មីយ៉ាន់ម៉ា ផ្តាំប្រទេសមួយចំនួនថា គ្មានការសម្លាប់បំបាត់ជាតិសាសន៍នៅមីយ៉ាន់ម៉ាឡើយ
- ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១០:៥៩ នាទី យប់

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអសប លោក Hau Do Suan (រូបភាព៖ AP)
រដ្ឋាភិបាលមីយ៉ាន់ម៉ា ហាក់ដូចជាខកខិត្តខ្លាំង នៅពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានក្លាយជាវេទិកាសម្រាប់ស្តីបន្ទោសមីយ៉ាន់ម៉ារឿងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅវិញ ។ ក្រុងរ៉ងហ្គូន បានថែមទាំងប្រាប់សហគមន៍ជាតិថា មិនមានការសម្លាប់ជាតិសាសន៍នៅមីយ៉ាន់ម៉ាដូចការចោទប្រកាន់របស់ប្រទេសមួយចំនួនឡើយ ។

អគ្គរដ្ឋទូតមីយ៉ាន់ម៉ា និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ លោក Hau Do Suan នៅថ្ងៃ ២៥ កញ្ញា ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំមហាសន្និបាត បានប្រើសិទ្ធិឆ្លើយតបរបស់អង្គការសហប្រជាជាតិដើម្បីបំភ្លឺពីបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបញ្ហា ដែលសហគមន៍អន្តរជាតិ កំពុងតែសំឡឹងមិនដាក់ភ្នែកនោះ ។
លោកអគ្គរដ្ឋទូត បានថ្កោលទោស និងហៅការថ្លែងសុន្ទរកថារបស់ប្រទេសមួយចំនួនលើវិបត្តិនៅក្នុងរដ្ឋ Rakhine ថាគ្មានការទទួលខុសត្រូវ ជាពិសេសនោះ គឺការពិពណ៌នាវិបត្តិនោះថាជាការសម្លាប់បំបាត់ជាតិសាសន៍ ។ លោកអគ្គរដ្ឋទូត បានពន្យល់ថា បញ្ហាដែលបានកើតឡើងនៅក្នុងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្កឡើងដោយក្រុមភេវរជននោះទេ ។
បន្ថែមពីការជំទាស់ទៅនឹងការលើកឡើងរបស់ប្រទេសមួយចំនួន ដែលមីយ៉ាន់ម៉ា មិនចង់បញ្ចេញឈ្មោះនោះ តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ា បានអះអាងជាថ្មីពីជំហររបស់ខ្លួន ថា រដ្ឋាភិបាល បាននិងកំពុងតែធ្វើការដើម្បីស្តារស្ថានភាពដើម និងផ្តល់អាទិភាពលើកិច្ចការមនុស្សធម៌នៅតំបន់ប៉ះពាល់។ ជាពិសេសនោះ មីយ៉ាន់ម៉ា ក៏បានប្តេជា្ញចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយស្ថានភាព និងព្រមអនុវត្តតាមអនុសាសន៍ដែលធ្វើដោយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Kofi Annan ។
តាមពិតទៅ តំណាងមីយ៉ាន់ម៉ា បានផ្តល់សុន្ទរកថា ក៏ដូចជាការពន្យល់នានាជុំវិញព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសខ្លួននៅចំពោះមុខសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិទាំង១៩៣ នៅថ្ងៃទី២០ កញ្ញារួចម្តងទៅហើយ ។ ការណ៍ដែលតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ា ចេញប្រតិកម្មនេះ ធ្វើឡើងបន្ទាប់រដ្ឋមួយចំនួន ដែលរាប់បញ្ចួលទាំងបង់ក្លាដែស បានវាយប្រហារខ្លាំងៗទៅមីយ៉ាន់ម៉ា រឿងវិបត្តិនៅក្នុងរដ្ឋRakhine ។
សូមជម្រាបផងដែរថា ក្រោយពីមានប្រតិបត្តិការវាយបករបស់អាជ្ញាធរមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមឧទ្ទាម ដែលបានវាយប្រហារទៅលើអាជ្ញាធរជាច្រើនកន្លែងនៅក្នុងរដ្ឋRakhine នៅចុងខែសីហាកន្លងទៅ មានជនជាតិរ៉ូហ៊ីងយ៉ា មិនតិចជាង៣០ម៉ឺននាក់ឡើយ បានភៀសខ្លួនទៅកាន់បង់ក្លាដែស ។ ចំនួននៃការភៀសខ្លួនដ៏ច្រើនលើសលប់នេះ ត្រូវបានរាយការណ៍ថា ក៏បានជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ាផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: