ប្រមុខសិទ្ធិមនុស្សUN ទទូចឲ្យតុលាការហ្វីលីពីនស៊ើបអង្កេតលោក Duterte ក្រោយលោក សារភាពថាលោកធ្លាប់សម្លាប់មនុស្ស«បីនាក់»
- ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ៩:១៩ នាទី យប់

មិនទុកឲ្យនៅយូរឡើយ ក្រោយតែប៉ុន្មានថ្ងៃដែលលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសារភាពថាលោក ធ្លាប់សម្លាប់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដោយផ្ទាល់ក្នុងពេលលោកកាន់អំណាចជាអភិបាលក្រុង ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទទូចឲ្យអាជ្ញាធរ និងតុលាការហ្វីលីពីនចាត់វិធានការលើករណីនេះដើម្បីធានាពីនីតិរដ្ឋ និងច្បាប់អន្តរជាតិនោះ។

ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein នៅថ្ងៃទី២០ ធ្នូ បានទទូចឲ្យតុលាការហ្វីលីពីនបើក និងដំណើរការការស៊ើបអង្កេតមួយលើករណីរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលបានសារភាពថា លោកធ្លាប់សម្លាប់ជនសង្ស័យដោយខ្លួនឯងផ្ទាល់នោះ។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងស្របពេលដែល លោកប្រធានាធិបតីរូបនេះ កំពុងតែរងនូវការរិះគន់ខ្លាំងពីចំណាត់ការបង្ក្រាបគ្រឿងញៀន ដោយថែមទាំងមានការព្រមានពីតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរនោះ។
សូមរម្លឹកផងដែរថា នៅថ្ងៃទី១៤ ធ្នូកន្លងទៅ ថ្លែងនៅចំមុខក្រុមអ្នកជំនួញក្នុងវិមានប្រធានាធិបតី លោក រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) បាននិយាយថា លោក បានសម្លាប់ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនដោយផ្ទាល់ នៅពេលដែលលោក ធ្វើជាអភិបាលក្រុងដាវ៉ាវនោះ។ លោក បានសង្កត់ធ្ងន់ថា៖« ខ្ញុំ បានធ្វើជុំវិញក្រុងដាវ៉ាវតាមរយៈម៉ូតូ ហើយ ខ្ញុំ ក៏ឆ្លៀតល្បាតតាមដងផ្លូវ និងព្យាយាមស្វែងរកកន្លែងដែលមានបញ្ហា។ ពេលនោះ ខ្ញុំ ចង់ស្វែងរកអ្នកចង់តដៃដើម្បីសម្លាប់ណាស់។» លោកនិយាយបែបដើម្បីលើកទឹកចិត្តប៉ូលិសកុំឲ្យមានការភ័យខ្លាចក្នុងការអនុវត្តការបញ្ជារបស់លោក្នុងការបោសសម្អាតជនល្មើសគ្រឿងញៀន។ លោកថែមទាំងបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន BBC ថា លោក បានសម្លាប់មនុស្សប្រហែលជា«បីនាក់»ក្នុងពេលជាអភិបាលក្រុងទៀតផង។
ជុំវិញបញ្ហានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Ra'ad Al Hussein តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការខ្លួន បានចាត់ទុកសកម្មភាពរបស់លោកប្រធានាធិបតី Duterte ថា បានបំពាននឹងច្បាប់អន្តរជាតិហើយ។ ប្រមុខសិទ្ធិមនុស្សរូបនេះ ថែមទាំងសង្កត់ធ្ងន់ថា៖«តុលាការហ្វីលីពីន ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជាការអនុវត្តនីតិរដ្ឋ និងឯករាជ្យភាពរបស់ខ្លួនពីអង្គការនីតិបញ្ញត្តិតាមរយៈការបើកការស៊ើបអង្កេតវែកមុខឃាតករ»។
លោកបន្តទៀតថា៖«ការសម្លាប់ដែលប្រព្រឹត្តដោយលោក Duteter ដោយត្រូវបានសារភាពដោយខ្លួនលោកផ្ទាល់ ក្នុងពេលដែលលោក ធ្វើជាអភិបាលក្រុង បានបញ្ជាក់យ៉ាងច្បាស់ហើយថាលោក អាចចាត់ទុកថាជាឃាតករ»។
សូមជម្រាបផងដែរថា គិតចាប់ពីឡើងកាន់អំណាចជាផ្លូវការជាប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី៣០ មិថុនាកន្លងទៅ មានជនសង្ស័យ និងឈ្មួញគ្រឿងញៀនមិនតិចជាង៣០០០នាក់នោះទេត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ«សង្គ្រាមប្រឆាំងគ្រឿងញៀន»របស់លោក ឌើទើតេនោះ។ ទោះចំនួនការស្លាប់ដ៏ច្រើន ត្រូវបានរដ្ឋបាលលោកឌើទើតេ អះអាងថាក្នុងប្រតិបត្តិការរបស់ប៉ូលិសដោយស្របច្បាប់ក៏ដោយ ទាំងអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការសិទ្ធិមនុស្សជាច្រើន បានព្រួយបារម្ភ និងទទូចឲ្យហ្វីលីពីនគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
នៅថ្ងៃទី១៣ ខែតុលា កន្លងទៅ រដ្ឋអាជ្ញា តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅកាត់ថា ICC លោកស្រី Fatou Bensouda បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបាមរម្ភពីស្ថានភាពហ្វីលីពីនដែលពាក់ព័ន្ធនឹងការស្លាប់រាប់ពាន់នាក់នៅក្នុងប្រតិបត្តិការបោសសម្អាតគ្រឿងញឿន។ លោកស្រីរដ្ឋអាជ្ញា បានអះអាងថា តុលាការ បានដឹងលឺពីរបាយការណ៍នៃការសម្លាប់ក្រៅប្រព័ន្ធតុលាការនោះ និងថែមទាំងសោកស្តាយចំពោះសេចក្តីថ្លែងការណ៍របស់មេដឹកនាំជាន់ខ្ពស់ហ្វីលីពីន ដែលហាក់ដូចជាលើកទឹកចិត្តឲ្យមានការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនោះ។ ជាងនេះទៅទៀត លោកស្រី ក៏ព្រមានថាអាចនឹងចាត់ការទៅលើសំណុំរឿងនេះទៀតផង៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: