ចិន ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​កិច្ចប្រឹងប្រែង​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានធ្វើ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
  • ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ​​ ម៉ោង ៧:៣៩ នាទី ព្រឹក
ចិន ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​កិច្ចប្រឹងប្រែង​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានធ្វើ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​

​មិន​ខុសពី​សហគមន៍​អន្តរជាតិ​នោះទេ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ថ្កោលទោស​លើ​ការវាយប្រហារ​និង​ហិង្សា​ប្រដាប់អាវុធ​ដែល​បានកើត​នៅក្នុង​រដ្ឋ Rakhine ប្រទេស​មី​យ៉ាន់​ម៉ា ។ ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង នៅតែ​បន្ត​គាំទ្រ​ចំណាត់ការ និង​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ដែល​បានធ្វើ​ឡើង​កន្លង​មកលើ​វិបត្តិ​នេះ ។
TTN-Free-Banner-In-Article-PC


«​ភាគី​ចិន ពិតជា​ថ្កោលទោស​ការវាយប្រហារ ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា , គាំទ្រ​កិច្ចប្រឹងប្រែង​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការធានា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​រដ្ឋ Rakhine ហើយក៏​សង្ឃឹម​ដែរ​ថា រដ្ឋ Rakhine នឹង​អាច​ស្តារ​ស្ថិរភាព​ឡើងវិញ​កាន់តែ​ឆាប់ ហើយ​ប្រជាជន​ក្នុងស្រុក​អាច​ត្រលប់​ទៅរក​ជីវភាព​រស់នៅ​ដើម​វិញ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​ចិន​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១២ កញ្ញា ។

​សេចក្តីថ្លែងការណ៍​ក្រុង​ប៉េកាំង ដែល​ធ្វើឡើង​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បានបញ្ជាក់​បន្ថែមទៀត​ថា​៖« ចិន សង្ឃឹមថា សហគមន៍​អន្តរជាតិ ក៏​គាំទ្រ​កិច្ចប្រឹងប្រែង​ដែល​បានធ្វើ​ដោយ​មី​យ៉ាន់​ម៉ា​កន្លងមក​ដើម្បី​រក្សា​ការអភិវឌ្ឍ និង​ស្ថិរភាព​ជាតិ និង​បង្កើត​លក្ខខណ្ឌ​ល្អប្រសើរ​សម្រាប់​ការដោះស្រាយ​បញ្ហា​នៅក្នុង​រដ្ឋ Rakhine​។​»

​សូម​ជម្រាប​ផងដែរ​ថា បើតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជិត​៣០​ម៉ឺន​នាក់​ហើយ ដែល​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ។ លំហូរ​នៃ​ជនភៀសខ្លួន​ដ៏​ច្រើន​នេះ ផ្ទុះឡើង​ក្រោយពី​មានការ​ប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម នៅ​ខែសីហា​កន្លងទៅ ដែល​ខាង​អាជ្ញាធរ​អះអាងថា ក្រុម​ឧទ្ទាម​ជា​អ្នក​បង្ករឿង ។​

​កន្លងមក មិនសូវមាន​រដ្ឋ និង​ស្ថាប័ន​អន្តរជាតិ​ច្រើន​ប៉ុន្មាន​នោះទេ ដែល​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ពោលគឺ​ពួកគេ ភាគច្រើន បាន​ថ្កោលទោស និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ចេញ​វិធានការ​បន្ទាន់​ដើម្បី​បញ្ឈប់​ហិង្សា​ទាំងនោះ ដោយ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល