អាមេរិក នឹងធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង
- ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ៦:៣៩ នាទី ល្ងាច

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើគ្រប់មធ្យោបាយ ដែលមិនមែនជាការប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីបញ្ចៀសសង្គ្រាមអាវុធនុយក្លេអ៊ែរជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីរតនាគារអាមេរិក ។

ទំនងជាការប្រើប្រាស់ពាក្យពេចន៍របស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងការថ្លែងសុន្ទរកថានៃកិច្ចប្រជុំកំពូលរបស់មហាសន្និបាតអង្គការសហប្រជាជាតិបង្កើតឲ្យមានការយល់ច្រលំ ថា នឹងអាចមានសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េហើយ ទើបបានជា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមបកស្រាយ និងសម្រាលជំហររបស់អាមេរិកទៅនឹងកូរ៉េខាងជើង ។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសាព័ត៌មាន ABC News នៅថ្ងៃទី២៤ កញ្ញា លោករដ្ឋមន្ត្រីរតនាគារអាមេរិក Steve Mnuchin បានបញ្ជាក់យ៉ាងដូច្នេះថា៖«លោកប្រធានាធិបតី មិនចង់ឲ្យមានសង្គ្រាមនុយក្លេអ៊ែរឡើយ ហើយអាមេរិក នឹងធ្វើគ្រប់បែបយ៉ាងដើម្បីធានាថា សង្គ្រាមនុយក្លេអ៊ែរ នឹងមិនអាចកើតឡើងបានឡើយ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា គោលការណ៍អាទិភាពរបស់លោកប្រធានាធិបតីអាមេរិក គឺសុវត្ថិភាពរបស់ប្រជាជនអាមេរិក និងប្រជាជនរបស់សម្ព័ន្ធមិត្តអាមេរិក ។
សូមរម្លឹកផងដែរថា ឆ្លៀតឱកាសនៃការផ្តល់សុន្ទរកថាជាលើកដំបូងនៅដើមសប្តាហ៍មុននៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងនាមជាប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងយ៉ាងដូច្នេះថា៖« អាមេរិក មានជំហរ និងការអត់ធ្មត់ខ្លាំង ក៏ប៉ុន្តែប្រសិនបើ ស្ថានភាពត្រូវបង្ខំឲ្យត្រូវការពារខ្លួន និងសម្ព័ន្ធមិត្តខ្លួន អាមេរិក គ្មានជម្រើសអ្វីទៀតឡើយ ក្រៅពីកម្ទេចកូរ៉េខាងជើងនោះ»។
បើគិតចាប់ពីដើមឆ្នាំ២០១៧មក កូរ៉េខាងជើង បានបាញ់សាកល្បងទាំងអាវុធធុនស្រាល និងធុនធ្ងន់មិនតិចជាង២០ដងឡើយ ។ ការបាញ់សាកល្បងទាំងបំពានបម្រាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ បានធ្វើឲ្យមានការគំរាមកំហែងកាន់តែខ្លាំងនៅក្នុងឧបទ្វីបកូរ៉េ ជាពិសេសនោះ កូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក និងជាគូសត្រូវរបស់កូរ៉េខាងជើង ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: