ក្រោយ​ចែកផ្លូវ​ការទូត​គ្នា​អស់​ជិត​ពីរ​ទសវត្សរ៍ រដ្ឋ​អាហ្វ្រិក Sao Tome ត្រលប់​ទៅរក​មហា​យក្ស​ចិន​វិញ
  • ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ​​ ម៉ោង ២:៥៩ នាទី រសៀល
ក្រោយ​ចែកផ្លូវ​ការទូត​គ្នា​អស់​ជិត​ពីរ​ទសវត្សរ៍ រដ្ឋ​អាហ្វ្រិក Sao Tome ត្រលប់​ទៅរក​មហា​យក្ស​ចិន​វិញ
រដ្ឋមន្ត្រីការបរទេស Sao Tome and Principe (ខាងឆ្វេង) និងរដ្ឋមន្ត្រីការបរទេសចិន (ខាងស្តាំ)

​មិន​ទុក​ឲ្យ​នៅ​យូរ​ឡើយ ក្រោយ​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​នៃ​ការប្រកាស​ផ្តាច់ចំណង​ការទូត​ជាមួយនឹង​កោះ​វ៉ាន់ រដ្ឋ​អាហ្វ្រិក​ដែល​កំពុងតែ​ដង្ហោយ​រក​ជំនួយ​សេដ្ឋកិច្ច Sao Tome និង Principe បាន​ងាក​មក​បន្ត​ចាប់​ដៃគូ​ការទូត​ជាមួយនឹង​មហា​យក្ស​ចិន​ជាថ្មី​។ ការបន្ត​ការទូត​នេះ ធ្វើឡើង​ក្រោម​ព្យុះភ្លៀង​ទូត​រវាង​កោះ​តៃវ៉ាន់ និង​ចិន ដោយមាន​ការ​ចោទ​គ្នា​ថា​មានការ​ប្រើប្រាស់​«​ការទូត​លុយ​»​នៅ​ពីក្រោយ​នោះ​។
TTN-Free-Banner-In-Article-PC


​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល Sao Tome and Principe នៅ​ថ្ងៃទី​២៦ ធ្នូ​នេះ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​បន្ត​ទំនាក់ទំនង​ការទូត​ជាមួយនឹង​គ្នា​ឡើងវិញ​។ ការប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន និង​ការចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមគ្នា​ក្នុង​ក្រុង​ប៉េកាំង​របស់​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi និង សម​ភាគី Sao Tome and Principe លោក Urbino Botelho ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។

​សូម​ជម្រាប​ផងដែរ​ថា Sao Tome and Principe បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ចិន​ដំបូង​ឡើយ​នៅ​ឆ្នាំ​១៩៧៥ ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​ព័រ​ទុយ​ហ្គា​ល់​។ តែ​នៅ​១៩៩៧ រដ្ឋ​អាហ្វ្រិក​មួយ​នេះ បាន​ងាក​ទៅ​ចាប់​ដៃគូ​ការទូត​ជាមួយនឹង​តៃវ៉ាន់​វិញ ដែល​នេះ មានន័យថា Sao Tome and Principe មិន​គោរព និង​ប្រកាន់យក​គោលនយោបាយ​«​ចិន​តែមួយ​»​នោះទេ​។

​យ៉ាងណាក៏ដោយ ក្រោយ​នៃ​ការចែក​ផ្លូវ​គ្នា​ការទូត​ជាមួយនឹង​ចិន​អស់​ពេល​១៩​ឆ្នាំ​នោះ Sao Tome and Principe នៅ​ថ្ងៃទី​២០ ធ្នូ​កន្លងទៅ បានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់​វិញ​។ លើ​បញ្ហា​នេះដែរ នាយករដ្ឋមន្ត្រី​រដ្ឋ​អាហ្វ្រិក Sao Tome and Principe លោក Patrice Trovoada នៅ​ថ្ងៃទី ២២ ធ្នូ បានចេញ​ថ្លែងការណ៍​ជា​ផ្លូវការ​មួយ​ដោយ លោក បាន​បញ្ជាក់ថា ការ​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់ គឺជា​ជម្រើស​មួយ​ដ៏​ត្រឹមត្រូវ​។

​លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​អាហ្វ្រិក​រូបនេះ ក៏បាន​ពន្យល់​ទៀតថា ការភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ចិន គឺជា​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដ្បិត​ចិន គឺជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​របស់​ពិភពលោក និង​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ដែលមាន​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​នយោបាយ និង​សណ្តាប់ធ្នាប់​ពិភពលោក​នោះ​។ Sao Tome and Principe គឺជា​ប្រទេស​ទីមួយ​ហើយ ដែល​បានប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង​កោះ​តែ​វ៉ាន់ ក្រោយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ឡើងកាន់​អំណាច​នោះ​។​

​ប្រាកដ​ណាស់​ការប្រកាស​នេះ ធ្វើ​ឲ្យ​តៃវ៉ាន់ មិន​ត្រឹមតែ​បាត់បង់​ដៃគូ​សហ​ប្រតិ​ប​តិ្ត​ការដែល​មាន​តិច​ស្រាប់​នោះ​ប៉ុណ្ណោះ​នោះទេ តែ​វា ក៏​ធ្វើ​ឲ្យ​តៃវ៉ាន់​អាម៉ាស់មុខ​ក្នុង​អន្តរជាតិ​មិនតិច​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ David Lee នៅ​ថ្ងៃទី​២០ ធ្នូ ក៏បាន​ថ្លែង​រិះគន់​ក្រុង​ប៉េកាំង ដែល​ចូលចិត្ត​ប្រើ​ទឹក​លុយ​របស់ខ្លួន ហើយ​តៃវ៉ាន់​នឹងមិន​ប្រឡូក​នយោបាយ​ប្រាក់​ដុល្លារ​របស់​ចិន​ទេ​។ ប្រមុខ​ការទូត​តៃវ៉ាន់​រូបនេះ​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិនគួរ​យក​ឆក់​ឱកាស​នៃ​ការខ្វះខាត​ហិរញ្ញវត្ថុ​របស់ Sao Tome and Principe ដើម្បី​អនុវត្ត​នយោបាយ​ចិន​តែមួយ​ឡើយ​។​

​តែ​យ៉ាងណាក៏ដោយ ក្រុង​ប៉េកាំង ក៏បាន​ឆ្លើយតប​វិញ​ថា ខ្លួន​មិនបាន​ប្រើប្រាស់​ទឹកប្រាក់​អ្វី​ឡើយ​ពីក្រោយ​នៃ​ការ​ផ្តាច់ទំនាក់ទំនងរ​វាង​កោះ​តៃវ៉ាន់ និង​រដ្ឋ​កោះ​អាហ្វ្រិក​នោះ​។ នៅ​ថ្ងៃទី​២១ ធ្នូ​កន្លងទៅ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ខ្លួន​លោកស្រី Hua Chunying ក្រុង​ប៉េកាំង បាន​ផ្ញើ​សារ​ថា​៖«​ចិន មាន​តែមួយ​នោះទេ​នៅលើ​ពិភពលោក ហើយ​តៃវ៉ាន់ គឺជា​ផ្នែក​មួយ​របស់​ចិន​ដែល​មិនអាច​ផ្ទេរ​ទៅណា​បានឡើយ​»​។ លោកស្រី បន្ថែមទៀតថា គោលនយោបាយ​ចិន​តែមួយ ដែល​បានទទួល​ស្គាល់​តាមរយៈ​សេចក្តីសម្រេច​លេខ ២៧៥៨ របស់​អង្គការសហប្រជាជាតិ បាន​ក្លាយជា​ឯកច្ឆន្ទ​មួយ​ទូទៅ​របស់​សហគមន៍​អន្តរជាតិ​ទៅហើយ​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល