ក្រសួង​៖«​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​របស់​អាមេរិក​»​ដែល​ចិន​រឹបអូស​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ដល់ដៃ​អាមេរិក​វិញ​ហើយ​
  • ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦ ​​ ម៉ោង ៥:៤៩ នាទី ល្ងាច
ក្រសួង​៖«​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​របស់​អាមេរិក​»​ដែល​ចិន​រឹបអូស​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ដល់ដៃ​អាមេរិក​វិញ​ហើយ​
ប្រភពរូបភាព៖ គេហទំព័រក្រសួងការពារជាតិអាមេរិក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​២០ ធ្នូ​នេះ បានប្រគល់​«​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​»​របស់​អាមេរិក ដែល​ខ្លួន​បាន​រឹប​អូ​ប​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ទៅ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​វិញ​ហើយ​។ ការប្រគល់​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​ដែល​ហៅ​កាត់​ថា «UUV (unmanned underwater vehicle)» នេះ​ធ្វើឡើង ក្រោយពី​មាន​ទាំង​ការប្រទាំងប្រទើស និង​ការចរចា​គ្នា​ដុតដៃដុតជើង​នោះ​។
TTN-Free-Banner-In-Article-PC


​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ចិន​ដែល​ផ្សាយ​តាម​គេហទំព័រ​អន​ឡាញ​របស់ខ្លួន​នោះ ចិន បានប្រគល់​ឧបករណ៍​ស្រាវជ្រាវ​ក្រោម​ទឹក​របស់​អាមេរិក ដែល​ខ្លួន​បាន​រឹបអូស​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​ឲ្យ​អាមេរិក​វិញ​ដោយ​រលូន​នៅ​រសៀល​ថ្ងៃទី​២០ ធ្នូ​នេះហើយ​។ សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា ការប្រគល់​ឲ្យ​នោះ ធ្វើឡើង​ក្រោម​ការពិគ្រោះ​យោបល់ ដោយ​មេត្រីភាព​រវាង​ភាគ​ទាំងពីរ​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១៦ ធ្នូ​កន្លងទៅ អាមេរិក បាន​ប្រតិកម្ម​ខ្លាំង ដោយ​ថែមទាំង​ចោទ​ចិន​ថា​បាន​រឹប​អូ​បរ​បស់​ដែលជា​សកម្ម​សិទ្ធិ​របស់​ខ្លួន​ដោយ​ខុសច្បាប់​ទៀតផង​។ ក្រសួងការពារជាតិ​អាមេរិក បានចេញ​ថ្លែងការណ៍​មួយ​ដោយបាន​បញ្ជាក់ថា​៖«​ក្រសួងការពារជាតិ​(​អាមេរិក​) ទទូច​ឲ្យ​ឲ្យ​ចិន​ប្រគល់​ឧបករណ៍​រុករក​ក្រោម​ទឹក​ដែល​រឹបអូស​ដោយ​ខុសច្បាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាបន្ទាន់​»​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ ក្រសួង ក៏បាន​ពន្យល់ថា ឧប្បទ្ទវហេតុ បាន​កើតឡើង​នៅក្នុង​ដែនទឹក​អន្តរជាតិ នៅ​ភាគ​ខាងជើង​នៃ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន​នោះទេ​។ ហើយ​សកម្មភាព​របស់​ឧបករណ៍​នោះ ធ្វើឡើង​ដោយ​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​នោះទេ​។​

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Yang Yujun នៅ​ល្ងាច​ថ្ងៃទី​១៧ ធ្នូ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ពន្យល់ថា ទាហានជើងទឹក​ចិន បាន​រកឃើញ​ឧបករណ៍​មួយ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។ លោក បាន​បន្ថែមទៀតថា​៖«​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​គំរាមកំហែង​ពី​ឧបករណ៍​នោះ​លើ​សុវត្ថិភាព​នាវាចរណ៍ យោធា​ជើង​ទឹក​ចិន បាន​អនុវត្ត​ចំណាត់ការ​ឆ្លើយតប​បែប​វិជ្ជាជីវៈ​ក្នុង​គោលដៅ​ស៊ើបអង្កេត និង​ពិនិត្យថា​ជា​ឧបករណ៍​អ្វី​ពិតប្រាកដ​»៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល