កូរ៉េខាងត្បូង ឲ្យកូរ៉េខាងជើងចូលរួមប្រកួតកីឡាអូឡាំពិកក្នុងទឹកដីខ្លួន
- ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧ ម៉ោង ៩:០០ នាទី យប់

កូរ៉េខាងជើងនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវរងាក្នុងទីក្រុង Pyeongchang ខេត្ត Gangwon ឆ្នាំ ២០១៨ ប្រសិនបើប្រទេសជាប់របងនឹងគ្នាដែលដឹកនាំដោយមេដឹកវ័យក្មេងគីម ជុងអ៊ុននេះចង់ចូលរួមនោះ។ នេះបើតាមការលើកឡើងរបស់ក្រសួងបង្រួបបង្រួមក្រុងសេអ៊ូល កាលពីថ្ងៃចន្ទទី៣ ខែមេសា។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ សម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំនេះ កូរ៉េខាងត្បូងបានអនុញ្ញាតឲ្យប្រទេសជាប់របងកូរ៉េខាងជើងចូលរួមផងដែរ បើទោះជាកំពុងមានជំលោះនឹងគ្នាយ៉ាងណាក៏ដោយ។
បើតាម លោក Choi Moon-soon ប្រធានគ្រប់គ្រងកីឡាអូឡាំពិកឆ្នាំ២០១៨របស់កូរ៉េខាងត្បូង មន្ត្រីកីឡារបស់កូរ៉េខាងជើងប្រាប់លោកថា កូរ៉េខាងជើងចង់ចួលរួមក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡានេះ។លោកបានបន្ថែមថា៖«កូរ៉េខាងជើងអាចចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡានេះក្នុងប្រទេសកូរ៉េខាងត្បូងបាន ប្រសិនបើពួកគេអនុវត្តន៍តាមបទបញ្ជា និងនិតិវិធីរបស់យើង នោះពួកយើងនឹងយល់ព្រម»។
ក្រោយការអនុញ្ញាតនេះក្រុមអត្តពលិករបស់កូរ៉េខាងជើងត្រូវការការយល់ព្រមពីសំណាក់់ក្រុងសអ៊ូលដើម្បីបានចូលទៅកាន់ភាគខាងត្បូងប្រទេស ដែលជាតំបន់សមរភូមិសង្គ្រាមឧបទ្វីបកូរ៉េក្នុងឆ្នាំ១៩៥០-១៩៥៣។
ស្របពេលគ្នានេះដែរក្រុងសេអ៊ូលក៏បានសម្រេចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ការប្រកួតកីឡាបាល់ទាត់នារីក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០១៨ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: