បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ថ្កោលទោស​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី ដែល​ព្រម​ធ្វើតាម​សម្តី​អតីត​ប្រមុខ​UN
  • ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ​​ ម៉ោង ១០:៣៩ នាទី យប់
បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ថ្កោលទោស​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី ដែល​ព្រម​ធ្វើតាម​សម្តី​អតីត​ប្រមុខ​UN

​សម្ព័ន្ធ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​គណបក្ស​សហភាព​សាមគ្គី និង​អភិវឌ្ឍ​(USDP) បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ថ្កោលទោស​រដ្ឋាភិបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដែល​ព្រម​អនុត្ត​តាម​អនុសាសន៍​របស់​គណៈកម្មកា​រ​ប្រឹក្សា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ដឹកនាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ។
TTN-Free-Banner-In-Article-PC


​គណបក្សនយោបាយ​មី​យ៉ាន់​ម៉ា​ចំនួន​២៩ នៅ​ថ្ងៃទី​១២ កញ្ញា បាន​ថ្លែងការណ៍​រួម ដោយបាន​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ថា​មិន​អើពើ​នឹង​សេចក្តីថ្លែងការណ៍​របស់​អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក មិន អ៊ុង​ឡាំង ស្តីពី​របាយការណ៍​ចុងក្រោយ​លើ​វិវាទ​រដ្ឋ Rakhine ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ថ្ងៃទី​១៣ សីហា ។

​តាម​ប្រភពព័ត៌មាន​ដដែល សម្ព័ន្ធ​បក្សប្រឆាំង ដែល​ដឹកនាំ​ដោយ​អតីត​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា USDP បានចាត់ទុក​ការមិន​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថា​ជា​ការមិន​ឲ្យ​តម្លៃ​លើ​ការប្រឹក្សា​យោបល់​របស់​ស្ថាប័ន​កំពូល​ជាតិ ដែល​ទទួលខុសត្រូវ​លើ​សន្តិសុខ និង​កិច្ចការ​ការពារជាតិ ហើយ​ឥរិយាបថ​នេះ ក៏​អាចធ្វើ​ឲ្យ​រាំងស្ទះ​ដំណើរការ​នៃ​ការផ្សះផ្សារ​ជាតិ​ផងដែរ ។

​សេចក្តីថ្លែងការណ៍​រប​ស់​សម្ព័ន្ធ​បក្សនយោបាយ​មី​យ៉ាន់​ម៉ា​ធ្វើឡើង​ក្រោយពី​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បានប្រកាស​បង្កើត​គណៈ​កម្ម​ការ​ថ្មី​ដើម្បី​អនុវត្តតាម​អនុសាសន៍​របស់​គណៈកម្មកា​រ​ប្រឹក្សា​លើ​រដ្ឋ Rakhine ដែល​ដឹកនាំ​ដោយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Kofi Annan ។

​បើតាម The Irrawaddy គណៈកម្មការ​ថ្មី ដែល​ទើបតែ​បង្កើត​នោះ ត្រូវ​ទទួលខុសត្រូវ​លើ​ការងារ​ព​ន្លឿ​ន​ដំណើរការ​បញ្ជាក់​សញ្ជាតិ និង​ធានា​ឲ្យ​បានការ​ទទួល​បានការ​អប់រំ និង​សេវា​សុខភាព​នៅក្នុង​រដ្ឋ​កំពុង​មាន​បញ្ហា Rakhine ដោយ​ពុំមាន​ការរើសអើង​សាសនា និង​ជាតិ​សាសន៍​ជាដើម​នោះ ។

​សូម​ជម្រាប​ផងដែរ​ថា បញ្ហា​ដែល​បាននិងកំពុង​តែ​កើតឡើង​នៅក្នុង​រដ្ឋ Rakhine ដែល​ត្រូវបាន​មើលឃើញថា​ជា​វិវាទ​រវាង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ពុទ្ធសាសនិក បាន​ចាក់​ឬ​ស​ច្រើន​ទសវត្សរ៍​មកហើយ ។ របាយការណ៍​សិទ្ធិមនុស្ស​ជាច្រើន បាន​ផ្សាយ​ថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា បាន​រង​ការរើសអើង និង​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ។

​ថ្មីៗ​នេះ លោក Kofi Annan អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​រដ្ឋ Rakhine ដែល​ទើបតែ​ផុត​អាណត្តិ​ង​ផង​ដែរនោះ បាន​ព្រមាន​ដល់​រដ្ឋាភិបាល​របស់លោក​ស្រី ស៊ូ​ជី ឲ្យ​ឆាប់​ដោះស្រាយ​វិបត្តិ​នៅក្នុង​រដ្ឋ Rakhine មុនពេល​បញ្ហា​នេះ កាន់​ធ្ងន់ធ្ងរ និង​ឈានដល់​មហន្តរាយ​មនុស្ស​ជាតិ ៕


អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព អ៊ីវិសាល