Claudio Ranieri ថា មានអ្នកនៅពីក្រោយការបញ្ឈប់តំណែងលោកពី Leicester
- ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧ ម៉ោង ៨:៣៩ នាទី ព្រឹក

អតីតគ្រូបង្វឹកក្រុម Leicester City លោក Claudio Ranieri ជឿជាក់ថាមាននរណាម្នាក់នៅក្នុងក្លិបនេះប្រឆាំងនឹងលោកដើម្បីឲ្យលោកចាកចេញ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះមិនបានគិតថា អ្នកទាំងនោះជាកីឡាករឡើយ។

លោក Claudio Ranieri បានដឹកនាំ Leicester លើកពានកំពូលអង់គ្លេស Premier League ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេសកាលពីរដូវកាលមុន ប៉ុន្តែលោកត្រូវបានក្រុមកញ្ជ្រោងខៀវបញ្ចប់តំណែងជាអ្នកចាត់ការទូទៅកាលពីខែកុម្ភៈកន្លងទៅ ក្រោយដឹកនាំមិនបានល្អនៅរដូវកាលនេះ។
«ខ្ញុំមិនជឿថាកូនក្រុមរបស់ខ្ញុំក្បត់ខ្ញុំនោះទេ ទេ! ទេ! ខ្ញុំមិនជឿដាច់ខាត»។ នេះជាសម្តីរបស់អ្នកចាត់ការវ័យ៦៥ឆ្នាំប្រាប់ Sky Sports យ៉ាងដូច្នេះ។ លោកបន្ថែមថា៖«ម្នាក់នោះប្រហែលជាអ្នកដែលនៅពីក្រោយខ្ញុំ។ ខ្ញុំមានបញ្ហាតិចតួចកាលពីឆ្នាំមុន មុនពេលយើងបានឈ្នះពានរង្វាន់នេះ។ រហូតមកដល់រដូវកាលថ្មីនេះ នៅពេលដែលយើងតែងតែបរាជ័យក្នុងការប្រកួតនោះ អ្នកនោះកាន់តែជំរុញឱ្យខ្ញុំចាកចេញបន្ថែមទៀត»។

នៅពេលលោក Ranieri ត្រូវបានបញ្ឈប់ពីតំណែងអ្នកចាត់ការក្នុងទឹកដី King Powerនោះ ក្រុមការពារតំណែងជើងឯក Leicester មានតែ១ពិន្ទុប៉ុណ្ណោះនៅពីលើក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលពីក្របខណ្ឌកំពូល Premier League។
ក្រោយបញ្ចប់តំណែងអតីតគ្រូបង្វឹក Chelsea និង Juventus នេះ ក្រុមកញ្ជ្រោងខៀវ Leicester បានឲ្យលោក Craig Shakespeare ដែលជាជំនួយការលោក Ranieri ទទួលបន្ទុកដឹកនាំក្រុមនេះបណ្តោះអាសន្ន។ ៥ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេស វ័យ៥៣ឆ្នាំនេះ Shakespeare បានជួយឲ្យ Leicester ឈ្នះទាំ៥ប្រកួតឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១១នៃក្របខណ្ឌកំពូលអង់គ្លេស និងជួយឲ្យក្រុមនេះឆ្លងទៅលេងវគ្គ១៦ក្រុមចុងក្រោយ រហូតបន្តទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ថែមទៀតផង។

បន្ទាប់ពីការចាកចេញរបស់អ្នកចាត់ការសញ្ជាតិអ៊ីតានេះ ក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីថៃ ហាក់លេងឡើងជើងវិញគួរឲ្យគត់សម្គាល់ ដែលធ្វើឲ្យលោក Ranieri បកស្រាយទៅកាន់សារព័តមានមួយចំនួនថា មានអ្នកនៅពីក្រោយខ្នងលោកដែលចង់ឲ្យលោកចាកចេញ ខណៈក្រុមក៏កំពុងតែធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនោះ។

សូមបញ្ជាក់ថា លោក Claudio Ranieri ត្រូវក្លិប Leicester City បញ្ឈប់ពីតំណែងជាអ្នកចាត់ការទូទៅកាលពីខែកុម្ភៈ ក្រោយដឹកនាំក្រុមមិនបានល្អក្នុងរយៈពេល៩ខែចុងក្រោយ ហើយក្លិបការពារតំណែងជើងឯកនេះ បានធ្លាក់ចេញពីពានរង្វាន់ជាច្រើន ដូចជាធ្លាក់ចេញពីពាន FA ក្រោយចាញ់ក្រុមលំដាប់ទី២ Millwall និងចុងក្រោយចាញ់ក្រុមអេស្ប៉ាញ Sevilla នៅក្របខណ្ឌ Champion League កាលពីលោកនៅដឹកនាំនោះ៕
អ្នកសរសេរអត្ថបទ
មុំ ពិទូរ្យ ការីនិពន្ធព័ត៌មានកីឡា។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ