តើពាក្យ«ជនជាតិ និងសញ្ជាតិ» មានអត្ថន័យខុសគ្នាដូចម្តេច?
- ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៧:២៩ នាទី ព្រឹក

ភ្នំពេញ៖ ពាក្យថា ជនជាតិ គឺជាជាតិសាសន៍ដើម ដែលមានវប្បធម៌ ភាសា សាសនា ទំនៀមទម្លាប់…និងការរស់នៅស្រដៀងគ្នាលើភូមិសាស្ត្រជាក់លាក់ណាមួយ។ ចំណែក ពាក្យថា«សញ្ជាតិ» គឺសំដៅលើអត្តសញ្ញាណនៃក្រុមមនុស្ស ដែលរស់នៅក្នុងប្រទេសមួយ ទោះមានជនជាតិចម្រុះ សាសនាចម្រុះ វប្បធម៌…ចម្រុះក៏ដោយ។

ជនជាតិ(ន) គឺជាជាតិសាសន៍ ដែលមានឈាមជ័រតែមួយ និងមានប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ ការរស់នៅ…ដូចគ្នា។
សញ្ជាតិ(ន) មានន័យថា ការកើតឯង,ការដុះឯង,កន្លែងដែលកើត,ស្រុកកំណើត(នេះជាការឲ្យនិយមន័យរបស់វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត)។ តាមពិតទៅ ពាក្យថា«សញ្ជាតិ»មានន័យទូលំទូលាយជាងនេះ ពីព្រោះ ច្បាប់ប្រទេសខ្លះ ទោះបីបុគ្គលនោះ មិនកើតលើទឹកដីគេក៏ដោយ ឲ្យគោរពតាមលក្ខខ័ណ្ឌនៃច្បាប់របស់គេនោះ គេនឹងឲ្យចូលសញ្ជាតិរបស់គេតែម្តង។
ភាពខុសគ្នារវាងសញ្ជាតិ និងជនជាតិ គឺនៅត្រង់ថា៖
ជនជាតិ គឺគ្រាន់តែកិច្ចព្រមព្រៀងមួយរបស់មនុស្ស ដែលចងសម្ព័ន្ធគ្នារស់នៅជាពួក ក្រុម និងសហគមន៍ ដែលមានវប្បធម៌ ភាសា សាសនា ទំនៀមទម្លាប់ និងការរស់នៅដូចគ្នា។ ជាទូទៅ ពាក្យថា«ជនជាតិ» គឺប្រហែលមិនផ្លូវការច្រើនជាង ពោល គឺមិនមានលក្ខណៈសាកល។ ឧទាហរណ៍៖ ពេលធ្វើអត្តសញ្ញាណប័ណ្ណ គេដាក់ថា៖«អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ»។ ហេតុអ្វីគេមិនដាក់អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ? ឧទាហរណ៍៖ ជនជាតិខ្មែរ ជនជាតិវៀតណាម ជនជាតិឡាវ ជនជាតិថៃ ជនជាតិភូមា…។ ពួកគេ គឺជាតិសាសន៍ដើម និងជាម្ចាស់ស្រុក។
សញ្ជាតិ គឺជាទំនាក់ទំនងផ្លូវច្បាប់រវាងបុគ្គល និងរដ្ឋ។ ឧទាហរណ៍៖ អ្នកមានសញ្ជាតិខ្មែរ ត្រូវតែគោរពច្បាប់ ទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌នៃការរស់នៅរបស់ប្រទេសខ្មែរ។ បើមិនអនុវត្តន៍តាមនោះទេ រដ្ឋមានសិទ្ធិអនុវត្តន៍ច្បាប់ប្រទេស។
សញ្ជាតិ មានពីរប្រភេទ គឺសញ្ជាតិដើម និងសញ្ជាតិជាតូបនីយកម្ម។ សញ្ជាតិដើម គឺជាក្រុមមនុស្សដែលមានឈាមជ័រតែមួយ។ ឧទាហរណ៍៖ ពលរដ្ឋខ្មែរ មានសញ្ជាតិជាខ្មែរ។ ឧទាហរណ៍៖ ពលរដ្ឋវៀតណាម មានសញ្ជាតិវៀតណាម។ ដោយឡែក សញ្ជាតិតូបនីយកម្ម គឺសំដៅលើការចូលសញ្ជាតិរបស់ជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត។ ឧទាហរណ៍៖ ពលរដ្ឋខ្មែរចូលសញ្ជាតិអាមេរិក។ ពលរដ្ឋវៀតណាមចូលសញ្ជាតិខ្មែរ។
ជាទូទៅ សញ្ជាតិតូបនីយកម្ម គឺអាស្រ័យលើច្បាប់របស់ប្រទេសរៀងខ្លួន។ ច្បាប់សញ្ជាតិប្រទេសខ្លះ មិនអនុញ្ញាតឲ្យពលរដ្ឋម្នាក់មានសញ្ជាតិពីរនោះទេ ខណៈច្បាប់សញ្ជាតិប្រទេសខ្លះ អនុញ្ញាតឲ្យពលរដ្ឋម្នាក់មានសញ្ជាតិពីរ។ ឧទាហរណ៍៖ ច្បាប់សញ្ជាតិរបស់កម្ពុជា បានអនុញ្ញាតឲ្យពលរដ្ឋខ្មែរម្នាក់ មានសញ្ជាតិខ្មែរផង និងសញ្ជាតិប្រទេសផ្សេងមួយទៀតផង។ ឯច្បាប់សញ្ជាតិប្រទេសវៀតណាមមិនដូច្នេះឡើយ ពោល បើពលរដ្ឋវៀតណាមណាម្នាក់ចង់ចូលសញ្ជាតិផ្សេង ពលរដ្ឋនោះ ត្រូវតែបោះបង់សញ្ជាតិវៀតណាមជាមុនសិន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: