ឧទ្ធរណ៍ ពន្យារពេលជំនុំជម្រះសំណុំរឿងលោក ហុង សុខហួរ ព្រោះគ្មានមេធាវី
- ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០១៧ ម៉ោង ១២:៣០ នាទី រសៀល

ភ្នំពេញ៖ សាលាឧទ្ធរណ៍ បានលើកពេលនៃការបើកសវនាការសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ពីគណបក្សសម រង្ស៊ី ទៅខែកុម្ភៈ ឆ្នាំ២០១៧ ។ ការពន្យារពេលនេះ គឺដោយសារតែក្រុមមេធាវីរបស់លោក ហុង សុខហួរ អវត្តមានក្នុងបន្ទប់សវនាការ។

បើតាមសំណើរបស់ក្រុមមេធាវី សាលាឧទ្ធរណ៍ ត្រូវបើកសវនាការ ជំនុំជម្រះសំណុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា ពីគណបក្ស សម រង្ស៊ី នៅថ្ងៃទី៥ មករានេះ។ ក្រុមមេធាវី សុំឲ្យសាលាឧទ្ធរណ៍ បើកសវនាការ ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះឯកសារស្តីពី ព្រំដែនកម្ពុជា-វៀតណាម។
ប៉ុន្តែ ក្រុមមេធាវី ដែលការពារក្តីឲ្យលោក ហុង សុខហួរ បែរជាមិនចូលរួមសវនាការនៅថ្ងៃនេះ ទៅវិញ។ មេធាវី ប្រាប់មូលហេតុថា ការសម្រេចមិនចូលរួមសវនាការ គឺដោយសារតែសាលាឧទ្ធរណ៍ មិនបានធ្វើតាមសំណើមួយចំនួន ដែលពួកគេបានស្នើសុំ។
ដោយសារតែអវត្តមានរបស់ក្រុមមេធាវីនេះហើយ ទើបសាលាឧទ្ធររណ៍ ប្រកាសលើកពេលនៃការបើកសវនាការ ទៅខែកុម្ភៈ ឆ្នាំ២០១៧ ។ យ៉ាងណា សាលាឧទ្ធរណ៍ មិនទាន់បានកំណត់កាលបរិច្ឆេទ នៃការបើកសវនាការសាជាថ្មីនេះ ឲ្យបានជាក់លាក់នោះទេ។
លោក សំ សុគង់ ដែលជាមេធាវី១រូបរបស់លោក ហុង សុខហួរ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវី បានដាក់សំណើទៅកាន់សាលាឧទ្ធណ៍ ដើម្បីស្នើសុំអ្នកជំនាញខាងព្រំដែនកម្ពុជា-វៀតណាមឲ្យចូលរួមក្នុងសវនាការនោះ។ លោក បន្ថែមថា ការស្នើសុំបែបនេះ ដោយសារតែសំណុំរឿងលោក ហុង សុខហួរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន រវាងកម្ពុជា និងវៀតណាម។
ជាងនេះទៀត ក្រុមមេធាវី ក៏បានស្នើឲ្យសាលាឧទ្ធរណ៍ភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត នៅក្នុងបន្ទប់សវនាការផងដែរ ដើម្បីឲ្យភាគីជនជាប់ចោទ បានបង្ហាញអង្គជំនុំជម្រះ ពីរបៀបនៃការទាញឯកសារចេញពីប្រព័ន្ធអ៊ីនធឺណិត។ បើតាមការបកស្រាយរបស់មេធាវី សំណុំរឿងរបស់លោក ហុង សុខហួរ កើតចេញពីការទាញយកឯកសារពីប្រព័ន្ធអ៊ីនធឺណិត ហើយយកទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដូច្នេះ វា ជាកត្តាសំខាន់ ដែលសាលាឧទ្ធរណ៍ គប្បីឲ្យលោក ហុង សុខហួរ បង្ហាញពីរបៀបនៃការទាញឯកសារទាំងនោះ ពីប្រព័ន្ធអ៊ីនធឺណិត។
លោក សំ សុគង់ សោកស្តាយ ដែលសាលាឧទ្ធរណ៍ ច្រានចោលសំណើខាងលើ។ លោកមេធាវីរូបនេះ លើកឡើងទៀតថា ក្រុមមេធាវី អាចនឹងមិនចូលរួមសវនាការនៅលើកក្រោយទៀត ប្រសិនបើសាលាឧទ្ធរណ៍ នៅតែមិនធ្វើតាមសំណើរបស់ពួកគេ។ លោក បញ្ជាក់ដូច្នេះថាថា៖«វាអត់មានភស្តុតាងអ្វីដែលថ្មីទេ បើសាលាឧទ្ធរណ៍ មិនឲ្យមានអ្នកជំនាញខាងព្រំដែន ចូលរួមសវនាការ ហើយមិនឲ្យភ្ជាប់អ៊ីនធឺណិតនោះ។ បើសាលាឧទ្ធរណ៍មិនធ្វើតាមសំណើទេ ពួកខ្ញុំ នឹងមិនចូលទេ ព្រោះបើជម្រះទៅ វាដូចនឹងសាលាដំបូងដដែលហ្នឹង»។
សូមរម្លឹកថា លោក ហុង សុខហួរ ត្រូវបានឃុំខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ មកម្ល៉េះ បន្ទាប់ពីលោក បង្ហោះឯកសារ ដែលពាក់ធព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី។ ដោសារតែការបង្ហោះឯកសារនោះឯង តុលាការ ក៏កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ក្រោមបទចោទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
ម្យ៉ាងទៀត ពីព្រោះតែសំណុំរឿងដែលទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះឯង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងជំនួយការពីរនាក់ទៀត ក៏ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្នុងម្នាក់ៗ ផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៦ ។ អ្នកទាំង៣នាក់នេះ ត្រូវបានចោទពីបទ «សមគំនិត ក្នុងអំពើក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: