ចិន ក្តៅក្រហាយ និងទោមនស្សខ្លាំង ពេលអាមេរិកបង្កើនកញ្ចប់ថវិកាយោធាក្នុងកិច្ចសហការយោធាជាមួយតៃវ៉ាន់
- ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ៨:១៩ នាទី យប់

មិនទាន់សម្រួលអារម្មណ៍ឲ្យបានស្រួលបួលក្រោយប្រធានាធិបតីត្រៀមកាន់អំណាចអាមេរិលោក ដូណាល់ ត្រាំ និយាយជាមួយនឹងតៃវ៉ាន់ផង រដ្ឋាភិបាលក្រុងប៉េកាំង បានផ្ទុះកំហឹង និងប្រតិកម្មទៅនឹងអាមេរិកជាថ្មី។ នោះក៏ព្រោះតែលោកប្រធានាធិបតីជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានអនុម័តច្បាប់ថវិកាការពារជាតិអាមេរិកឆ្នាំ២០១៧ថ្មី ដោយនៅតែពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងតៃវ៉ាន់ ដែលក្រុងប៉េកាំងមិនដែលគិតថាចង់ផ្ទេរអធិបតេយ្យឲ្យអ្នកណានោះ។

«យើង ពិតជាប្រឆាំងដាច់ខាតចំពោះបទបញ្ញត្តិពាក់ព័ន្ធនឹងតៃវ៉ាន់នៅក្នុងច្បាប់របស់អាមេរិក ហើយយើង ក៏បានតវ៉ាជាមួយនឹងតំណាងអាមេរិកផងដែរ។ យើង ពិតជាទោមនស្សយ៉ាងខ្លាំងជាមួយនឹងអាមេរិកដែលបានចុះហត្ថលេខាលើច្បាប់នោះ។» នេះ គឺជាសេចក្តីថ្លែងការណ៍របស់ក្រុងប៉េកាំងតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី២៦ ធ្នូ ប្រតិកម្មទៅនឹងច្បាប់ថវិកាការពារជាតិឆ្នាំ២០១៧ ដែលមានទាំងជាមួយនឹងតៃវ៉ាន់។
សូមជម្រាបផងដែរថា នៅសប្តាហ៍មុនសេតវិមានអាមេរិក បានប្រកាសថា លោកប្រធានាធិបតីជិតអាណត្តិអាមេរិក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើច្បាប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០១៧ ដែលច្បាប់នោះ ក៏ទទួលបានការអនុម័តពីទាំងរដ្ឋសភា និងព្រឹទ្ធសភាដោយបានបង្កើនចំនួនច្រើនជាងមុន។ បើតាមភ្នាក់ងារព័ត៌មាន Reuters ក្នុងផ្នែកនៃកញ្ចប់ថវិកាដែលត្រូវបានបង្កើនរបស់ក្រសួងការពារជាតិអាមេរិក ក៏រាប់បញ្ចូលទាំងកម្មវិធីផ្លាស់ប្តូរយោធាជាន់ខ្ពស់រវាងអាមេរិក និងតៃវ៉ាន់ផងដែរ។
ជុំវិញបញ្ហានេះ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chuyning ក្រុងប៉េកាំង បានបញ្ជាក់ជាថ្មីថាតៃវ៉ាន់ស្ថិតក្រោមអធិបតេយ្យរបស់ខ្លួន ហើយកិច្ចការផ្សេងៗ ក៏ត្រូវធ្លាក់ចូលកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ។ ជាងនេះទៅទៀតនោះ លោកស្រី បន្តទៀតថា បើទោះជាច្បាប់របស់អាមេរិកដែលមានបញ្ចូលតៃវ៉ាន់នៅក្នុងនោះមិនមានលក្ខណៈចាប់បង្ខំផ្នែកច្បាប់អ្វីក៏ដោយ វា នៅតែបំពាន និងជ្រៀកជ្រៀតកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិន គ្មានផ្លូវទទួលស្គាល់ច្បាប់នោះដែរ។
រយៈពេលចុងក្រោយនេះ អាមេរិកដែលរាប់បញ្ចូលទាំងប្រធានាធិបតីជិតផុតអាណត្តិ អូបាម៉ា និងប្រធានាធិបតីត្រៀមកាន់តំណែង ត្រាំ ហាក់ដូចជាធ្វើឲ្យចិន មិនសូវសប្បាយចិត្តតាមរយៈការទម្លាក់តម្លៃ«គោលនយោបាយចិនតែមួយ»ដោយក្រុងប៉េកាំង បង្ហាញភាពស្និទ្ធស្នាលកាន់តែខ្លាំងជាមួយនឹងតៃវ៉ាន់នោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News កាលពីពេលថ្មីៗនេះ លោកដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា៖«ខ្ញុំ បានយល់យ៉ាងច្បាស់ពីគោលនយោបាយចិនតែមួយ តែខ្ញុំ ឆ្ងល់ថា ហេតុអ្វីយើងត្រូវចងភ្ជាប់ខ្លួនដោយគោលនយោបាយនោះ លើកលែងតែយើងមានកិច្ចព្រមព្រៀងក្នុងការធ្វើកិច្ចការអ្វីផ្សេងៗទៀត ដែលរាប់បញ្ចូលទាំងពាណិជ្ជកិច្ចផងដែរនោះ»។
សូមបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនបានសម្រេចបញ្ចប់ទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់នៅឆ្នាំ ១៩៧៩ ហើយទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងតែមួយស្ថិតក្រោមនយោបាយចិនតែមួយ។ ហើយហើយអាមេរិកបន្តទំនាក់ទំនងមិនផ្លូវការជាមួយក្រុងតៃប៉ិកមកដល់បច្ចុប្បន្ន៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: