គួរតែបញ្ចប់ចម្ងល់ថាតើចិនបានប្រើ«ការទូតលុយ»ពីក្រោយនៃការផ្តើមទំនាក់ទំនងថ្មីជាមួយរដ្ឋអាហ្វ្រិក Sao Tome?
- ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១០:៥៩ នាទី យប់

រដ្ឋាភិបាលចិន តាមរយៈរដ្ឋមន្ត្រីការបរទេសខ្លួន បានសន្យាគាំទ្រយ៉ាងពេញទំហឹងសម្រាប់កិច្ចសហប្រតិបការជាមួយនឹងដៃគូថ្មីបំផុតរបស់ខ្លួនពីតំបន់អាហ្វ្រិក Sao Tome and Principe។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីបន្តចំណងការទូតជាថ្មី ក្រោយបានបានចែកផ្លូវគ្នាអស់រយៈពេល១៩ឆ្នាំហើយនោះ។

«Sao Tome and Principe នឹងទទួលបានការគាំទ្រ និងជំនួយយ៉ាងពេញទំហឹងពីសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងជាប្រទេសកំពុងតែអភិវឌ្ឍដែលធំជាងគេរបស់ពិភពលោកទៀតផង»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងសមភាគី Sao Tome and Principe លោក Urbino Botelho នៅថ្ងៃទី២៦ ធ្នូ ដែលបានដកស្រង់សម្តីដោយភ្នាក់ងារព័ត៌មាន Reuters។
ប្រមុខការទូតចិនរូបនេះ ក៏បានបន្តទៀតថា ចិន ពិតជាមានឆន្ទៈក្នុងគាំទ្រទៅនឹងការដង្ហោយស្វែងរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យល្អប្រសើរការរស់នៅ និងសុខមាលភាពរបស់ប្រទេសខ្លួន។ នេះបើយោងតាមប្រភពព័ត៌មានដដែល ដែលបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីការបរទេស Sao Tome និង Principe ដែលបាននិយាយវិញដែរថា Sao Tome ត្រូវតែទទួលស្គាល់ថា ចិន ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងឆាកអន្តរជាតិ ជាពិសេសនោះជាមួយនឹងដៃគូខ្លួន ចិន តែងតែលើកកម្ពស់ ហើយការឧបត្ថមរបស់ចិនធ្វើឡើងជាមួយនឹងរូបភាពការពារប្រទេសអភិវឌ្ឍទៀតផង។
ប្រមុខការទូតរដ្ឋអាហ្វ្រិករូបនោះ ក្រោយភ្ជាប់ទំនាក់ទំនងការទូតឡើងវិញហើយនោះ បានលើកឡើងថា Sao Tome មានទស្សនីយភាពស្អាតសម្រាប់អ្នកទេសចរ និងសក្តានុពលសម្រាប់ការវិនិយោគរ៉ែ កសិកម្ម និងការកសាងកំពង់ផែ និងព្រលានយន្តហោះទៀតផង។ លោកនិយាយបែបនេះដោយសង្ឃឹមថា ក្រុមហ៊ុនចិនដែលមានចំណាប់អារម្មណ៍ អាចចូលរួមការជជែកជាមួយនឹង Sao Tome។
ការបង្ហាញពីឆន្ទៈ និងភាពស្និទល្មួតរវាងចិន និង Sao Tome and Principe ធ្វើឡើងក្រោយពីរដ្ឋអាហ្វ្រិកមួយនេះ បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងចិន ហើយទទួលស្គាល់គោលនយោបាយចិនតែមួយឡើយវិញ។
នៅថ្ងៃទី ២២ ធ្នូកន្លងទៅ នាយករដ្ឋមន្ត្រីរដ្ឋអាហ្វ្រិក Sao Tome and Principe លោក Patrice Trovoada បានចេញថ្លែងការណ៍ជាផ្លូវការមួយដោយ លោក បានបញ្ជាក់ថា ការផ្តាច់ទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ គឺជាជម្រើសមួយដ៏ត្រឹមត្រូវ។ លោកនាយករដ្ឋមន្ត្រីរដ្ឋអាហ្វ្រិករូបនេះ ក៏បានពន្យល់ទៀតថា ការភ្ជាប់ទំនាក់ទំនងជាមួយនឹងចិន គឺជាទំនាក់ទំនងយុទ្ធសាស្ត្រដ៏សំខាន់ ដ្បិតចិន គឺជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីររបស់ពិភពលោក និងក៏ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ។
អ្វីគួរកត់សម្គាល់នោះ ការលើកឡើងរបស់ប្រមុខការទូតទាំងពីរចិន និង Sao Tome នៅថ្ងៃទី២៦ ធ្នូ ហាក់ដូចជាបានឆ្លើយនឹងសំណួរដែលជាការចោទប្រកាន់ពីកោះតៃវ៉ាន់ដែលថា ចិន ប្រើប្រាស់«ការទូតលុយ»ដើម្បីទាក់ទាញរដ្ឋដែលមានការខ្វះខាតសេដ្ឋកិច្ចរួចទៅហើយ។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ David Lee នៅថ្ងៃទី២០ ធ្នូ ក៏បានថ្លែងរិះគន់ក្រុងប៉េកាំង ដែលចូលចិត្តប្រើទឹកលុយរបស់ខ្លួដើម្បីឆក់ឱកាសនៃការខ្វះខាតហិរញ្ញវត្ថុរបស់ Sao Tome and Principe ដើម្បីអនុវត្តនយោបាយចិនតែមួយឡើយ។ តែយ៉ាងណាក៏ដោយ ក្រុងប៉េកាំង ក៏បានឆ្លើយតបវិញថា ខ្លួនមិនបានប្រើប្រាស់ទឹកប្រាក់អ្វីឡើយពីក្រោយនៃការផ្តាច់ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងរដ្ឋកោះអាហ្វ្រិកនោះ។
នៅថ្ងៃទី២១ ធ្នូកន្លងទៅ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសខ្លួនលោកស្រី Hua Chunying ក្រុងប៉េកាំង បានផ្ញើសារថា៖«ចិន មានតែមួយនោះទេនៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិនដែលមិនអាចផ្ទេរទៅណាបានឡើយ»។ លោកស្រី បន្ថែមទៀតថា គោលនយោបាយចិនតែមួយ ដែលបានទទួលស្គាល់តាមរយៈសេចក្តីសម្រេចលេខ ២៧៥៨ របស់អង្គការសហប្រជាជាតិ បានក្លាយជាឯកច្ឆន្ទមួយទូទៅរបស់សហគមន៍អន្តរជាតិទៅហើយ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: