វៀតណាម ទទូច​ឲ្យ​ពលរដ្ឋ​នៅ​រដ្ឋធានី ចូលរួម​យុទ្ធនាការ​«​សុវត្ថិភាព​ចំណីអាហារ​»
  • ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ ​​ ម៉ោង ៤:៣៩ នាទី រសៀល
វៀតណាម ទទូច​ឲ្យ​ពលរដ្ឋ​នៅ​រដ្ឋធានី ចូលរួម​យុទ្ធនាការ​«​សុវត្ថិភាព​ចំណីអាហារ​»
រូបភាព៖ Vietnam Net

​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vũ Đức Đam បាន​ដាស់តឿន​ឲ្យ​រដ្ឋបាល​រដ្ឋធានី​ហាណូយ​បង្កើន​ការត្រួតពិនិត្យ និង​ស៊ើបអង្កេត​លើ​សុវត្ថិភាព​ចំណីអាហារ ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​ផងដែរ​។ លោក ក៏បាន​ទទូច​ឲ្យ​ពលរដ្ឋ​វៀតណាម ចូលរួម​សហការ​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ កាន់​តែមាន​ប្រសិទ្ធភាព ។
TTN-Free-Banner-In-Article-PC


​នាឱកាស​នៃ​ការដាក់​ដំណើរការ​កម្មវិធី​«​សុវត្ថិភាព​ចំណីអាហារ​»​នៅ​ចុង​សប្តាហ៍​មុន​នៅក្នុង​រដ្ឋធានី​ហាណូយ លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ រដ្ឋបាល​ក្រុង​ហាណូយ ពិចារណា​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​ជា​គោលនយោបាយ​អាទិភាព​បន្ទាន់ និង​ចាំបាច់​បំផុត ហើយ ក៏ត្រូវ​ផ្តោតលើ​គ្រប់​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស និង​គ្រឿង​សម្ភារ​ផ្សេងទៀត​ដើម្បី​ធានា​លុបបំបាត់​ឲ្យ​បាន​បញ្ហា​ចំណីអាហារ​ដែល​គ្មាន​សុវត្ថិភាព​។ នេះ​បើ​យោងតាម​សារព័ត៌មាន​វៀតណាម Vietnam News ។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នេះ កម្មវិធី​ដែល​ទើបតែ​ដាក់​ដំណើរ​ដោយ​រដ្ឋាភិបាល​វៀតណាម ត្រូវបាន​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​សុខាភិបាល​រដ្ឋធានី និង​ស្ថាប័ន​កសិកម្ម​និង​ពាណិជ្ជកម្ម​។ កម្មវិធី​គោលនយោបាយ​សុវត្ថិភាព​ចំណីអាហារ​នេះដែរ ត្រូវអនុវត្ត​ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០២០ ក្នុង​គោលដៅ ដាស់តឿន និង​បង្កើន​ការទទួលខុសត្រូវ​ទាំង​បុគ្គល គ្រួសារ និង​សហគមន៍​ទាំងមូល​ទៅលើ​សុវត្ថិភាព​អាហារ​ដែល​ទទួលទាន​រាល់ថ្ងៃ​។

​ជាងនេះទៅទៀត​នោះ ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​កាន់​តែមាន​ប្រសិទ្ធភាព លោក​ឧបនាយករដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​មានការ​សហការគ្នា​រវាង​ភាគី​ប្រាំ រួមមាន រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អ្នកកាសែត សហគ្រិន និង​អ្នក​ទទួលទាន​តែម្តង​។ លោក អះអាងថា ការសហការ​ជិតស្និទ្ធ​រវាង​ភាគី​ពាក់ព័ន្ធ មិន​ត្រឹមតែ​ជួយ​កំណត់​ពី​អាហារ​មិនមាន​សុវត្ថិភាព​ប៉ុណ្ណោះ​នោះទេ តែ ថែមទាំង​ជួយ​ដោះស្រាយ​ផល​លំបាក​ក្នុងការ​គ្រប់គ្រង​គុណភាព​ចំណីអាហារ​ទៀតផង​៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល