លោក លី ធុជ ឡើងជាអនុប្រធានទី១នៃអាជ្ញាធរមីនជំនួសលោក សេរី កុសល
- ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០១៨ ម៉ោង ៨:១៩ នាទី យប់

លោក លី ធុជ (ឆ្វេង) ឡើងកាន់តំណែងអនុប្រធានទីមួយអាជ្ញាធរមីនជំនួសលោក សេរី កុសល
ភ្នំពេញ៖ ព្រះមហាកក្សត្រ ចេញព្រះរាជក្រឹត្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២0១៨ ដោយបញ្ចប់តំណែងលោក សេរី កុសល ពីអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ បន្ទាប់ពីបញ្ចប់តំណែងលោក សេរី កុសល ដែលមានឋានៈជាទេសរដ្ឋមន្ត្រី ត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

បើតាមព្រះរាជក្រឹត្យ លោក លី ធុជ ដែលជាអគ្គលេខាធិការ និងជាអនុប្រធានទី២ នៃអាជ្ញាធរកម្ចាត់មីន ត្រូវបានតែងតាំងជាអនុប្រធានទី១ ជំនួសលោក សេរី កុសល។
ក្រៅពីតំណែងអនុប្រធានទី១និងអនុប្រធានទី២ ព្រះករុណា ព្រះមហាក្សត្រ ក៏បានផ្លាស់ប្តូរតំណែងក្នុងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរកម្ចាត់មីនដែរ។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានឲ្យដឹងថា លោក ប្រាក់ សុខយូរ និងលោក ទូច ភាព ត្រូវបានបញ្ចប់តំណែងជាអគ្គលេខាធិការរងនៃអាជ្ញាធរកម្ចាត់មីន ហើយផ្ទេរអ្នកទាំងពីរ ឲ្យទៅធ្វើជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រីវិញ។
ផ្អែកលើព្រះរាជក្រឹត្យដដែល លោក ព្រំ សុភមង្គល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងអគ្គលេខាធិការនៃអជ្ញាធរកម្ចាត់មីន ជំនួសលោក លី ធុជ។ រីឯលោក ទេព កល្យាណ ដែលជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសដែរនោះ ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងអគ្គលេខាធិការរងនៃអាជ្ញាធរកម្ចាត់មីន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: