ប៊ូរុនឌី៖ ប្រទេសខ្លះនៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ទោះក្នុងសវត្សរ៍ទី២១ក៏ដោយ
- ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ៧:១៩ នាទី ល្ងាច

រដ្ឋមន្ត្រីការបរទេសប៊ូរុនឌីលោក Alain Aimé Nyamitwe នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
ប្រមុខការទូតប្រទេសអាហ្វ្រិក ប៊ូរុនឌី បានយកវេទិកាកំពូលអន្តរជាតិ ដែលជាកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិដើម្បីក្រើនរម្លឹកដល់មហាអំណាចពីសិទ្ធិអធិបតេយ្យរបស់រដ្ឋនីមួយៗ។ ប៊ូរុនឌី ចង់ឃើញប្រទេសទាំងអស់អនុវត្តភាពស្មើមុខគ្នា និងការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នាទៅវិញទៅមក ដូចដែលបានកំណត់នៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។

លោក Alain Amié Nyamitwe រដ្ឋមន្ត្រីការបរទេសប៊ូរុនឌី នៅថ្ងៃ២៣ កញ្ញា បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិថា៖«ប៊ូរុនឌី ជឿជាក់ថា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ, ការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋ បានបញ្ញត្តិយ៉ាងច្បាស់រួចហើយនៅក្នុងប្រព័ន្ធអន្តរជាតិ ដែលស្របតាមបទបញ្ញត្តិរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមនៅចំពោះមុខមេដឹកនាំកំពូលពិភពលោក ថា គោលការណ៍ទាំងនេះ មិនមានការចរចាឡើយ ពោលគឺ រដ្ឋទាំងអស់ ត្រូវតែអនុវត្តដោយគ្មានលក្ខខណ្ឌ ។
ដោយមិនបានសង្កត់ធ្ងន់ឈ្មោះប្រទេស ឬមហាអំណាចណាមួយនោះ លោកប្រមុខការទូត បានអះអាងពីសារខ្លីរបស់ខ្លួនថា សេចក្តីថ្លែងការណ៍របស់ប៊ូរុនឌី មានគោលដៅ ចង់ដាស់តឿនរដ្ឋមួយចំនួន ដែលនៅតែជឿជាក់ថា ទោះជានៅក្នុងសវត្សរ៍ទី២១ហើយក៏ដោយ ពួកគេ នៅតែមានសិទ្ធិក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃជាពិសេសប្រទេសកំពុងតែអភិវឌ្ឍនោះ។
សូមជម្រាបផងដែរថា មហាសន្និបាតអង្គការសហប្រជាជាតិ កំពុងបើកកិច្ចប្រជុំពិភាក្សាទូទៅប្រចាំឆ្នាំរបស់ខ្លួន ដែលបានប្រព្រឹត្តឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ កញ្ញា ។ បណ្តារដ្ឋសមាជិកនីមួយៗ មានឱកាសក្នុងការឡើងថ្លែងចំណាប់អាមរម្មណ៍ គោលជំហររដ្ឋ និងក្តីបារម្ភរៀងៗខ្លួន ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: