មីយ៉ាន់ម៉ា ខកចិត្តខ្លាំង ពេលប្រមុខសិទ្ធិមនុស្ស UN ប្រើពាក្យវាយប្រហារធ្ងន់លើវិបត្តិរ៉ូហ៊ីងយ៉ា
- ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១០:៥៩ នាទី ព្រឹក

តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការខកចិត្តខ្លាំងលើការប្រើពាក្យពេចន៍របស់ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងហិង្សានៅក្នុង រដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ។ មីយ៉ាន់ម៉ា បានហៅឥរិយាបថប្រមុខសិទ្ធិមនុស្សបែបនេះ ថានឹងធ្វើឲ្យតម្លៃរបស់ស្ថាប័នកំពូលមួយនេះ ត្រូវបាត់បង់ ។

លោក Htin Lynn អគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថា ការប្រើប្រាស់វាក្យសព្ទដូចជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងការសម្លាប់រង្គាលជនជាតិភាគតិចលើវិបត្តិនៅរដ្ឋ Rakhine របស់លោក Zeid Ra’ad Al Hussein គឺជារឿងមិនត្រឹមត្រូវនោះទេ ។ នេះបើយោងតាមការចុះផ្សាយរបស់ The Irrawaddy នៅថ្ងៃ១៤ កញ្ញា ។
លោកអគ្គរដ្ឋទូត បានប្រតិកម្មខ្លាំង ដោយអះអាងថា ការប្រើប្រាស់ពាក្យពេចន៍ទាំងនេះគួរតែប្រើក្នុងឥរិយបថទទួលខុសត្រូវ និងមានការបញ្ជាក់ និងកំណត់តាមច្បាប់ ។ លោក បានបញ្ជាក់បន្ថែមទៀតថា ការនិយាយក្នុងភាសាធ្ងន់ៗបែបនេះដោយគ្មានភស្តុតាងត្រឹមត្រូវ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ស្ថាប័នធា្លក់ចុះ និងធ្វើឲ្យសហគមន៍អន្តរជាតិយល់ច្រលំ ។
សូមជម្រាបថា នៅដើមសបា្តហ៍កន្លងទៅ លោកឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Zeid Ra’ad Al Hussein បានថ្លែងនៅក្នុងកិច្ចប្រជុំសិទ្ធិមនុស្សនៅក្នុងក្រុងហ្សឺណែវ ដោយបានទទូចឲ្យមីយ៉ាន់ម៉ា បញ្ឈប់ប្រតិបត្តិការសន្តិសុខព្រៃផ្សៃប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងថែមទាំងបានហៅប្រតិបត្តិការនេះថាជាគំរូនៃការសម្លាប់រង្គាលជនជាតិភាគតិចទៀតផង ។
បើតាមរបាយការណ៍របស់ភ្នាក់ងារអង្គការសហប្រជាជាតិ មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជិត៣០ម៉ឺននាក់ហើយ បានភៀសខ្លួនចេញពីរដ្ឋ Rakhine នៃមីយ៉ាន់ម៉ាទៅកាន់ប្រទេសជិតខាង ក្រោយពីមានហិង្សាប្រដាប់អាវុធបានផ្ទុះឡើងចាប់ពីខែសីហាកន្លងទៅថ្មីៗនេះ។ តាមការសម្ភាសន៍របស់សារព័ត៌មានបរទេសមួយចំនួនជាមួយនឹងជនភៀសខ្លួន មានជនភៀសខ្លួនខ្លះ បានរត់គេចជាមួយនឹងរបួសទៀតផង៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: