ក្នុងមួយឆ្នាំ ចិនជួយប្រជាជនខ្លួនជាមធ្យម «១៣.៩ លាននាក់» ឲ្យផុតពីភាពក្រីក្រ
- ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ៥:៥៩ នាទី ល្ងាច

រដ្ឋាភិបាលក្រុងប៉េកាំង បានជួយស្រោចស្រង់ប្រជាជនយ៉ាងហោចណាស់ ១៣.៩ លាននាក់ ឲ្យរួចផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ បើគិតពីឆ្នាំ២០១២មក ។ ភាពល្អប្រសើរនេះ ត្រូវបានបង្ហាញឡើងតាមរយៈការកើនឡើងជាប្រចាំនៃចំណូលរបស់ប្រជាជនម្នាក់ៗក្នុងរយៈពេលមួយឆ្នាំ ដែលមានចំនួនរហូតដល់ ១០.៧ ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សារដ្ឋចិន ដែលចុះផ្សាយដោយសារព័ត៌មានចិន Xinhua នៅថ្ងៃ២៩ សីហា ។

លោក Liu Yongfu តំណាងឲ្យទីប្រឹក្សារដ្ឋចិន បានថ្លែងនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចិន ថា ទីប្រឹក្សារដ្ឋរតែងតែមានការយកចិត្តទុកបំផុតក្នុងកិច្ចការកាត់បន្ថយចំនួនភាពក្រីក្ររបស់ប្រជាជន ហើយបួនឆ្នាំជាប់ៗគ្នានេះ(2012-2016) រដ្ឋាភិបាល បានជួយស្រោចស្រង់ប្រជាជនឲ្យរួចផុតពីបន្ទាត់នៃភាពក្រីក្រយ៉ាងហោចណាស់១០លានក្នុងមួយឆ្នាំ។
តំណាងទីប្រឹក្សារដ្ឋដដែលនោះ ក៏បានទទួលស្គាល់ថា វាគឺជារឿងដ៏លំបាកក្នុងការស្រោចស្រង់ប្រជាជនឲ្យផុតពីបន្ទាត់ក្រីក្រ ហើយក៏ត្រូវចំណាយធនធានច្រើនផងដែរ។ កន្លងមក លោកអះអាងថា រដ្ឋាភិបាលចិន បានចាត់តាំងមន្ត្រីជាង៧០ម៉ឺននាក់ ដើម្បីចុះទៅមូលដ្ឋាន ដែលជាតំបន់ក្រីក្រ ក្នុងបេសសកម្មលុបបំបាត់ភាពក្រីក្រតាមការងារដែលធ្វើទៅបាន។
តំណាងទីប្រឹក្សា មិនបានបញ្ជាក់ ថាតើមន្ត្រីទាំងនោះ បានអនុវត្តគោលនយោបាយដោយរបៀបណាឡើយ ។ ក៏ប៉ុន្តែបើតាមរបាយការណ៍ រដ្ឋាភិបាលចិន បានបង្កើនការចំណាយថវិកាជាតិលើកត្តាដែលជាប្រភពនៃភាពក្រីក្ររបស់ប្រជាជនពី ៣៩.៤ ពាន់លានយន់នៅឆ្នាំ២០១៣ ដល់ ៨៦.១ ពាន់លានយន់ នៅឆ្នាំ២០១៧នេះ ។
បើតាមប្រភពព័ត៌មាន Xinhua ដដែលនោះ ចាប់បពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ២០១៦ មានប្រជាជនចិនជាង ៧៣០លាននាក់ហើយ បានរួចផុតពីភាពក្រីក្រី ។ ហើយតាមផែនការជាតិ ចិន បានដាក់គោលដៅក្នុងការសម្រេចកែប្រែសង្គមចិនឲ្យក្លាយជាសង្គមមួយដ៏រុងរឿងនៅត្រឹមឆ្នាំ២០២០ ដែលតម្រូវឲ្យរដ្ឋាភិបាល ត្រូវលុបបំបាត់ភាពក្រីក្រឲ្យអស់ពីសង្គមតែម្តង។ នេះ ក៏មានន័យដែលថា រដ្ឋាភិបាលចិន ត្រូវជួយប្រជាជនយ៉ាងហោចណាស់មួយលាននាក់ឲ្យផុតពីភាពក្រីក្រក្នុងរយៈពេល១ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: