ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ចុះទៅ​ជួប​ផ្ទាល់ និង​ស្តាប់​ពី​ផល​លំបាក​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»​ដែលរ​ត់ទៅ​បង់​ក្លា​ដែ​ស​
  • ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ ​​ ម៉ោង ៣:២៩ នាទី រសៀល
ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ចុះទៅ​ជួប​ផ្ទាល់ និង​ស្តាប់​ពី​ផល​លំបាក​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»​ដែលរ​ត់ទៅ​បង់​ក្លា​ដែ​ស​
ប្រភពរូបភាព៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី

​ក្រោយ​បាន​ស្តាប់​ពី​ការធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានភាព​តំបន់​ជម្លោះជាតិសាសន៍​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី បាន​បន្តដំណើរ​ទៅកាន់​បង់​ក្លា​ដែ​ស​ដើម្បី​ជួប​ផ្ទាល់​ជាមួយនឹង​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ត្រូវបាន​គេ​ជឿជាក់ថា យោធា បាន​បណ្តេញ និង​ធ្វើ​បុក​ម្នេញ​ទៅលើ​ពួកគេ​ក្នុង​ប្រតិបត្តិការ​ចុងក្រោយ​នេះ​។
TTN-Free-Banner-In-Article-PC


​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​២០ ធ្នូ បាន​ជួប និង​ស្តាប់​ពី​អាមរ​ម្មណ៍ និង​ទុក្ខលំបាក​ដោយផ្ទាល់​របស់​ក្រុម​ជនភៀសខ្លួន​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ជំរំ Bazar នៃ​ប្រទេស​បង់​ក្លា​ដែ​ស​។ ដំណើរ​ចុះ​ជួប​របស់​លោកស្រី​រដ្ឋមន្ត្រី​រូបនេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី បាន​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅក្នុង​រ៉ង​ហ្គូ​ន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ស្តីពី​ការវិវត្ត​ចុងក្រោយ​នៃ​វិវាទ​ជាតិ​សាសន៍​នៅ​រដ្ឋ Rakhine រវាង​យោធា និង​ក្រុម​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​។

​តាមរយៈ​ដំណើរ​ចុះ​សំណេះសំណាល​របស់លោក​ស្រី ដែល​អម​ជាមួយនឹង​សម​ភាគី​បង់​ក្លា​ដែ​ស​រដ្ឋមន្ត្រីការបរទេស លោក AH Mahmood Ali នោះ លោកស្រី បាន​ចំណាយពេល​ច្រើន​ដើម្បី​និយាយ​ជាមួយនឹង​ក្រុម​ជនភៀសខ្លួន​ដែល​ខ្លះ​បាន​ចុះបញ្ជី និង​ខ្លះទៀត​មិនទាន់​ចុះបញ្ជី​ដើម្បី​ស្នាក់​នៅក្នុង​ជំរំ​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ឥណ្ឌូនេស៊ី The Jakarta Post ដែល​បាន​បញ្ជាក់ថា ការធ្វើ​អធិប្បាយ​រវាង​ប្រតិភូ​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​ទាំងនោះ មិនត្រូវ​បាន​ឲ្យ​ដឹង​នោះទេ ដ្បិត​ក្រុម​អ្នកសារព័ត៌មាន មិនត្រូវ​បានអនុញ្ញាត​ឲ្យ​នៅក្បែរ​។​

​បើតាម​កិច្ចសម្ភាសន៍​របស់​សារព័ត៌មាន BBC​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នោះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការិយាល័យ​ជនភៀសខ្លួន​ប្រចាំ​ព្រំដែន​បង់​ក្លា​ដែ​ស លោក John McKissick បាន​អះអាងថា ទាហាន និង​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​ចូលរួម​អនុវត្ត​«​ទណ្ឌកម្ម​ជា​សមូហភាព​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​»​នៅ​រដ្ឋ Rakhine ចាប់តាំងពី​ថ្ងៃទី​០៩ ខែតុលា​មក​។ ពេលនោះ​ហើយ​ដែល​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា បានចាប់ផ្តើម​ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ជាពិសេស​បង់​ក្លា​ដែ​ស​នោះ​។

​ប្រធានការិយាល័យ​ជនភៀសខ្លួន​រូបនោះ ក៏បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​បាញ់សម្លាប់​បុរស និង​សម្លាប់​ក្មេង រំលោភ​ស្ត្រី ដុត និង​លួច​ផ្ទះ​របស់​ជនជាតិ​ទាំងនោះ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ បង្ខំ​ប្រជាជន​ទាំងនោះ​ឲ្យ​ឆ្លងកាត់​តាម​ទន្លេ​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ដែលជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា​។

​ដោយសារតែ​បញ្ហា​នេះហើយ បានធ្វើ​ឲ្យ​សមាជិក​អាស៊ាន ដែល​រួមមាន​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ត្រូវ​ប្រឈមមុខ​ការទូត​ជាមួយនឹង​គ្នា ដ្បិត​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប រ៉ា​ហ្សា​ក់​តែ​ម្តងនោះ បាន​ដឹកនាំ​បាតុកម្ម​ប្រឆាំង និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បញ្ឈប់​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិភាគតិច​ទាំងនោះ ខណៈ មី​យ៉ាន់​ម៉ា ចាត់ទុក​សកម្មភាព​នោះ​ថា​ជាការ​ជ្រៀតជ្រែក​។

​នៅ​ថ្ងៃទី​១៩ ធ្នូ​កន្លងទៅ ក្រោយពី​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​សង្ខេប​ពី​ហេតុការណ៍​ចុងក្រោយ​នៃ​រដ្ឋ Rakhine ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​ការទូត​អាស៊ាន ក៏មាន​ស​ញ្ជា​វិជ្ជមាន​មួយចំនួន​សម្រាប់​ជនជាតិភាគតិច​ទាំង​នោះដែរ​។ សញ្ញា​វិជ្ជមាន​នោះ​គឺ មេដឹកនាំ​ការទូត​អាស៊ាន ក៏បាន​បង្ហាញ​ការត្រៀម​លក្ខណៈ​រួចជាស្រេច​ក្នុង​ជួយ​ជំនួយ​មនុស្សធម៌ និង​ការអភិវឌ្ឍ​ទៅកាន់​រដ្ឋ​មាន​បញ្ហា ខណៈ​មី​យ៉ាន់​ម៉ា ក៏​អះអាង​ពី​ការត្រៀមខ្លួន​ផងដែរ​សម្រាប់​បញ្ជូន​ជំនួយ​ទាំងនោះ ក៏ដូចជា​បន្ត​រក្សា​ការផ្តល់​ព័ត៌មាន​ពី​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មាន​បញ្ហា​នោះ​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល