ប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ជូនជំនួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាលើកដំបូង
- ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ៣:៥៤ នាទី រសៀល

យោធាឥណ្ឌូណេស៊ីជញ្ជូនជំនួយឡោះងយន្តហោះ ត្រៀមបញ្ជូនទៅឲ្យជនភៀសខ្លួនរ៉ុហ៊ីងយ៉ា (រូបភាពហ្វេសប៊ុកប្រធានាធិបតីឥណ្ឌូណេស៊ី)
រដ្ឋាភិបាលក្រុងហ្សាការតា នៅថ្ងៃ១៣ កញ្ញា បានរួសរាន់បញ្ជូនជំនួយដល់ជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនពីមីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ។ ចំណាត់ការរបស់ក្រុងហ្សាការតា ធ្វើឡើងស្របពេលដែលលំហូរជនភៀសខ្លួនពីមីយ៉ាន់ម៉ាបន្តកើនឡើងក្នុងចំនួនដ៏គួរឲ្យព្រួយបារម្ភ ។

យោងតាមសារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Post កងកម្លាំងយោធាឥណ្ឌូណេស៊ី កំពុងតែរួសរាន់បញ្ជូនជំនួយតាមរយៈយន្តហោះយោធា ដែលមានផ្ទុកស្បៀងមួយចំនួនរួមមានទាំងអង្ករ ស្ករ និងឱសថជាដើម។ ប្រតិបត្តិការមនុស្សធម៌ជំនាន់ទីមួយនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។
បើតាមប្រភពព័ត៌មានដដែលនោះ ប្រតិបត្តិការមនុស្សធម៌នេះ ក៏មានរាប់បញ្ចូលក្រុមអ្នកស្មគ្រ័ចិត្តដែលជាពលរដ្ឋឥណ្ឌូណេស៊ី ១៨នាក់ ចូលរួមដើម្បីជួយសម្រួលការងារឲ្យកាន់តែឆាប់រហ័ស និងទាន់ពេលផងដែរ។ ក្រុមអ្នកស្មគ្រ័ចិត្តទាំងនេះ នឹងបំពេញប្រតិបត្តិការមនុស្សធម៌របស់ពួកគេនៅក្នុងជំរុំជនភៀសខ្លួន នៅក្នុងតំបន់ Cox Bazaar នៃប្រទេសបង់ក្លាដែស ។
តាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនភៀសខ្លួន ដែលភាគច្រើនជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ប្រមាណ៣០ម៉ឺននាក់ បានភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែសក្រោយពីមានហិង្សាប្រដាប់អាវុធនៅរដ្ឋ Rakhine នៅខែសីហាកន្លងទៅ ។
ជុំវិញបញ្ហាជនភៀសខ្លួននេះដែរ មានរដ្ឋឥស្លាម និងអង្គការអន្តរជាតិជាច្រើន បានចេញថ្លែងការណ៍ថ្កោលទោស និងទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ហិង្សា និងធានាឲ្យបានការការពារសិទ្ធិមនុស្ស និងជនស៊ីវិល ។
កន្លងទៅ ឥណ្ឌូណេស៊ី ដែលជាប្រទេសដែលមានប្រជាជនឥស្លាមច្រើនជាងគេរបស់ពិភពលោក បានចូលរួមយ៉ាងសកម្មក្នុងការជ្រោមជ្រែងឲ្យមានដំណោះស្រាយល្អប្រសើរសម្រាប់មីយ៉ាន់ម៉ា និងជាពិសេសនោះជនជាតិរ៉ូហ៊ីងយ៉ាងតែម្តង ។ ឥណ្ឌូណេស៊ី ក៏បានទទូចឲ្យសហគមន៍អន្តរជាតិ ដោយមិនត្រឹមតែថ្កោលទោស និងបន្ទោសលើហិង្សាប៉ុណ្ណោះនោះទេ តែត្រូវជ្រោមជ្រែងរកដំណោះស្រាយផងដែរ៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: