត្រូវបានធ្វើឡើងតាមលំនាំព្រះពុទ្ធសាសនា ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុប ជាអ្នកកាន់ព្រះពុទ្ធសាសនា។

តើបុណ្យភ្ជុំបិណ្ឌកើតឡើងតាំងពីពេលណា ហើយហេតុអ្វីបានជាមានបុណ្យនេះនៅក្នុងប្រទេសខ្មែរយើង? ហេតុអ្វីបានជាបុណ្យភ្ជុំបិណ្ឌមានតែរយៈពេលតែ១៥ថ្ងៃ? ម្យ៉ាងទៀត ហេតុអ្វីបានជាបុណ្យនេះត្រូវបានប្រារព្ធឡើងក្នុងរដូវចូលព្រះវស្សាយ៉ាងដូច្នេះ?
ពិធីបុណ្យភ្ជុំបិណ្ឌ ឬយើងហៅពីសម័យមុនថា បុណ្យសែនដូនតា បានកើតមានឡើងតាំងពីបុរាណកាល ពោលគឺតាំងពីសម័យអង្គរមកម្ល៉េះ។ បើតាមគម្ពីរវិញនោះ ច្បាស់ណាស់ថាមានរឿងនិទានទាក់ទងនឹងការកកើតពិធីបុណ្យភ្ជុំបិណ្ឌនេះ ប៉ុន្តែដោយសារតែរឿងនិទាននេះមានដំណើរដើមទងវែងអន្លាយ និងស្មុគស្មាញក្រៃពេក ហើយហាក់ដូចជាមិនសូវឆ្លុះបញ្ចាំងពីភាពប្រាកដនិយមសម្រាប់ជីវិតរបស់យើងបច្ចុប្បន្នឡើយ ដូច្នេះ ខ្ញុំសូមអធ្យាស្រ័យមិនរៀបរាប់អំពីរឿងនិទាននេះទៅចុះ។ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំសូមលាតត្រដាងនូវគំនិតអ្នកប្រាជ្ញខ្មែរយើង ទាក់ទងនឹងមូលហេតុដែលនាំឲ្យកើតពិធីបុណ្យនេះ ដើម្បីជាការយល់ដឹងសម្រាប់ជីវិតរស់នៅជាក់ស្តែងនាពេលបច្ចុប្បន្ន។
តាមគំនិតអ្នកប្រាជ្ញខ្មែរយើង លោកបានពោលទុកនូវមូលហេតុចម្បងៗមួយចំនួន ដែលនាំឲ្យកម្ពុជាយើងបង្កើតពិធីបុណ្យភ្ជុំបិណ្ឌនេះ។ មូលហេតុទាំងនោះរួមមាន៖
១. មូលហេតុដ៏ធំបំផុត ដែលនាំឲ្យមានបុណ្យភ្ជុំបិណ្ឌនៅក្នុងប្រទេសយើងនោះ គឺពិធីបុណ្យនេះ ត្រូវបានបង្កើតឡើងដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។ ហេតុដូច្នេះ ទើបអ្នកប្រាជ្ញខ្មែរយើង នាំគ្នាបង្កើតឲ្យមានពិធីបុណ្យនេះរៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ រហូតដល់ថ្ងៃចេញវស្សា។ អ៊ីចឹង យើងឃើញថា កាលពីបុរាណសម័យ បុណ្យភ្ជុំបិណ្ឌនេះ គឺមានរយៈពេល ៣ខែឯណោះ ទើបចប់ ពោលគឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។ ប៉ុន្តែ សម័យក្រោយៗមកទៀត អ្នកប្រាជ្ញខ្មែរយើង ជាពិសេសអ្នកប្រាជ្ញទាំងឡាយដែលជាព្រះសង្ឃ បានមើលឃើញភាពលំបាកយ៉ាងខ្លាំងរបស់គ្រហស្ថ ដែលត្រូវចំណាយរយៈពេល ៣ខែ ដែលជារយៈពេលយ៉ាងយូរក្នុងការផ្គត់ផ្គង់ព្រះសង្ឃ។ ម្យ៉ាងទៀតធ្វើឲ្យគ្រហស្ថខាតពេលវេលា ធ្វើស្រែចម្ការទៀតផង។ ហេតុដូច្នេះហើយ បានជាអស់លោកអ្នកប្រាជ្ញទាំងនោះ ព្យាយាមកែប្រែពីការប្រារព្ធបុណ្យភ្ជុំបិណ្ឌរយៈពេល៣ខែ មកត្រឹមរយៈពេល១៥ថ្ងៃ រហូតដល់បច្ចុប្បន្ន។ ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ប្រជារាស្ត្រក្នុងការធ្វើស្រែចម្ការ ដោយហេតុថា ព្រះសង្ឃផ្ញើជីវិតនឹងប្រជាកសិករ ដូច្នេះបើប្រជារាស្ត្រលំបាក និងមានបញ្ហាជីវភាព នោះជីវិតព្រះសង្ឃក៏ត្រូវជួបនឹងបញ្ហាដូចប្រជាពលរដ្ឋដែរ។
២. ពិធីបុណ្យនេះ ធ្វើឡើងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយ ដែលបានចែកស្ថានទៅហើយ តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យវត្ថុផ្សេងៗ ដល់ព្រះសង្ឃ និងអ្នកមានសីល ឬអ្នកមានគុណធម៌ខ្ពង់ខ្ពស់។ ស្ថានភាពរបស់សត្វលោកនាពេលបច្ចុប្បន្ន បើទោះបីមានឬក្រ ស្រួលឬលំបាក សុខឬទុក្ខ សើចឬយំ គឺយើងអាចមើលឃើញនឹងភ្នែកទាំងអស់។ តែអ្វីដែលយើងមិនអាចវិនិច្ឆ័យបាននោះ គឺក្រោយពេលជីវិតផុតរលត់ទៅ ដោយយើងមិនអាចដឹងច្បាស់ថា តើជីវិតអ្នកដែលបាត់បង់ទៅ នឹងកើតជាអ្វី ឬកើតក្នុងស្ថានណានោះឡើយ។ ហេតុដូច្នេះហើយ ទើបអ្នកប្រាជ្ញខ្មែរយើង អប់រំប្រជារាស្ត្រ ដែលជាកូនចៅកំពុងតែមានជីវិតរស់នៅ ឲ្យចេះធ្វើទាន រក្សាសីល ដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានចែកស្ថានទៅហើយ ព្រោះក្រែងលោ អស់លោកអ្នកមានគុណទាំងនោះ ភ្លាត់សតិ ទៅកើតក្នុងស្ថានមិនសមគួរណាមួយ តួយ៉ាងដូចជា កើតជាសត្វប្រេត ឬសត្វនរកជាដើម ដែលជាសត្វត្រូវរងទុក្ខវេទនា និងរងកម្មក្រហល់ក្រហាយយ៉ាងក្រៃលែង។
៣. ក្រៅពីការធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកស្ថាន ពិធិបុណ្យនេះក៏ជាឱកាសសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស អាចធ្វើបុណ្យ បំពេញកុសល សម្រាប់សេចក្តីសុខ និងសេចក្តីចម្រុងចម្រើនសិរីសួស្តីដល់ខ្លួនឯង នាលបច្ចុប្បន្ន និងសម្រាប់ជាស្ពានទៅកាន់លោកខាងមុខផងដែរ។ អ្នកប្រាជ្ញខ្មែរយើងតែងពោលថា៖ «កើតមក គ្មានអ្វីមកតាមខ្លួននោះទេ ហើងស្លាប់ទៅវិញ ក៏គ្មានអ្វីទៅតាមខ្លួនដែរ គឺមានតែបុណ្យនិងបាបប៉ុណ្ណោះ»។ ដូច្នេះបើធ្វើបុណ្យ នោះបុណ្យនិងទៅតាមខ្លួន តែបើធ្វើបាប នោះបាបនិងទៅតាមខ្លួន។
៤. បុណ្យភ្ជុំបិណ្ឌ គឺជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីបង្កើតសាមគ្គីរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូល។ ដោយសារតែប្រទេសយើង ជាទឹកដីដែលពឹងផ្អែកលើកសិកម្ម ហេតុដូច្នេះហើយប្រជាពលរដ្ឋភាគច្រើនរវល់រៀងៗខ្លួន ក្នុងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត រហូតដល់គ្មានពេលជួបជុំគ្នាឡើយ។ ការដែលមិនសូវជួបជុំគ្នា គឺជាហេតុនាំឲ្យយើងមិនស្និទ្ធស្នាល និងមិនសូវយល់ចិត្តគ្នា។ ការមិនយល់ចិត្តគ្នា ជាហេតុនាំឲ្យយើងមិនជឿទុកចិត្តគ្នា។ ការមិនជឿទុកចិត្តគ្នា ជាហេតុនាំឲ្យយើងបែកបាក់សាមគ្គីគ្នា។ ការបែកបាក់សាមគ្គីគ្នា ជាហេតុនាំឲ្យប្រទេសជាតិវឹកវរ។ ប្រទេសជាតិជួបភាពវឹកវរ ជាហេតុនាំមកនូវសេចក្តីទុក្ខទាំងពួង ដល់ប្រជារាស្ត្រគ្រប់រូប។ អញ្ចឹងហើយបានជាអ្នកប្រាជ្ញខ្មែរយើង បង្កើតពិធីបុណ្យនេះ ដើម្បីបង្ខាញពីភាពស្រុះស្រួលគ្នា និងសាមគ្គីភាពរបស់ពលរដ្ឋគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស។
មូលហេតុចម្បងៗទាំងនេះហើយ ដែលនាំឲ្យអ្នកប្រាជ្ញខ្មែរយើង រួបរួមគ្នាបង្កើតឲ្យមានបុណ្យភ្ជុំបិណ្ឌនេះឡើងនៅប្រទេសកម្ពុជា តាំងពីសម័យអង្គរ រហូតដល់ពេលបច្ចុប្បន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: