ជប៉ុន ទទូច​ប្រទេស​មជ្ឈិមបូព៌ា​«​ឲ្យ​ឈប់​ទទួល​ពលករ​កូរ៉េខាងជើង​»​ដែលជា​ប្រភព​សេដ្ឋកិច្ច​ក្រុង​ព្យុងយ៉ាង​
  • ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ​​ ម៉ោង ៧:១៩ នាទី ល្ងាច
ជប៉ុន ទទូច​ប្រទេស​មជ្ឈិមបូព៌ា​«​ឲ្យ​ឈប់​ទទួល​ពលករ​កូរ៉េខាងជើង​»​ដែលជា​ប្រភព​សេដ្ឋកិច្ច​ក្រុង​ព្យុងយ៉ាង​

​ប្រមុខ​ការទូត​ជប៉ុន លោក Taro Kono នៅ​ថ្ងៃទី​១១ កញ្ញា បាន​ទទូច​ឲ្យ​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​បញ្ឈប់​ទទួលយក​ពលក​រ​មកពី​កូរ៉េខាងជើង​ដើម្បី​ទប់ស្កាត់​កូរ៉េខាងជើង​ក្នុងការ​ទទួលបាន​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ប៉ា​លី​ស្ទីក ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជប៉ុន Japan Times ។​
TTN-Free-Banner-In-Article-PC


​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro  Kono បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កិច្ចសន្ទនា​នយោបាយ​រដ្ឋមន្ត្រី នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ដែលជា​ជំនួប​រវាង​ជប៉ុន និង​សមាជិក​ប្រទេស​អារ៉ាប់ ថា ការដាក់​សម្ពាធ​ទៅលើ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ទប់ស្កាត់​សកម្មភាព​បង្កហេតុ ដែល​គំរាមកំហែង​ដល់​សន្តិសុខ​នៅ​អាស៊ី​ខាងកើត គឺជា​រឿង​ដ៏​សំខាន់​ណាស់ ។

​លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ដល់​សមភា​គី​នៅក្នុង​កិច្ចប្រជុំ​ថា មាន​ប្រទេស​មួយចំនួន​នៅ​មជ្ឈិមបូព៌ា បានទទួល​ពលករ​ពី​ប្រទេស​កូរ៉េខាងជើង ហើយ ប្រាក់​ឈ្នួល​របស់​ក្រុម​ពលករ​ទាំងនោះ បាន​ក្លាយជា​ប្រភព​ដ៏​សំខាន់​នៃ​ចរន្ត​រូបិយវត្ថុ​សម្រាប់​ក្រុង​ព្យុងយ៉ាង ។

​ជាមួយនឹង​ការស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​កូរ៉េខាងជើង​ពី​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ប្រមុខ​ការទូត​ជប៉ុន ក៏បាន​សន្យា​ផ្តល់ជំនួយ​មនុស្សធម៌​ប្រមាណ​២៥​លា​នុដ​ល្លារ​សម្រាប់​ជនភៀសខ្លួន​បួន​ប្រទេស​ដែល​រាប់បញ្ចូល​ទាំង​អ៊ីរ៉ាក់ និង​ស៊ី​រី​ផងដែរ ។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​៣ ខែកញ្ញា​កន្លងទៅ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន នៅឯ​ទីតាំង​សាកល្បង Punggye-ri ។ វា​ជាការ​សាកល្បង​លើក​ទី​៦ របស់​កូរ៉េខាងជើង និង​ត្រូវបាន​ចាត់ទុកជា​គ្រាប់បែក​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​។ កូរ៉េខាងជើង​និយាយថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ត្រូវបាន​ផលិត​ដោយ​អ្នកវិទ្យាសាស្ត្រ​ក្នុងស្រុក​សុទ្ធសាធ ហើយ​អាច​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល