ប៉ូលិសឥណ្ឌូណេស៊ី បណ្តុះបណ្តាលជំនាញបន្ថែមដល់«ក្រុមស្ម័គ្រចិត្តសម្រួលការកកស្ទះចរាចរណ៍»
- ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ៨:១៩ នាទី យប់

រូបភាព៖ Rappler
ប៉ូលិសរដ្ឋធានីហ្សាការតា កាលពីខែសីហាកន្លងមក បានបើកវគ្គបណ្តុះបណ្តាលផ្នែកចរាចរណ៍ទៅកាន់ក្រុមអ្នកស្មគ្រ័ចិត្តសម្រួលចរាចរណ៍ ។ ការណ៍ ដែលប៉ូលិស ធ្វើបែបនេះ ដើម្បីផ្តល់ចំណេះដឹងផ្នែកច្បាប់ដល់ពួកគេបន្ថែម និងជាពិសេសនោះ ដើម្បីជាផ្លូវមួយ ផ្តល់សិទ្ធិឲ្យពួកគេដោយស្របច្បាប់ក្នុងការជួយសម្រួលការកកស្ទះចរាចរណ៍ ។

ប្រធានផ្នែកចរាចរណ៍នៃប៉ូលិសរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី លោក Halim Pagarra បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលសម្រាប់អ្នកស្ម័គ្រចិត្តសម្រួលចរាចរណ៍ ត្រូវបានអនុវត្តទូទាំងក្រុងនៅថ្ងៃ២១ សីហា ក៏ប៉ុន្តែលោក មិនទាន់ទទួលបានតួលេខពិតប្រាកដថា មានចំនួនអ្នកចូលរួមប៉ុន្មាននាក់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post ។
តាមប្រភពព័ត៌មានដដែលនេះ កន្លងមក រដ្ឋបាលរដ្ឋធានីហ្សាការតា បានចាត់ទុកក្រុមអ្នកសម្រួលចរាចរណ៍ ប្រៀបដូចសត្រូវយ៉ាងដូច្នេះឯង ហើយ អាជ្ញាធរ ក៏ធ្លាប់បើកយុទ្ធនាការបណ្តេញពួកគេ ដោយចោទថា បានរំខានសណ្តាប់ធ្នាប់សាធារណៈ និងថែមទាំងធ្វើឲ្យស្ថានភាពចរាចរណ៍កាន់តែអាក្រក់ទៀតផង ។
យ៉ាងណាក៏ដោយ តាមការបញ្ជាក់របស់ប្រធានផ្នែកចរាចរណ៍រដ្ឋធានីហ្សាការតា បន្ទាប់ពីប៉ូលិស បានបណ្តុះបណ្តាលហើយនោះ ពួកគេ នឹងត្រូវប្រកាសទទួលស្គាល់ដោយស្របច្បាប់ថា ជាអ្នកជួយសម្រួលការកកស្ទះ ។ ហើយពួកគេ ក៏មិនចាំបាច់ខ្លាចត្រូវអាជ្ញាធរបណ្តេញទៀតដែរ។
លោកប្រធានផ្នែក ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្បែរតំបន់កកស្ទះចរាចរណ៍ ក៏អាចនឹងត្រូវបង់ជាវិភាគទានដល់ក្រុមអ្នកស្ម័គ្រចិត្តសម្រួលចរាចរណ៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: