នាយករដ្ឋមន្ត្រី អា​បេ ៖ ជប៉ុន នឹងមិន​បង្ក​ឧក្រិដ្ឋកម្ម​ដូច​សម័យ​សង្គ្រាម​ឡើយ​
  • ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ​​ ម៉ោង ៨:១៩ នាទី យប់
នាយករដ្ឋមន្ត្រី អា​បេ ៖ ជប៉ុន នឹងមិន​បង្ក​ឧក្រិដ្ឋកម្ម​ដូច​សម័យ​សង្គ្រាម​ឡើយ​

​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នឹង​ទៅ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កោះ​ហា​វ៉ៃ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​អាមេរិក​ដែល​ត្រូវបាន​បាត់បង់​ជីវិត​ក្នុងការ​វាយប្រហារ​រប​ស់ជ​ប៉ុន​លើ​មូលដ្ឋាន​យោធា​អាមេរិក Pearl Harbor កាលពី​៧៥​ឆ្នាំមុន​។ នៅមុន​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី អា​បេ ក៏បាន​រម្លឹក​ម្ដងទៀត​ពី​ជំហរ​របស់​ជប៉ុន ដែល​នឹងមិន​បង្ក​វិនាសកម្ម​ដូច​អតីតកាល​ទៀតឡើយ​។​
TTN-Free-Banner-In-Article-PC


​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ នឹង​ផ្ដើម​ទស្សនកិច្ច​ទៅកាន់ Pearl Harbor នៃ​កោះ​ហា​វ៉ៃ​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែធ្នូ​។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​មេដឹកនាំ​ជប៉ុន​ធ្វើ​ទស្សនកិច្ច ទៅកាន់​ទីបញ្ជាការ​កង​ទ័ពជើងទឹក​អាមេរិក ដែល​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​ទម្លាក់​គ្រាប់បែក​នៅក្នុង​វាយប្រហារ​ដោយ​សម្ងាត់​កាលពី​ឆ្នាំ​១៩៤១ និង​បាន​រុញច្រាន​អាមេរិក​ឲ្យ​ចូលទៅក្នុង​សង្គ្រាមលោកលើកទីពីរ​។​

​លោក អា​បេ បាន​ប្រាប់​ក្រុម​អ្នកជំនួញ​ជប៉ុន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ថា លោក​ចង់​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​អំឡុង​ទស្សនកិច្ច​លើក​នេះ ។ នោះ គឺ​ជប៉ុន​នឹងមិន​ប្រព្រឹត្ត​ការសម្លាប់​រង្គាល​ដូច​សម័យ​សង្គ្រាម​ទៀតឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​បន្តថា សម្ព័ន្ធភាព​រវាង​ជប៉ុន និង​អាមេរិក ជា​ក្ដីសង្ឃឹម​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ពិភពលោក ហើយ​ទស្សនកិច្ច​រួមគ្នា​រវាង​លោក និង​លោក អូ​បា​ម៉ា នឹង​បង្ហាញ​ពី​ការ​រួបរួមគ្នា​ផងដែរ​។​

​ទស្សនកិច្ច​របស់លោក អា​បេ ទៅកាន់​កោះ​ហា​វ៉ៃ នៅ​ថ្ងៃទី​២៦ និង​ទី​២៧​ខែធ្នូ មាន​រយៈពេល​៦​ខែ បន្ទាប់ពី​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ក្លាយជា​ប្រធានាធិបតី​កំពុងកាន់​តំណែង​មុនគេ​បង្អស់​របស់​អាមេរិក ដែល​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​វិមាន​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​។ ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​គឺជា​ទីក្រុង​មួយ​នៅក្នុង​ប្រទេស​ជប៉ុន ដែល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែកបរមាណូ​ដំបូងបង្អស់​ដើម្បី​បញ្ចប់សង្គ្រាម​កាលពី​ឆ្នាំ​១៩៤៥ ។​

​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជា​ខូ​ប​ទី​៧៥ ថ្ងៃ​កងទ័ព​ជប៉ុន​បាន​វាយប្រហារ​លើ​កំពង់ផែ Pearl Harbor ដែលជា​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ​នៃ កោះ​ហា​វ៉ៃ ។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​គិតថា ជប៉ុន​ថ្លើមធំ​ហ៊ាន​ចាប់ផ្តើម​សង្គ្រាម​ប្រឆាំង​អាមេរិក​ដូច្នេះ​ទេ ហើយ​ណាមួយ​អាមេរិក​កាលនោះ នៅ​សម្ងំ​មិន​ប្រឡូក​ក្នុង​សង្គ្រាមលោកលើកទី​២ ឡើយ​។

​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ទា​ហាន​ជប៉ុន​នេះ​បានសម្លាប់​ទ័ព​និង​ជន​ស៊ីវិល​អាមេរិក​ច្រើនជាង ២៤០០ នាក់ ហើយ​វា​ក៏​កម្ទេច​នាវាចម្បាំង​អាមេរិក​ជិត​២០​គ្រឿង​ដែល​ក្នុងចំណោម​នោះ​មាន​នាវាចម្បាំង​ធុន​ធ្ងន់​៨​គ្រឿង​ដែរ ។ ក្រៅពីនេះ ការវាយប្រហារ​របស់​ជប៉ុន​នេះ ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង ១៦០​គ្រឿង​ខ្ទេចខ្ទីរ​ទាំងស្រុង និង​យន្តហោះ​១៥០ គ្រឿង​ផ្សេងទៀត​ខូចខាត​ធ្ងន់ធ្ងរ​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល