លោក Dunga អតីតគ្រូប្រេស៊ីលដាក់ CV សម្រាប់តំណែងនៅជម្រើសជាតិថៃ
- ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧ ម៉ោង ៤:២៥ នាទី រសៀល

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Dunga ចាប់អារម្មណ៍តំណែងជាគ្រូបង្វឹកក្រុមជម្រើសថៃដែលកំពុងនៅទំនេរ ខណៈពេលដែលប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ក៏កំពុងឈឺក្បាលក្នុងការពិចារណារកគ្រូបង្វឹកថ្មីដើម្បីជំនួសតំណែងគ្រូចាស់លោក Kiatisuk Senamuang ដែរ។

បន្ទាប់ពីលោក Kiatisuk Senamuang ហៅ «Zico» បានប្រកាសលាលែងកាលពីដើមខែមេសាកន្លងទៅ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃលោក Somyot Poompunmuang ឈឺក្បាលយ៉ាងខ្លាំងក្នុងការសម្រេចចិត្តរកគ្រូថ្មីមកដឹកនាំ ខណៈមានអតីតគ្រូល្បីៗក្នុងពិភពបាល់ទាត់ជាច្រើនស្ថិតក្នុងបេក្ខភាពដើម្បីកាន់តំណែងនេះ។
ស្របពេលដែលតំណែងនេះនៅទំនេរ លោក Carlos Caetano Bledorn Verri ឬ Dunga អតីតគ្រូបបង្វឹកប្រេស៊ីលក៏បានដាក់ពាក្យដើម្បីប្រជែងយកតំណែងគ្រូបង្វឹកជម្រើសជាតិថៃនេះផងដែរ។ នេះបើតាមកាសែតបាងកកប៉ុសិ៍្តចុះផ្សាយនៅថ្ងៃទី១៩ ខែមេសា។
បើតាមភ្នាក់ងារគ្រូបង្វឹករបស់អ្នកចាត់ការសញ្ជាតិប្រេស៊ីលវ័យ៥៣ឆ្នាំ លោក Nathan Hall ថា Dunga បានដាក់ទម្រង់បែបបទទៅកាន់ប្រធាន FAT លោក Somyot ដើម្បីធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ។ ហើយអតីតសមាជិកក្រុមម្រើសជាតិប្រេស៊ីលរូបនេះក៏កំពុងតែទាក់ទងពីក្លិននៅក្នុងលីកកំពូលរបស់ចិន Chinese Super League ផងដែរ។

លោក Nathan Hall ភ្នាក់ងារគ្រូបង្វឹករបស់លោក Dunga
ភ្នាក់ងាររូបនេះបន្តថា៖«លោក Dunga បច្ចុប្បន្នស្ថិតក្នុងប្រទេសប្រេស៊ីល។ គាត់ត្រូវចរចាជាមួយនឹងក្រុមនៅក្នុងប្រទេសចិន។ លោកនឹងមកប្រទេសថៃប្រសិនបើលោកបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លិបកំពូលនៅចិន» ។
Dunga អតីតប្រធានក្រុម និងជាបេក្ខភាពដែលជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលឈ្នះពាន World Cup កាលពីឆ្នាំ១៩៩៤។ លោកត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកប្រេស៊ីលកាលឆ្នាំមុន បន្ទាប់ពីដឹកនាំក្រុមសាំបាមិនបានល្អដោយធ្លាក់ចេញពីការប្រកួតពានប្រចាំតំបន់អាមេរិកខាងត្បូង Copa America៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: