តើការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតមែនឬ?
- ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១១:២៩ នាទី យប់

ប្រភពរូបថត៖ ហ្វេសប៊ុក មរតកកម្ពុជា
ប្រជាពលរដ្ឋតែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោង៤ ឬ៥ ទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទតែងជឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់ជីវិតយូរក្តី ឬពេលថ្មីៗក្តី ជាពិសេស ដោយសេចក្តីភ័យខ្លាចថា សាច់ញាត់ទាំងនោះអាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។ តើការបោះបាយបិណ្ឌនេះ ពពួកសត្វប្រេតដែលជាសាច់ញាតិ ពិតជាអាចទទួលបានមែនឬ? ឬក៏គ្រាន់តែជាអបិយជំនឿ?

មុននឹងយើងអាចឈានទៅដល់ការពិភាក្សាថា ការបោះបាយបិណ្ឌឲ្យប្រេត ប្រេតអាចទទួលបានឬមិនបាននោះ គឺយើងត្រូវសិក្សាឈ្វេងយល់ថា តើពិតជាប្រេត ឬមិនមាន មុនសិន។ តើពិតជាមានប្រេតមែនឬ? នេះជាសំនួរដែលយើងមិនអាចឆ្លើយបានថា មានឬមិនមាន ដោយទស្សនៈផ្ទាល់ខ្លួនរបស់យើងដោយដាច់អហង្ការនោះទេ។ ដោយហេតុថា ក្នុងធម្មជាតិយើងនេះ មានវត្ថុមានរូប និងវត្ថុមានគ្មានរូប សត្វមានរូប និងសត្វគ្មានរូប ដ៏ច្រើនជាអនេក ដែលមិនអាចរាប់អស់ឡើយ។ ដូច្នេះ អ្វីដែលភ្នែកយើងមើលមិនឃើញ មិនប្រាកដថា វត្ថុនោះឬសត្វនោះ មិនមានក្នុងធម្មជាតិនោះទេ។ ជួនកាលអ្វីដែលយើងជាមនុស្សសាមញ្ញ មើលមិនឃើញ តែជាអ្វីដែលមានក្នុងធម្មជាតិយើងនេះ តួយ៉ាងដូចជា សត្វប្រេត ជាដើម។
ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនបានយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ។ តាមពិតទៅ គំនិតនៃការបង្កើតពិធិបោះបាយបិណ្ឌរបស់អ្នកប្រាជ្ញខ្មែរយើង គឺមិនមែនគ្រាន់តែឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់នោះទេ តែនៅមានគំនិតអប់រំដ៏ជ្រាលជ្រៅជាច្រើនទៀត សម្រាប់សេចក្តីសុខចម្រើនដល់ជីវិតរស់នៅនាពេលបច្ចុប្បន្ន។
ពេលនេះខ្ញុំសូមមិនបកស្រាយថា តើមានប្រេតឬយ៉ាងណា ហើយការបោះបាយបិណ្ឌនៅតាមឃឿនព្រះវិហារនេះ ពិតជាបានទៅដល់សត្វប្រេតដែលជាសាច់ញាតិឬមិនបាន នោះទេ តែខ្ញុំសូមបង្ហាញពីគោលបំណង និងគំនិតរបស់ដូនតាយើងដែលបង្កប់អត្ថន័យក្នុងពិធីនេះ ដើម្បីជាប្រយោជន៍សម្រាប់ជីវិតជាក់ស្តែងទើបប្រសើរ។
១. នៅពេលដែលយុវជន យុវនារី ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថាបោះឲ្យញាតិសន្តានដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើនមិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេមិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។ អ្នកខ្លះសូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះនិយាយផង កុំថាឡើយនិយាយ អ្នកខ្លះទៀតសូម្បីតែ មើលមុខព្រះសង្ឃក៏មិនហ៊ានទៅទៀត។ ដូច្នេះពេលយុវជនទាំងនោះមកវត្តបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយដើម្បីដាស់ស្មារតីរបស់ពួកគេឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរងចាំតែពេលបុណ្យ ទើបទៅនោះឡើយ។
២. ការមកបោះបាយបាយបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គុំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ ដើម្បីរំឮគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទាំងបីគឺ បញ្ញាគុណ ករុណា និងវិសសនគុណ។ ការថ្វាយបង្គំ រំឮកគុណព្រះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ។
៣. អ្វីដែលសំខាន់បំផុតនោះគឺ ការមកបោះបាយបិណ្ឌ អាចឱកាសដែលព្រះសង្ឃអាចដឹកនាំយុវជន
៤. ការបោះបាយបិណ្ឌ ជាឱកាសនៃការសុំសីល ស្តាប់បរាភវសូត្រ និងស្តាប់ធម៌ទេសនា។
៥. ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: