តើឥស្សរជនរូបណាខ្លះដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស?
- ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:៣៩ នាទី ព្រឹក

អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោក Roland Dumas (កណ្តាល) ជួបជាមួយព្រះបរមរតនកោដ្ឋ និងសម្តេច ហ៊ុន សែន នៅមុនជំនួបក្រុងប៉ារីស។ រូបថត AFP
កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានរៀបចំឡើងដើម្បីថែរក្សា និងការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា បន្ទាប់ប្រទេសដ៏កម្សត់មួយនេះ បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។

យោងតាមឯកសារស្តីពី «កិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា» គេហទំព័រថ្មីៗ សូមធ្វើការបង្ហាញឈ្មោះឥស្សរជន និងតំណាងប្រទេសហត្ថលេខីនានាដែលបានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ដ៏សំខាន់នេះ។
អ្នកការទូតនៃបណ្តារដ្ឋដែលបានចូលរួមក្នុងសន្និសីទទីក្រុងប៉ារីស ស្តីពីកម្ពុជា មានចំនួន១៩ ដែលក្នុងនោះមានកម្ពុជាខ្លួនឯងផ្ទាល់ រួមទាំង អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ សហភាពសូវៀត ចក្រភពអង់គ្លេស (និងអៀរឡង់ខាងជើង) សហរដ្ឋអាមេរិក វៀតណាម និងយូហ្គោស្លាវី (តំណាងចលនាមិនចូលបក្សសម្ព័ន្ធ)។
កិច្ចព្រមព្រៀងនេះ បានកំណត់ស្តីពីដំណោះស្រាយនយោបាយរួមនៃជំលោះកម្ពុជា ដោយចែងអំពីភារកិច្ចរបស់អាជ្ញាធរអ៊ុនតាក់ ការដកទ័ព ការឈប់បាញ់ និងវិធានការពាក់ព័ន្ធ ការបោះឆ្នោត មាតុភូមិនិវត្តន៍នៃជនភៀសខ្លួន រួមទាំងគោលការណ៍សម្រាប់ធម្មនុញ្ញថ្មីមួយរបស់កម្ពុជា។

សន្និសីទបានប្រព្រឹត្តទៅដោយមានសម័យប្រជុំពីរលើក លើកទីមួយពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៨៩ ហើយលើកទីពីរពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានលោក Roland Dumas រដ្ឋមន្ត្រីការបរទេសបារាំង និងលោក Ali Alatas រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ជាសហប្រធាន។
នាកិច្ចប្រជុំលើកទីមួយ កម្ពុជាត្រូវបានតំណាងដោយ៤ភាគី គឺភាគីរដ្ឋកម្ពុជា ភាគីខ្មែរក្រហម ភាគីរណសិរ្សរំដោះប្រជាជនខ្មែរ និងភាគីសីហនុនិយម (ហ្វ៊ុនស៊ិនប៉ិច) ហើយនាកិច្ចប្រជុំលើកទីពីរ កម្ពុជាត្រូវបានតំណាងដោយសម្តេច នរោត្តម សីហនុ ដែលត្រូវបានជ្រើសតាំងជាឯកច្ឆ័ន្ទជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃ កម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ នៅប៉េកាំង។
នាពេលនោះ ក៏មានការចូលរួមផងដែរពីអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Javier Perez de Cuellar និងតំណាងពិសេស គឺលោក Rafeeuddin Ahmed រីឯលោកប្រធានាធិបតីបារាំង François Mitterrand ក៏បានអានសុន្ទរកថាចំពោះអង្គសន្និសីទ។
គណៈកម្មការការងារចំនួនបីដែលត្រូវបានបង្កើតឡើងនាកិច្ចប្រជុំ លើកទីមួយ។ គណៈកម្មការទីមួយពិភាក្សាលើបញ្ហាយោធា ដោយមានលោក C.R. Gharenkhan (ឥណ្ឌា) និងលោក Allan Sullivan (កាណាដា) ជាសហប្រធាន ហើយលោកស្រី Victoria Sisante-Bataclan (ហ្វីលីពីន) ជាអ្នករាយការណ៍។ គណៈកម្មការទីពីរ ពិភាក្សាលើការធានាជាអន្តរជាតិ ដោយលោក Soulivong Pharasithideth (ឡាវ) និងលោក Dato’ Zainal Abidin Ibrahim (ម៉ាឡេស៊ី) ជាសហប្រធាន រីឯលោក Herve Dejean de la Batie (បារាំង) ជាអ្នករាយការណ៍។ គណៈកម្មការទីបី ពិភាក្សាលើបញ្ហាមាតុភូមិនិវត្តន៍នៃជនភៀសខ្លួន ជនផ្លាស់ប្តូរទីកន្លែង និងការកសាងប្រទេសកម្ពុជាឡើងវិញ ដោយលោក Yukio Imagawa (ជប៉ុន) និងលោក Robert Merrillees (អូស្ត្រាលី) ជាសហប្រធាន លោក Ronachuck Swasdikiat (ថៃ) ជាអ្នករាយការណ៍។
សន្និសីទក៏បានបង្កើតផងដែរនូវគណៈកម្មាធិការចំពោះកិច្ច (Ad Hoc) ដែលមានតំណាងរបស់ភាគីទាំងបួនរបស់កម្ពុជាសមាជិក និងដឹកនាំដោយតំណាងរបស់សហប្រធានទាំងពីរនៃសន្និសីទ។ ឥស្សរជនកម្ពុជាមាន១២អង្គ-រូប ដែលបានចុះព្រះហស្តលេខា និងហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពរួមទាំងប្រទេសជាហត្ថលេខីចំនួន១៨ផ្សេងទៀត។
ឥស្សរជនរបស់កម្ពុជានាពេលនោះ រួមមាន សម្តេច នរោត្តម សីហនុ ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ តំណាងរដ្ឋកម្ពុជា (លោក ហ៊ុន សែន លោក ឌិត មន្ទីរ លោក ស៊ិន សេន លោក ទៀ បាញ់ លោក ហោ ណាំហុង និងលោក អ៊ឹម ឈុនលឹម) តំណាងខ្មែរក្រហម (លោក ខៀវ សំផន និងលោក សុន សេន) តំណាងរណសិរ្សរំដោះប្រជាជនខ្មែរ (លោក សឺន សាន និងលោក អៀង មូលី) តំណាងអ្នកសីហនុនិយម ឬហ្វ៊ុនស៊ិនប៉ិច (ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ)៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: