នាយករដ្ឋមន្ត្រីរដ្ឋអាហ្វ្រិក Sao Tome ថា ការផ្តាច់ការទូតជាមួយតៃវ៉ាន់របស់ខ្លួន ព្រោះចិន ល្អជាង
- ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ៧:៣៩ នាទី ល្ងាច

នាយករដ្ឋមន្ត្រីរដ្ឋអាហ្វ្រិក Sao Tome and Principe លោក Patrice Trovoada នៅថ្ងៃទី ២២ ធ្នូ បានចេញថ្លែងការណ៍ជាផ្លូវការមួយដោយ លោក បានបញ្ជាក់ថា ការផ្តាច់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ គឺជាជម្រើសមួយដ៏ត្រឹមត្រូវ។ លោកនិយាយបែបនេះ ដោយមើលឃើញពីការទទួលបានផលប្រយោជន៍ពីគោលនយោបាយចិនតែមួយ ដ្បិតរដ្ឋកោះអាហ្វ្រិកមួយនេះ ក៏ត្រូវការអភិវឌ្ឍន៍ប្រទេស និងស្រោចស្រង់អាយុជីវិតរបស់ប្រជាជនខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងចិននោះ។

«វា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតសម្រាប់ Sao Tome and Principe។ យើង មានផែនការរបស់យើង ហើយ ក៏មានការប្តេជ្ញាចិត្តដើម្បីប្រជាជនរបស់យើងក្នុងការធ្វើឲ្យល្អប្រសើរសម្រាប់ការរស់នៅរបស់ពួកគេផងដែរ»។ នេះសេចក្តីថ្លែងការណ៍បំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី Patrice Trovoada ទៅកាន់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងការផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់ ដែលបានដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មាន Reuters។
លោកនាយករដ្ឋមន្ត្រីរដ្ឋអាហ្វ្រិករូបនេះ ក៏បានពន្យល់ទៀតថា ការភ្ជាប់ទំនាក់ទំនងជាមួយនឹងចិន គឺជាទំនាក់ទំនងយុទ្ធសាស្ត្រដ៏សំខាន់ ដ្បិតចិន គឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក និងក៏ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលស្ថាប័នដ៏មានឥទ្ធិពលដែលមានសិទ្ធិសម្រេចលើជោគវាសនានយោបាយ និងសណ្តាប់ធ្នាប់ពិភពលោកនោះ។ នេះបើយោងតាមប្រភពព័ត៌មានដដែលនោះ។
សូមរម្លឹកផងដែរថា ប្រទេសកោះអាហ្វ្រិក Sao Tome and Principe នៅថ្ងៃទី២០ ធ្នូ បានប្រកាសជាផ្លូវការក្នុងការផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់ ហើយទទួលស្គាល់អធិបតេយ្យរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ Sao Tome and Principe គឺជាប្រទេសទីមួយហើយ ដែលបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតែវ៉ាន់ ក្រោយលោកស្រីប្រធានាធិបតី Tsai Ing-wen ឡើងកាន់អំណាចនោះ។
ប្រាកដណាស់ការប្រកាសនេះ ធ្វើឲ្យតៃវ៉ាន់ មិនត្រឹមតែបាត់បង់ដៃគូសហប្រតិបតិ្តការដែលមានតិចស្រាប់នោះប៉ុណ្ណោះនោះទេ តែវា ក៏ធ្វើឲ្យតៃវ៉ាន់អាម៉ាស់មុខក្នុងអន្តរជាតិមិនតិចឡើយ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ David Lee នៅថ្ងៃទី២០ ធ្នូ ក៏បានថ្លែងរិះគន់ក្រុងប៉េកាំង ដែលចូលចិត្តប្រើទឹកលុយរបស់ខ្លួន ហើយតៃវ៉ាន់នឹងមិនប្រឡូកនយោបាយប្រាក់ដុល្លាររបស់ចិនទេ។ ប្រមុខការទូតតៃវ៉ាន់រូបនេះនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង មិនគួរយកឆក់ឱកាសនៃការខ្វះខាតហិរញ្ញវត្ថុរបស់ Sao Tome and Principe ដើម្បីអនុវត្តនយោបាយចិនតែមួយឡើយ។
តែយ៉ាងណាក៏ដោយ ក្រុងប៉េកាំង ក៏បានឆ្លើយតបវិញថា ខ្លួនមិនបានប្រើប្រាស់ទឹកប្រាក់អ្វីឡើយពីក្រោយនៃការផ្តាច់ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងរដ្ឋកោះអាហ្វ្រិកនោះ។ នៅថ្ងៃទី២១ ធ្នូកន្លងទៅ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួនលោកស្រី Hua Chunying ក្រុងប៉េកាំង បានផ្ញើសារថា៖«ចិន មានតែមួយនោះទេនៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិនដែលមិនអាចផ្ទេរទៅណាបានឡើយ»។ លោកស្រី បន្ថែមទៀតថា គោលនយោបាយចិនតែមួយ ដែលបានទទួលស្គាល់តាមរយៈសេចក្តីសម្រេចលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ បានក្លាយជាឯកច្ឆន្ទមួយទូទៅរបស់សហគមន៍អន្តរជាតិទៅហើយ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: