សន្តិភាពទីម័រខាងកើត ជាគំរូមួយ ដែលបង្ហាញថាអង្គការសហប្រជាជាតិពិតជាបានធ្វើការយ៉ាងសកម្ម
- ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១០:២៥ នាទី ព្រឹក

ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋក្មេងខ្ចីអាស៊ីអាគ្នេយ៍ ទីម័រខាងកើត បានសម្តែងការពេញចិត្តក្នុងដំណើរស្តារ និងកសាងសន្តិភាពរបស់ខ្លួន ដោយថែមទាំងអះអាងថា នេះ ក៏ជាគំរូមួយ ដែលបង្ហាញថាអង្គការសហប្រជាជាតិ ពិតជាបានធ្វើការរបស់ខ្លួនយ៉ាងសកម្មភាពក្នុងការសង្គ្រោះអាយុជីវិតជនស៊ីវិល និងសន្តិភាពពិភពលោក ។

លោក Francisco Guterres Lú Olo ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំមហាសន្និបាត បានថ្លែងថា៖ «ប្រវត្តិសាស្ត្រថ្មីដែលទើបតែបានកើតនៅក្នុងប្រទេសទីម័រខាងកើត បានបង្ហាញឲ្យយើងបានដឹងថា នៅពេលអង្គការសហប្រជាជាតិចេញមុខដើម្បីស្រោចស្រង់ជនស៊ីវិល អង្គការមួយនេះ រួមទាំងច្បាប់អន្តរជាតិ បានក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការដោះស្រាយជម្លោះ និងស្តារឡើងវិញនូវសន្តិភាព» ។
លោក បន្ថែមថា ចំណាត់ការដែលចូលរួមដោយព័រទុយហ្គាល់ ឥណ្ឌូណេស៊ី អូស្ត្រាលី និងអាមេរិក និងមានការជ្រោមជ្រែងពីសហភាពអីរ៉ុប និងមហាអំណាចមួយចំនួនទៀត គឺជាសាក្សីរស់របស់អង្គការសហប្រជាជាតិ ក្នុងការសង្គ្រោះអាយុជីវិត និងជួយធ្វើឲ្យពិភពលោកក្លាយជាទីដែលមានសុវត្ថិភាព ។
លោកប្រធានាធិបតី លើកឡើងថា តាមរយៈការជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិ គិតចាប់ពីប្រទេស ទទួលបានឯករាជ្យនៅឆ្នាំ២០០២ ទីម័រខាងកើត បានវិវត្តគួរកត់សម្គាល់ជាបន្តបន្ទាប់ក្នុងការកសាងសន្តិភាព និងការផ្សះផ្សារជាតិទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ និងជាពិសេសនោះការអភិវឌ្ឍប្រកបដោយចីរភាព សុខភាព និងវិស័យអប់រំជាដើម ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: